Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្លាំងប៉េអឹម ២៥០នាក់ ចុះទៅពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងប៉េអឹម ២៥០នាក់ ចុះទៅពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ចំនួន២៥០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ក្រោយពីបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទ ល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ចំនួន ២៥០នាក់ ទៅកាន់ខេត្តពោធិ៍សាត់។ កម្លាំងកងរាជអាវុធហត្ថទាំង ២៥០នាក់ ត្រូវបានបញ្ជូនមកដល់ខេត្តពោធិ៍ សាត់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកអភិបាលខេត្តពោធិ៍ សាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ចំពោះគោលដៅទីតាំងភូមិសាស្ត្រ ដែលត្រូវប្រតិបត្តិការជាអាទិភាព មាន៤ឃុំ និង១៤ចំណុចធំៗ ក្នុងនោះ ៖

ទី១-នៅឃុំថ្មដា ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង។

ទី២-នៅឃុំអន្លង់រាប ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ចំណុចជើងភ្នំខ្មោច ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ចំណុចដីសហគមន៍ក្រាំងរងៀង ឃុំអន្លង់រាប ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប។

ទី៣-នៅឃុំក្រពើពីរ ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ ឃុំក្រពើពីរ ព្រំប្រទល់ស្រុកវាលវែង និងស្រុកសំឡូត ខេត្តបាត់ដំបង ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មចាំង ភូមិក្រពើពីរលើ ឃុំក្រពើពីរ ចំណុចភ្នំតាងិល នៅចំណុចប្រសព្វរវាងភូមិអូរតាទិន ភូមិសំឡាញ និងភូមិកុំប៉ង ឃុំក្រពើពីរ ចំណុចស្រែយក្ស ភូមិកុំប៉ង ឃុំក្រពើពីរ ចំណុចខ្នងភ្នំព្រះអាទិត្យ ភូមិបឹងរំលេច ឃុំក្រពើពីរ ព្រំប្រទល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

និងទី៤-នៅឃុំប្រម៉ោយ ចំណុចអូរទី២ ចំណុចជើងភ្នំសុគន្ធ ចំណុចអូរតាសូ ចំណុចអូរក្បាលខ្ទីង និងចំណុចអូរបេង ឃុំប្រមោយ ជាចំណុចប្រសព្វ ៤ភូមិ ភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ ឃុំប្រមោយ ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ភូមិដូននាគ ឃុំប្រមោយ,ចំណុចម៉ុងរី ភូមិដូងឃ្លៀង ឃុំប្រម៉ោយ ព្រំប្រទល់ជាមួយស្រុកភ្នំក្រវាញ។

បេសកកម្មនេះ មានរយៈពេល មួយខែ និងបន្តដូចភ្លៀងរលឹម នៅក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឱ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្រប និងដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេសស្រុកវាលវែង។

ទន្ទឹមនឹងនោះកម្លាំងជំនាញកងរាជអាវុធហត្ថ នឹងធ្វើការអង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តិបទល្មើស និងជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃ ទន្ទ្រានយកដីរដ្ឋ និងដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ស្របតាមនីតិវិធីនៃច្បាប់ ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ ដោយខុសច្បាប់ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ។

ក្នុងនោះផងដែរ លោកអ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុន តាមសំណូមពររបស់លោកអភិបាលខេត្ត ចំនួន១០០លានរៀល ប្រេងសាំង ១០ ០០០លីត្រ។ នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០ ០០០លីត្រ។ សរុបថវិកា ២០០លានរៀល ប្រេងសាំង ២០ ០០០លីត្រ សម្រាប់កម្លាំងចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន ៖

១- ការអនុវត្តច្បាប់ ១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។

២- ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតល្មួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ។

៣- បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។

៤- ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០។

ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ឱ្យបានគង់វង្ស ដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រុមការងារបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយ ណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព និងយល់ព្រម ចាកចេញពីទីតាំងដែលខ្លួនបានកាប់ទន្ទ្រានយកដោយអនាធិបតេយ្យ ក្នុងរយៈពេលកន្លងមក។

ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ កើតមានសាជាថ្មី និងធានាឱ្យបាននូវការគ្រប់គ្រងថែ រក្សាទ្រព្យសម្បត្តិជាតិដ៏កម្រ ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ មាត្រា៦១ មាត្រា៦២ ដែលបានចែងអំពីទោសប្បញ្ញត្តិ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រគល់ភារកិច្ចការងារពាក់ព័ន្ធនឹងការចុះបង្ក្រាប ការពារ ថែរក្សាធនធានធម្មជាតិ ជូនទៅកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ អាជ្ញាធរដែនដីថ្នាក់ស្រុក ឃុំ ភូមិ សហគមន៍នៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅក្នុងតំបន់នីមួយៗ ក្រោមការដឹក នាំបញ្ហាផ្ទាល់ដោយប្រធានអនុគណៈកម្មការទាំង ១០ក្រុម ដែលមានភ្ជាប់ជាមួយនូវទីទីតាំងដីដែលបានបង្ក្រាប និងឃ្មុំទុកកន្លងមក ដើម្បីស្តារព្រៃឈើឡើងវិញ…៕

RELATED ARTICLES