Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់មនុស្សច្រឡំ ពលរដ្ឋព័ទ្ធចាប់វិញ

ចាប់មនុស្សច្រឡំ ពលរដ្ឋព័ទ្ធចាប់វិញ

ភ្នំពេញ ៖ យុវជន ២នាក់ ត្រូវបានជនស៊ីវិលមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់និងឃាត់ឆែកឆេរ ដោយចោទ ប្រកាន់ថា ជិះម៉ូតូបុកគេ ហើយព្យាយាមរត់ លុះក្រោយពីឆែកអត់ឃើញអី ក៏ឆ្លើយថា ច្រឡំ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ទាក់ឃាត់ក្រុមជនស៊ីវិលទាំងនោះ មិនឱ្យទៅណា និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ក៏ឆ្លើយថា ជាកម្លាំងជំនាញគ្រឿងញៀន តាមមុខសញ្ញា និងចាប់ច្រឡំមនុស្ស។ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ក្នុងចំណុចភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាចេញមកពីម្តុំវត្តភ្នៀតសិម្ពលី លុះធ្វើដំណើរមកដល់ឈូកវ៉ា២ ស្រាប់តែត្រូវបានកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀន មួយក្រុម ស្លៀកពាក់ខោអាវស៊ីវិល ជិះម៉ូតូដេញតាមស្ទាក់ ពួកគាត់ឱ្យឈប់ នៅពេលនោះជនរងគ្រោះទាំងពីរនាក់ភ័យ មិនព្រមឈប់ ក៏នាំគ្នាជិះម៉ូតូរត់គេចរហូតមកដល់ចំណុចខាងលើ រត់លែងរួច ក៏ត្រូវបានជនស៊ីវិលទាំងនោះឃាត់ខ្លួន ដោយចោទថា បុកគេរត់ និងធ្វើការឆែកឆេរខ្លួនប្រាណ ដោយមិនមានអ្វី ក៏ឆ្លើយថា ច្រឡំទៅវិញ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ចេញមករោមព័ទ្ធជុំវិញឃាត់ជនស៊ីវិល មិនឱ្យទៅណា លុះខាងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ សួរនាំ ក៏ឆ្លើយបកស្រាយប្រាប់ប្រជាពលរដ្ឋថា ជាកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចុះធ្វើការងារតាមរក មុខសញ្ញាសង្ស័យ តែឃាត់ច្រឡំមនុស្ស ទើបប្រជា ពលរដ្ឋយល់ព្រមលែងឃាត់វិញ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបកស្រាយបញ្ជាក់ប្រាប់ថា ជាការយល់ច្រឡំ ឃាត់ខុសមុខសញ្ញា រួចក៏ឱ្យជនរងគ្រោះទាំងពីរនាក់ ត្រឡប់ទៅវិញ។ ចំណែកប្រជាពលរដ្ឋ បានបំបែកជួរ នាំគ្នាចូលផ្ទះរៀងៗខ្លួនអស់៕

RELATED ARTICLES