Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រមូលសំរាមដុត រាលឆេះផ្ទះ២ខ្នង

 ប្រមូលសំរាមដុត រាលឆេះផ្ទះ២ខ្នង

ភ្នំពេញ ៖ ជនមិនស្គាល់មុខម្នាក់ បានប្រមូលសំរាមដុតនៅក្បែរផ្លូវរថភ្លើង ស្រាប់តែក្រោយមក បានរាលឆេះដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ ចំនួន២ខ្នង បង្កឱ្យរងការខូចខាតទាំងស្រុង ចំណែកជនបង្កហេតុ បានរត់គេចខ្លួនបាត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចម្តុំត្រឡោកបែក តាមផ្លូវរថភ្លើងកែងផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ផ្ទះដែលរងការឆាបឆេះទាំង២ខ្នង ទី១-ផ្ទះសង់ពីឈើ ប្រក់ហ្វីប្រូ មានទំហំ១០ម៉ែត្រ គុណនឹង១០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះជុំ នាងពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងប្រពន្ធឈ្មោះនី ម៉ារីណែត អាយុ៣២ ឆ្នាំ មុខរបរបើកអ៊ីនធឺរណិត អនឡាញ និងទី២-ផ្ទះសង់ពីឈើប្រក់ស័ង្កសី និងសង់ពីថ្មនៅខាងមុខ មានទំហំ៦ម៉ែត្រ គុណនឹង១០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះអ៊ុក ចាន់ថន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងប្រ ពន្ធឈ្មោះផេង ឡង់ឌី អាយុ ៥១ឆ្នាំ មុខរបរជាអ្នកអនាម័យមន្ទីរពេទ្យកាល់ម៉ែត។

តាមប្រភពម្ចាស់ផ្ទះរងគ្រោះទី១ បានឱ្យដឹងថា ផ្ទះរបស់គាត់ រស់នៅ៣នាក់ ប្តីប្រពន្ធនិងកូនប្រុសម្នាក់។ មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាចេញទៅក្រៅ ដោយមិនបានយកសម្ភារៈទៅជាមួយបន្តិចនោះឡើយ លុះបន្ទាប់មក មានបងប្អូនប្រជាពលរដ្ឋទាក់ទងប្រាប់គាត់ថា ផ្ទះគាត់ ត្រូវបានភ្លើងឆេះខ្ទេចអស់ទៅហើយ។

ចំណែកម្ចាស់ផ្ទះរងគ្រោះទី២ បានប្រាប់ថា ផ្ទះគាត់មានគ្នារស់នៅ៥នាក់ ហើយមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់កំពុងដេកលក់ ឮសំឡេងភ្លើងឆេះ ក៏នាំគ្នារត់ចេញពីផ្ទះ ហើយមិនបានយកសម្ភារៈនិងទ្រព្យសម្បត្តិបន្តិចឡើយ។

ដោយឡែក តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា មុនកើតហេតុ មានជនមិនស្គាល់មុខ បានមកដុតសំរាម នៅក្បែរផ្លូវរថភ្លើង ជាប់ផ្ទះកើតហេតុខាងលើ រួចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ ចំនួន២ខ្នង យ៉ាង សន្ធោសន្ធៅតែម្តង ហើយភ្លាមនោះប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាទាញទុយោទឹក បាញ់ទប់ស្កាត់ដែរ តែដោយសារភ្លើងឆេះខ្លាំងពេក ទើបរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយមក សមត្ថកិច្ចប្រញាប់ទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កងកម្លាំងរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន១៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ស្មើនឹង៩០ម៉ែត្រគូប។ ក្នុងនោះ មានជំនួយពីរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន៣ គ្រឿង ប្រើប្រាស ទឹកអស់ ៣រថយន្ត ស្មើនឹង ១៨ម៉ែត្រគូប។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានបញ្ចប់ទាំងស្រុង (ភ្លើងរលត់អស់) នៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ គ្រាន់តែឆេះខូចខាតផ្ទះ ចំនួន២ខ្នង រួមទាំងសម្ភារនៅក្នុងនោះអស់ទាំងស្រុង។ ចំពោះមូលហេតុ បណ្តាលមកពីមានជនមិនស្គាល់មុខ ប្រមូលសំរាមដុត ធ្វើឱ្យឆេះរាលដល់ផ្ទះខាងលើទាំង២ខ្នងតែម្តង៕

RELATED ARTICLES