Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីចង់លោតទឹក អត់ហ៊ានលោត អង្គុយយំលើស្ពាន

ស្ត្រីចង់លោតទឹក អត់ហ៊ានលោត អង្គុយយំលើស្ពាន

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែធ្វើដំណើរឡើងមកលើស្ពានកោះនរា បម្រុងលោតទឹកសម្លាប់ខ្លួន តែមិនហ៊ានលោត បែរជាអង្គុយទួញយំនៅលើស្ពាន រួចឡាយវីដេអូហៅប្តីមកលួងលោម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងសន្តិសុខ រួមនិងអ្នកសារព័ត៌មាន ជួយលួងលោមអស់ រាប់ម៉ោង ទម្រាំបុរសជាប្តី បានដឹងដំណឹង មកដល់ នាំប្រពន្ធត្រឡប់ទៅវិញ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកដំណើរឆ្លងកាត់ស្ពានកោះនរា បានប្រាប់កម្លាំងសន្តិសុខដែលយាមប្រចាំការនៅស្ពានកោះនរា ថាមានស្ត្រីម្នាក់អង្គុយទួញយំនៅលើស្ពាន ទំនងជាមានបំណងគិតខ្លីតែ។ ភ្លាមនោះ កម្លាំងសន្តិសុខ បានប្រញាប់ឡើងទៅលើស្ពាន និងបានប្រទះឃើញស្ត្រីរូបនេះទួញយំ និងឡាយវីដេអូរៀបរាប់ពីវិបត្តិរបស់ខ្លួន។

ក្រោយពីប្រទះឃើញស្ថានភាពរបស់ស្ត្រីខាងលើ ទួញយំបណ្តើរ ឡាយវីដេអូបណ្តើរ នៅលើស្ពានបែបនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងសន្តិសុខយាមក្នុងតំបន់នោះ នាំគ្នាសាកសួរនិងលួងលោមស្ត្រីខាងលើ កុំឱ្យគិតខ្លី ទើបនាងរៀបរាប់រឿងរ៉ាវក្នុងចិត្ត ចេញមកអស់តែម្តង។

ស្ត្រីខាងលើ បានទួញយំរៀបរាប់ថា នាងមានបញ្ហាផ្លូវចិត្ត រងសម្ពាធគ្រួសារ ត្រូវគ្រួសាររបស់នាងវាយដំ ហើយប្តីក៏មិនយល់ចិត្តទៀត ទើបធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត ក៏ធ្វើដំណើរពីផ្ទះមកកាន់ស្ពានកោះនរា រួចអង្គុយឡាយយំនៅក្បែរបង្កាន់ដៃស្ពាន រយៈពេលយូរ ក្នុងបំណងចង់ បញ្ចប់ជីវិតតែម្តង។

ដោយឡែក តាមប្រភពសន្តិសុខយាមក្នុងតំបន់នោះ ១រូប បានបង្ហើបប្រាប់ថា ស្ត្រីខាងលើនេះ ទំនងជាមានបញ្ហាសតិមិនល្អ ព្រោះឧស្សាហ៍ឃើញនាងនិយាយម្នាក់ឯង នៅក្រោមដើមឈើ ម្តុំកោះពេជ្រ ញឹកញាប់ដែរ។

ក្រោយពេលកើតហេតុ សន្តិសុខនិងអ្នកសារព័ត៌មាន បាននាំគ្នាលួងលោមស្ត្រីរូបនោះ ឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះនៅទីនោះគ្រោះថ្នាក់ ហើយក្រោយមក ក៏ឃើញបុរសជាប្តីស្ត្រីខាងលើ បានមកដល់ និងព្យាយាមលួងលោមប្រពន្ធ អស់ពេលយ៉ាងយូរ ទម្រាំប្រពន្ធយល់ព្រមត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES