ភ្នំពេញ៖ពេញ១ឆ្នាំ២០២៣ មាស សុខសោភា អត់ចូលច្រៀងនៅផលិតកម្មខាងក្រៅណាទាំងអស់ក្រោយចេញពីរាម តែនាងសម្ងំច្រៀងនៅផលិតកម្មខ្លួនឯងCamtrax Music ដែលមានស្វាមីនាង លោក អ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រងនិងដឹកនាំផលិតMV ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមានសុខសោភា ថាបើនាងនៅតែបន្ដច្រៀងផលិតកម្មផ្ទាល់ខ្លួន ធ្វើថៅកែផង ច្រៀងផងបែបនេះទៀតនោះសោភា នឹងពិបាកប្រជែងទីផ្សារ ពីព្រោះធនធានមនុស្សតិច គ្មានអ្វីថ្មី ឬចេញបទដដែល …។ក្រោយមានការលើកឡើងបែបនេះអ្នកគាំទ្រសុខសោភា រងចាំមើលថាតើនៅឆ្នាំ២០២៤ នេះសោភា នឹងទៅចូលច្រៀងនៅផលិតកម្មណា ?ឬមួយនាងបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនបន្ដទៀត ?
ចម្លើយបានបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថាមាស សុខសោភា នៅតែច្រៀងនៅផលិតកម្មខ្លួនឯងទៀតមែនគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ។សុខសោភា បានជូនដំណឹងទៅFan របស់នាងនូវបទថ្មីរបស់នាង”2Am “ដែលនឹងចេញ Full MV ឆាប់ៗនេះ ហើយតាមរយៈTrailer MV នោះសុខសោភា បានថតជាមួយជនជាតិបរទេសជាមួយឈុតរ៉ូបសម្រិតសម្រាំងជាពិសេសនិងមានឈុតខ្លះបែបមើលទៅស្រើបស្រាលទៀតផង ដែលបទនេះ នឹងចេញ នៅ Camrax Music ។ប្រភពបានឲ្យដឹងថាសុខសោភា លើកនេះក៍មិនខុសពីមុនៗដែរ ពោលគឺ ការថតMV ទោះមានឈុតខ្លះបែបរោលរាល ដាស់អារម្មណ៍បន្ដិចមែន តែនាងត្រូវបានស្វាមី គាំទ្រយ៉ាងពេញទំហ៊ឹងតែម្ដង ព្រោះភាគច្រើនបទទាំងនោះនៅផលិតកម្មនាង គឺប្ដីនាងជាDirector តែម្ដង។ព័តមានបានឲ្យដឹងថាកុំថាឡើយMV រាងក្ដៅសាច់ប៉ុណ្ណោះ ប្ដីសោភា មិនខឹង ប៉ុន្ដែមានពេលខ្លះលោកឆន សុវណ្ណារាជ អោបថើបសុខសោភា លោករ៉ាដា ជាអ្នកថតរូបភាពនោះឲ្យថែមទៀតផង ដែលចំណុចទាំងនេះហើយនាំឲ្យសោភា ពេញចិត្តប្ដីស្ដូក ព្រោះតែនាងចង់កាន់ដៃបុរសម្នាក់ដែលស្គាល់និងយល់ច្បាស់ពីអាជីពរបស់នាង មិនប្រចណ្ឌ ឬហួងហែង ដែលប្រុសនោះគឺលោកអ៊ឹត រ៉ាដា មានគ្រប់ចំណុចទាំងអស់ ហេតុនេះហើយបានជាពួកគេបានកាន់ដៃគ្នាអស់រយៈពេល១៧ឆ្នាំ ដោយគ្មានរង្គើរស្នេហាបែបនេះ។
គូរបញ្ជាក់ថាការតាំងចិត្តច្រៀងនៅផលិតកម្មខ្លួនឯងជាបន្ដទៀតរបស់មាស សុខសោភា នាពេលនេះក្រោយពីមានផលិតកម្មដល់ទៅ៣ចាំត្រងទទួលយកនាងព្រមគ្នានោះគឺហង្សមាស ,Galaxy និងថោន តែសោភា បែជាមិនចាប់អារម្មណ៍ទៅវិញ ដោយនាងយល់ថាសម័យនេះទៅហើយច្រៀងមិនបាច់មានផលិតកម្មក៍ល្បីបានដែរ …។ប្រភពបានឲ្យដឹងថាសុខសោភា យូៗទើបចេញបទថ្មី១ ហើយការច្រៀងសម្ដែងរបស់នាងតាមឆាកតន្រ្ដីធំៗភាគច្រើនគឺលើកយកបទល្បីចាស់ៗរបស់ខ្លួនច្រៀងឡើងវិញដោយកែភ្លេងថ្មី ដែលនេះគឺជាភាពឆ្លាតវៃរបស់នាងព្រោះសិល្បៈគឺជាការកែច្នៃ ហើយមិនមែនមានតែនាងម្នាក់ទេ ប៉ុន្ដែតារាល្បីៗជាច្រើនក៍ធ្វើដូចនាងដែរ។
ក្រៅពីមាស សុខសោភា តារាដែលបើកផលិតកម្មផ្ទាល់ខ្លួនមានដូចជាអ្នកនាងព្រំ រដ្ឋា,ខាន់ ជេមស៍ និងសាវិន ហ្វីលីព ជាដើម តែក្នុងនោះខ្លះជោគជ័យ ខ្លះបរាជ័យនិងនៅតែឆ្លៀតច្រៀងឲ្យផលិតកម្មផ្សេងដែរ។សម្រាប់សុខសោភា វិញធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថាFan ជឿជាក់លើនាងថានាងច្រៀងនៅផលិតកម្មណាក៍នៅតែល្បី ហេតុនេះហើយទើបការផ្លាស់ប្ដូរផលិតកម្មច្រៀងមិនមានអ្វីគូរឲ្យបារម្ភសម្រាប់នាងឡើយ។ចំណែកអតីតតារាហង្សមាសលោកនូ ស៊ឹប យល់ថាសម្ថភាពដូចសុខសោភា ផលិតកម្មណាក៍ចង់បាននាងហើយនាងច្រៀងនៅទីណាក៍នៅតែល្បីដែរ។
មាស សុខសោភា ត្រូវបានគេចាត់ទុកថានាងជាតារាចូលចិត្តផ្លាស់ប្ដូរផលិតកម្មច្រៀងដូចប្ដូរខោអាវ តែក្នុងចំណោមផលិតកម្មទាំងនោះសុខសោភា ធ្លាប់ច្រៀងដោយចុះកុងត្រាមានតែ២លើកគត់នោះគឺផលិតកម្មសាន់ដេ រយៈពេល១ឆ្នាំ និងផលិតកម្មរាម ២ឆ្នាំ ។តារាវ័យជាង៤០ឆ្នាំ រូបនេះត្រូវបានព្យាករណ៍ថាប្រសិនបើនាងបរាជ័យច្រៀងនៅផលិតកម្មខ្លួនឯងនៅឆ្នាំ២០២៤ ភាគរយខ្ពស់នាងអាចនឹងទៅGalaxy ជាងផលិតកម្មផ្សេង ព្រោះនៅទីនោះតារាដែលអាចចាប់ដៃជាមួយនាងមានដល់ទៅ៣នាក់គឺព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ ។ប៉ុន្ដែពេលនេះសោភា ជ្រើសផ្លូវរក្សារភាពស្ងៀមស្ងាត់ និងបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនទៀត ហើយមិនត្រឹមតែអត់ដំណឹងប្ដូរទ្រនុំនោះទេ ប៉ុន្ដែរឿងរៀបការជាលើកទី៣ជាមួយលោកអ៊ឹត រ៉ាដា ក៍កាន់តែស្ងាត់ឈឹងបាត់ដំណឹងសូន្យដែរ ៕