Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជុំគ្នាជក់ថ្នាំញៀន ប៉េអឹមចាប់៣៥នាក់

ជុំគ្នាជក់ថ្នាំញៀន ប៉េអឹមចាប់៣៥នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ១ក្រុមធំ បានប្រមូលផ្តុំគ្នាសម្ងំប្រើប្រាស់គ្រឿងញៀន យ៉ាងពពាក់ពពូន លុះកម្លាំងជំនាញអាវុធហត្ថ ទទួលបានព័ត៌មានភ្លាម ក៏បើកប្រតិបត្តិការឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនក្រុមក្មេងទំនើង សុរបចំនួន៣៥នាក់ បញ្ជូនយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជក់ថ្នាំញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរ សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនបានចំនួន ៣៥នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿង ញៀនប្រភេទម្សៅក្រាមសថ្លា (ICE) ចំនួន៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម ទូរស័ព្ទដៃ ចំនួន២គ្រឿង និងសម្ភារៈមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿង ញៀន នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា  នៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចំនួន២៥នាក់ រថយន្តស៊ឺរ៉ែន ចំនួន៥គ្រឿង ម៉ូតូ ចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ ខ្លួនបានសរុបចំនួន ៣៥នាក់ (ប្រុសទាំងអស់)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំនិងធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោម ឃើញថា អវិជ្ជមានចំនួន៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឱ្យឪពុកម្តាយធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន ចំនួន២៦នាក់ទៀត ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យ ដឹងថា ក្រុមក្មេងទំនើង ទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES