Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញចាប់ឡានដឹកធ្យូង ប្រុងនាំចេញទៅយួន

ដេញចាប់ឡានដឹកធ្យូង ប្រុងនាំចេញទៅយួន

ខេត្តព្រៃវែង ៖ រថយន្តច្នៃ ១គ្រឿង ដែលក្រុមឈ្មួញបានប្រើប្រាស់ដឹកធ្យូងចេញពីខេត្តត្បូងឃ្មុំ បម្រុងយកទៅលក់ក្នុងប្រទេសវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដេញតាមបង្ក្រាបតាំងពីខេត្តត្បូងឃ្មុំ រហូតមកដល់ទឹកដីឃុំអ្នកលឿង ស្រុកពាមរក៍ ទើបឃាត់បាន។

ការប្រដេញឃាត់រថយន្តដឹកធ្យូងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍។

តាមប្រភពព័ត៌មាន បានដឹងថា រថយន្តដឹកធ្យូង ១គ្រឿង ខាងលើ ជាប្រភេទរថយន្តកែច្នៃ ដែលក្រុមឈ្មួញបានប្រើប្រាស់ដឹកធ្យូងចេញពីខេត្តត្បូងឃ្មុំ យកទៅលក់ក្នុងប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ក្អម សំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ជាច្រើនដងមកហើយ។

ប្រភពដដែល បន្តថា ក្រុមឈ្មួញបានផ្លាស់ប្តូរផ្លូវ ដោយធ្វើសកម្មភាពដឹកធ្យូង បម្រុងនាំចេញទៅប្រទេសវៀត ណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ កោះរកា វិញ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹង ហើយក៏ដេញតាមតាំងពីខេត្តត្បូងឃ្មុំ រហូតមកដល់ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ទើបធ្វើការចាប់ឃាត់បាន ហើយក៏ប្រគល់វត្ថុតាង មកឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកលឿង ចាត់ការតាមច្បាប់។

ធ្យូងទាំងអស់ ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ដោយឡែករថយន្តកែច្នៃ មន្ត្រីជំនាញកំពុងទាក់ទងហៅម្ចាស់រថយន្តចូលខ្លួនមកទទួលការពិន័យអន្តរការណ៍ ទៅតាមច្បាប់៕

RELATED ARTICLES