Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើសព្រៃឈើ ឃ្លុំដី១៥០ហិកតារ វ៉ៃខ្នោះ៤

បង្ក្រាបបទល្មើសព្រៃឈើ ឃ្លុំដី១៥០ហិកតារ វ៉ៃខ្នោះ៤

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ ហិកតារ និងឃាត់ខ្លួនមនុស្ស៤នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំងសរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ របាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់ បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី បានដកហូត ម៉ាស៊ីនកាត់ស្មៅ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែកាំបិតម៉ាស៊ីនង៉ោង ២ផ្លែ បានរុះរើខ្ទមបណ្តោះអាសន្ន ៣៤ និងរោងប្រក់ស័ង្កសី ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ចំនួន១២ខ្នង រោងតង់កៅស៊ូ ទំហំ២ម៉ែត្រ គុណនឹង ៣ម៉ែត្រ ចំនួន៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី ចំនួន ៣៦៨០ បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំ ចំនួន៨នាក់។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងការអនុវត្តច្បាប់ ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះ រួមមាន ៖ ១-ការអនុវត្តច្បាប់ ១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២-ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតល្មួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ។ ៣-បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤-ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើ ឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ប្រមាណ២៥០នាក់ ខណៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជូនកម្លាំងនគរបាល ចំនួន ២៥០នាក់ ដើម្បីចូលរួម អន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

RELATED ARTICLES