Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនអ្នកកាសែត៨នាក់ ដេញចាប់ឡានដឹកឈើ ទារលុយ

ឃាត់ខ្លួនអ្នកកាសែត៨នាក់ ដេញចាប់ឡានដឹកឈើ ទារលុយ

ខេត្តមណ្ឌលគិរី ៖ អ្នកសារព័ត៌មាន ១ក្រុម មានគ្នាចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៤ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពប្រដេញរថយន្តកែច្នៃដឹកឈើ ១គ្រឿង ចេញពីតំបន់ដែនជម្រកការពារសត្វព្រៃ កែវសីមា និងបានគំរាមទារលុយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា ចាងហ្វាងគេហទំព័រម្នាក់ និងអ្នកយកព័ត៌មាន ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចសាកសួរយកចម្លើយ នៅឯស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយគេមិនទាន់ដឹងថា ងប្រឈមចំណាត់ការផ្លូវច្បាប់បែបណានោះទេ។

ក្រុមអ្នកសារព័ត៌មានទាំង៨នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ១-ឈ្មោះហ៊ីង សុធា ភេទប្រុស គេហទំព័រអំណាចទាំងបួន (www.FourPowers.com) អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល (មានបណ្ណសមម្គាល់ខ្លួនអ្នកសារព័ត៌មាន ចេញដោយក្រសួងព័ត៌មាន ឆ្នាំ២០២៤)។

២-ឈ្មោះរុំ សាន ភេទប្រុស អាយុ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិន ដេលី (www.CCN Daily.com) អាសយដ្ឋាននៅខេត្តស្វាយរៀង (មានបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ចេញដោយក្រសួងព័ត៌មាន ឆ្នាំ២០២៤)។

៣-ឈ្មោះអេង សាន ភេទប្រុស អាយុ៤១ឆ្នាំ គេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋានរាជធានីភ្នំពេញ (បណ្ណសម្គាល់ខ្លួនផុតសុពលភាព)។

៤-ឈ្មោះស៊ុន ម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ គេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសម្គាល់ខ្លួនផុតសុពលភាព)។

៥-ឈ្មោះ សន សារ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាងគេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋាន រាជធានីភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។

៦-ឈ្មោះហុង ឡង់ឌី ភេទស្រី អាយុ៣៨ឆ្នាំ គេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសម្គាល់ខ្លួនផុតសុពលភាព)។

៧-ឈ្មោះនី ស្រីណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសម្គាល់ខ្លួនផុតសុពលភាព)។

៨-ឈ្មោះឆេង បូព្រឹក ភេទប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះសញូវ (www.WhiteHorse-News.com) អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសម្គាល់ខ្លួនផុតសុពលភាព)។

ប្រភពព័ត៌មាន បានបន្តថា  អ្នកសារព័ត៌មានទាំង៨នាក់ខាងលើ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានអ្នកភូមិម្នាក់ ឈ្មោះឆេង ស្រេង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ប្តឹងទៅមេប៉ុស្តិ៍ឃុំស្រែព្រះ ស្រុកកែវសីមា ថាមានអ្នកកាសែត ចំនួន៩នាក់ (ជាក់ស្តែងមាន ៨នាក់) បង្គាប់ឱ្យបង់ប្រាក់ចំនួន ៤៥ម៉ឺនរៀល ដល់ពួកគេ ដែលបានជិះរថយន្តចំនួន ៣គ្រឿង ដោយដោះដូរជាមួយការដឹកជញ្ជួន ឈើក្តារ សម្រាប់ធ្វើផ្ទះ ដែលខ្លួន (ឆេង ស្រេង) មានច្បាប់ជាលិខិតអនុញ្ញាតត្រឹមត្រូវ។

នៅក្នុងពាក្យបណ្តឹង បានសរសេរថា “គំរាមទារប្រាក់ ហើយអ្នកទទួលលុយពីខ្ញុំ ឈ្មោះហ៊ីង សុធា តាមរយៈ គណនី ABA”។ ក្រោយមានពាក្យបណ្តឹងនេះភ្លាម នគរបាលបានឃាត់ខ្លួនអ្នកកាសែតទាំង៨នាក់ ទៅអធិ ការដ្ឋាននគរបាលស្រុកកែវសីមា រួចបញ្ជូនទៅសាកសួរបន្ត នៅ ស្នងការដ្ឋាននគរបាលខេត្ត៕

RELATED ARTICLES