Monday, April 29, 2024
Homeសង្គម និងជីវិតកូនស្វា សមត្ថកិច្ចចាប់ដកហូត ម៉ែយំនឹកពេក តាមសុំយកមកចិញ្ចឹមវិញ

កូនស្វា សមត្ថកិច្ចចាប់ដកហូត ម៉ែយំនឹកពេក តាមសុំយកមកចិញ្ចឹមវិញ

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្តាល ចុះធ្វើការឆែកឆេរនិងដកហូត សំណាកសត្វព្រៃ មួយចំនួន និងសត្វស្វាញី ២ក្បាល ពីក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលបានប្រកាសលក់សំណាកសត្វព្រៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកនោះ ស្ត្រីជាម្ចាស់សត្វស្វា ២ក្បាលនោះ បានទម្លាយអារម្មណ៍ពិតថា គាត់នឹកកូនស្វាទាំង២ក្បាលនោះណាស់ ព្រោះខំចិញ្ចឹមថែរក្សា ទុកដូចជាកូន អស់រយ:ពេល ៧ឆ្នាំមកហើយ ទើបគាត់ដេកមិនលក់ បក់មិនល្ហើយ ក៏តាមសុំយកកូនស្វាទាំងពីរក្បាល មកចិញ្ចឹមនៅផ្ទះវិញ។

ស្ត្រីជាម្ចាស់ស្វា ឈ្មោះឆេង រ៉ុង បានឲ្យដឹងថា សត្វស្វាញី ២ក្បាលនេះ គាត់ចិញ្ចឹមតាំងពីតូច អស់រយ:ពេល ៧ឆ្នាំមកហើយ ពួកគាត់ស្រឡាញ់ ថែទាំដូចកូនបង្កើត ។ ស្វាទី១ ឈ្មោះស្រីចុំ និងទី២ ឈ្មោះស្រីប៊ុច ពួកវាចេះស្តាប់បង្គាប់ណាស់ លុះពេលត្រូវសមត្ថកិច្ចដកហូតយកទៅដាក់សួនសត្វភ្នំតាម៉ៅ ត្រឹមតែពីបីថ្ងៃ ធ្វើឲ្យពួកគាត់នឹកពួកគេ ដេកមិនលក់ បាយមិននឹក ទឹកមិនស្រេក ។

ស្ត្រីម្ចាស់ស្វា បានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយស្វាទាំងពីរក្បាលរបស់ខ្លួន ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ជាមួយសំណេរថា «នឹកណាស់ រូបថតអនុស្សាវរីយ៍កាលកូនចុំ កូនប៊ុច នៅតូច ដេកមើលរូបពួកវាហើយ ហូរទឹកភ្នែកដោយមិនដឹងខ្លួន។ ម្ចាស់មានអារម្មណ៍ថា សត្វនឹកម្ចាស់  រីឯម្ចាស់ក៏នឹកសត្វដែលធ្លាប់ចិញ្ចឹមដែរ … សូមឲ្យក្រុមគ្រួសារខ្ញុំ ឆាប់បានជួបស្រីចុំ និងស្រីប៊ុច ទំាង២វិញ»។  

ស្ត្រីម្ចាស់ស្វា បានស្នើសុំលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ប្អូនជីដូនមួយនាយករដ្ឋមន្ត្រី ដែលជាអ្នកស្រឡាញ់ចូលចិត្តចិញ្ចឹមសត្វដែរនោះ ជួយអន្តរាគមន៍ឲ្យគាត់ទទួលបានស្វាទាំងពីក្បាលនោះ មកចិញ្ចឹមនៅផ្ទះ ដូចដើមវិញផង។

ស្រ្តីដដែល បានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថា «នាងខ្ញុំប្រជាពលរដ្ន បានចិញ្ចឹមសត្វស្វា ស្រលាញ់រយ:ពេល ៧ឆ្នំា ចាត់ទុកលើសកូនចៅ ឥឡូវអង្គការបានដកហូតយកទៅភ្នំ មិនដឹងសុខទុក្ខម៉េច ធ្លាប់នៅមួយមនុស្ស ច្រើនឆ្នំាហើយ សូមបងប្រុស ហ៊ុន ជា ជួយផង ដោយក្តីអនុគ្រោះ»។

ដោយសារមនោសញ្ចេតនាស្រឡាញ់ នឹករលឹកកូនស្វា របស់ខ្លួនទាំង២ក្បាល ស្ត្រីម្ចាស់ស្វា បានធ្វើដំណើរមកតាមសុំយកកូនស្វា របស់ខ្លួន ទៅចិញ្ចឹមវិញ ដោយបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នា២០២៤ ។

មកដល់ភ្នំពេញ ភ្លាម ស្ត្រីជាម្តាយចិញ្ចឹមស្វា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា «ដល់ភ្នំពេញ ហើយ ស្អែកព្រឹក បានបន្តទៅជួបកូនចុំ កូនប៊ុច ទៀត បងប្អូន ។ អរគុណសម្រាប់ការជូនពរឲ្យជួបជុំកូនស្វាខ្ញុំវិញ សង្ឃឹមថាបាន ១០០%»។

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្ត្រីម្ចាស់ស្វា បានបង្ហោះរូបភាពជាមួយកូនស្វារបស់ខ្លួន ដែលត្រូវបានមន្ត្រីជំនាញយកមកដាក់ក្នុងទ្រុង នាសួនសត្វភ្នំតាម៉ៅ និងបង្ហាញអារម្មណ៍ស្រឡាញ់ នឹករលឹក ដោយហៅស្វានោះថា «កូនចុំ កូនប៊ុច» និងបញ្ចុកទឹកអំពៅ ឲ្យកូនស្វាបឺតផឹកផង ជាមួយសំណេរថា «បានជួបកូនខ្ញុំហើយ សប្បាយចិត្តណាស់បងប្អូនអើយ ជិតបានយកវាទៅផ្ទះវិញហើយ។ អរគុណសម្រាប់ការជូនពរ»។

ស្ត្រីម្ចាស់ស្វាដដែល បានបង្ហោះរូបភាពនិងសំណេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា «បែកតែ ២យប់ ខឹងម្ចាស់បាត់។ អរគុណបងៗនៅខាងភ្នំតាម៉ៅ គ្រប់ផ្នែក បានទទួលរាក់ទាក់យ៉ាងដិតដល់ និងសម្រួលឯកសារ ដើម្បីសុំលិខិតចិញ្ចឹមមើលថែបានស្របច្បាប់»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ របស់រដ្ឋបាលព្រៃឈើកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងមូលដ្ឋាន ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា បានចុះធ្វើការឆែកឆេរលំនៅឋានមួយកន្លែង នៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងបានរកឃើញសំណាកសត្វព្រៃ ជាច្រើនប្រភេទ បន្ទាប់ពីម្ចាស់លំនៅឋាននោះ បានប្រកាសផ្សព្វផ្សាយលក់សំណាកសត្វព្រៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក នាពេលកន្លងមក។

តាមប្រភពសមត្ថកិច្ច បានឧ្យដឹងថា ការចុះឆែកឆេរលំនៅឋានខាងលើ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅឋាន បានប្រកាសផ្សព្វផ្សាយលក់សំណាកសត្វព្រៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ហើយក្រោយការតាមដាន អង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្តាល សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត រួមនិងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានចុះដល់ទីតាំងខាងលើ និងឆែកឆេររកឃើញសំណាកសត្វព្រៃ ជាច្រើន។

ប្រភពដដែល បន្តថា  បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើ ម្ចាស់លំនៅឋាន ឈ្មោះអូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះឆេង រ៉ុង ។ បន្ទាប់មក កម្លាំងជំនាញ បានឱ្យម្ចាស់ផ្ទះ ជូនធ្វើការឆែកឆេរគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេណលំនៅឋាន និងបានប្រទះឃើញ ដកហូតបានសត្វព្រៃ និងសំណាកសត្វ ជាច្រើន រួមមាន ១-កន្ទុយក្ងោក ១កន្ទុយ។ ២-ក្រពះកាំប្រមាក្រៀម ចំនួន៥។ ៣-ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ស្នែង។ ៤-ស្នែងប្រើស ៦ដុំ។ ៥-ចង្កូមជ្រូកព្រៃ (ចែ) ៣៦ចង្កូម។ ៦-ក្រចកខ្លាឃ្មុំ ៤ក្រចក។ ៧-ធ្មេញជ្រូកព្រៃ ៣៨ឆ្មេញ និង៨-ស្វាក្រេះញី ចំនួន២ក្បាល។

ម្ចាស់លំនៅឋានខាងលើ បានទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ។ ចំណែកសត្វស្វាក្រេះញី ២ក្បាល ត្រូវបាននាំយកទៅដាក់នៅកន្លែងមានសុវត្ថិភាព នាសួនសត្វ ភ្នំតាម៉ៅ៕ ខៀវទុំ

RELATED ARTICLES