Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អាជ្ញាធរបញ្ចេញកណ្តាប់ដៃដែក រំដោះចិញ្ចើមផ្លូវសាធារណៈ

 អាជ្ញាធរបញ្ចេញកណ្តាប់ដៃដែក រំដោះចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ ៖ តូបលក់ដូរ ជិត៦០តូប ដែលសង់បែបលក្ខណៈរឹងមាំនៅលើផ្លូវសាធារណៈ ប្រវែងជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកចៅសង្កាត់ វ៉ា សាវឿន ចុះទៅធ្វើការរុះរើ កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤។

ការបញ្ចេញកណ្តាប់ដៃដែកខាងលើនេះ គឺក្រោយពីអាជ្ញាធរបានចុះហាមឃាត់មិនឱ្យសាងសង់មិនស្តាប់ រហូត ដល់ធ្វើការជូនដំណឹងដល់ម្ចាស់តូបទាំងនោះ ឱ្យធ្វើការរុះរើដោយខ្លួនឯងច្រើនដងមកហើយ ប៉ុន្តែពួកគាត់បានត្រឹមតែឆ្លើយឱ្យតែរួចពីមាត់ប៉ុណ្ណោះ ហើយមិនព្រមរុះរើ ដោយខ្លួនឯងឡើយ។

អាជ្ញាធរ បានឱ្យដឹងថា តូបលក់ដូរទាំងនោះ បានសាងសង់លើផ្លូវសាធារណៈនេះ ច្រើនឆ្នាំមកហើយ ដែលកាលមុនមានតិចប៉ុណ្ណោះ ហើយអាជ្ញាធរបានចុះទៅហាមឃាត់ មិនឱ្យសាងសង់ដែរ តែពួកគាត់មិនស្តាប់សោះ។ ក្រោយមក ក៏មានអ្នកទៅសង់ជាបន្តបន្ទាប់ថែមទៀត ជាហូរហែ ដែលគិតមកដល់ពេលនេះមានរហូតដល់ទៅចំនួន ៥៨តូបឯណោះ ជាហេតុបានបង្កឱ្យបាត់បង់សោភណភាពផ្លូវ ជាពិសេសបង្កឱ្យមានការកកស្ទះចរា ចរណ៍ និងធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភនៅពេលមានឧប្បត្តិហេតុផ្សេងៗ កើតឡើងជាយថាហេតុ ដូចជាគ្រោះអគ្គិភ័យជាដើម រថយន្តពន្លត់អគ្គិភ័យប្រាកដ ជាពិបាកនិងចូលទៅពន្លត់។

អាជ្ញាធរ បន្តថា បន្ទាប់មក អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ច្រើនដង សុំឱ្យម្ចាស់តូបទាំងនោះ ធ្វើការរុះរើចេញដោយខ្លួនឯង ដើម្បីទុកផ្លូវឱ្យបានធំទូលាយសម្រាប់ការធ្វើដំណើរ។ ប៉ុន្តែពួកគាត់មិនព្រមរុះរើចេញដោយខ្លួនឯងឡើយ ពួកគាត់យល់ព្រមឱ្យរួចតែ ពីមាត់ប៉ុណ្ណោះ ដូច្នេះទើបពេលនេះ លោកចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងចុះទៅធ្វើការរុះរើដោយផ្ទាល់តែម្តង ព្រោះមិនអាចទុកឱ្យនៅកកស្ទះចរាចរណ៍រាល់ថ្ងៃ និងត្រូវមហាជនរិះគន់មកលើអាជ្ញាធរ បង្កផលលំបាកដល់អ្នកដំណើរ ព្រោះតែក្រុមអ្នកលក់ដូរលើផ្លូវទាំងនេះ តទៅទៀតបានឡើយ។

គួរបញ្ជាក់ថា ក្រោយពីអាជ្ញាធរសង្កាត់ខាងលើ ប្រើកណ្តាប់ដៃដែក ចុះទៅធ្វើការរុះរើបែបនេះ ម្ចាស់តូបមួយចំនួន បានស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីធ្វើការរុះរើដោយខ្លួនឯង ព្រោះមិនចង់ឱ្យមានការខូចខាតរបស់របរនិងតូបរបស់ខ្លួន។ ចំណែកតូបមួយចំនួនទៀត ត្រូវបានកម្លាំងអាជ្ញាធររុះរើដោយផ្ទាល់ ហើយម្ចាស់បានត្រឹមតែឈរមើល ឬជញ្ជូនអីវ៉ាន់ចេញតែប៉ុណ្ណោះ។

ម្ចាស់តូបខាងលើ បានបញ្ជាក់ថា ពួកគាត់មួយចំនួនបានទិញតូបនៅទីនោះតៗគ្នា ក្នុង១តូបៗតម្លៃរាប់ពាន់ដុល្លារ និងអ្នកខ្លះទៀត ជួលគេ ក្នុង១ខែៗ រាប់រយដុល្លារ ដើម្បីដាក់លក់អីវ៉ាន់ផ្សេងៗ ទៅតាមមុខជំនួញរៀងៗខ្លួន។ ប៉ុន្តែទោះបីបែបណា ពួកគាត់មិនបានប្រាប់ពីអ្នកដែលលក់ និងជួលតូបឱ្យពួកគាត់នោះ ថាជានរណាឡើយ ហើយការសងតូបលក់ដូរលើផ្លូវសាធារណៈបែបនេះ វាខុសច្បាប់ និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋទូទៅយ៉ាងខ្លាំង៕

RELATED ARTICLES