Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អើលរាំលើថ្នល់ តាមចង្វាក់ស៊ីផ្លេឡាន នាយករដ្ឋមន្ត្រី ណែនាំចាត់វិធានការ

ផ្អើលរាំលើថ្នល់ តាមចង្វាក់ស៊ីផ្លេឡាន នាយករដ្ឋមន្ត្រី ណែនាំចាត់វិធានការ

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញករណីយុវជន យុវតីមួយចំនួន បានផ្អើលតាមគ្នា ធ្វើសកម្មភាពរាំនៅលើដងផ្លូវនានា តាមចង្វាក់ស៊ីផ្លេឡានធំៗ បង្កភាពអនាធិបតេយ្យ និងប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុនោះមក នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច រាជធានី-ខេត្ត សហការគ្នាត្រួតពិនិត្យ ណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេស ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ថា «ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំ ដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗ ឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា «ដើម្បីឲ្យការអនុវត្តវិធានការនេះ កាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូ លាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នាត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេស ខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ»។

សម្តេចហ៊ុន ម៉ាណែត បន្តទៀតថា «ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំ និងចៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ តាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ដើម្បីចៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ហើយក៏សូមអាណាព្យាបាល ចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗ ឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ»៕ ខៀវទុំ

RELATED ARTICLES