Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ១ខ្នង បាញ់ទឹកពន្លត់១២ឡាន

ភ្លើងឆេះផ្ទះ១ខ្នង បាញ់ទឹកពន្លត់១២ឡាន

ភ្នំពេញ ៖ ផ្ទះ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ភ្លាមៗដែរ តែទប់ទល់មិនឈ្នះ ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ អស់១២រថយន្ត ទើបអាចគ្រប់ គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រង់ចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ផ្ទះដែលរងការខូចខាតក្នុងហេតុការណ៍អគ្គិភ័យខាងលើ ជាប្រភេទសំណង់ ថ្មបេតុងទំហំ ៨ម៉ែត្រ គុណនឹង ០៨ម៉ែត្រ មានម្ចាស់ឈ្មោះសុខ បូរិន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរលក់នំប៉័ង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះ កើតឡើងនៅក្រោយផ្ទះមួយ ទុកចោល បន្ទាប់មកគេបានឃើញអណ្តាតភ្លើងក្រហម ឆេះចេញពីផ្ទះនោះ ហើយអ្នកភូមិបាននាំគ្នាស្រែកឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីសុំជំនួយ។ ទន្ទឹមនេះ អ្នកភូមិបាននាំគ្នាជួយយកទឹក និងបំពង់ឧស្ម័នពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ដែរ តែមិនថមថយ ដោយអណ្តាតភ្លើងខ្លាំងឡើងៗ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងដែលឆេះនោះក៏បាននាំគ្នារៀបចំសម្ភារ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់មានតម្លៃ ចេញពីផ្ទះរៀងៗខ្លួន រហូតភ្លើងឆេះផ្ទះនេះស្ទើរទាំងស្រុង។

បន្ទាប់ពីទទួលបានករណីខាងលើ កម្លាំងជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យ ចំនួន១១គ្រឿង ចេញជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប និងមានជំនួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ពុំបានប្រើប្រាសទឹក។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង (ពន្លត់ចប់) នៅម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ចំណែកមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា នៅតំបន់ខាងលើ សម្បូរទៅដោយជនបរទេសស្នាក់នៅ និងដើរលេងកម្សាន្ត ដែលមានចម្រុះ ជាតិសាសន៍។ បន្ទាប់ពីកើតមានករណីអគ្គិភ័យនេះ ជនបរទេសដែលស្នាក់នៅជិតៗនោះ បាននាំគ្នារត់ចេញពីបន្ទប់ស្នាក់នៅរបស់ខ្លួន ទៅរកកន្លែងមានសុវត្ថិភាព៕

RELATED ARTICLES