Sunday, April 28, 2024
Homeព័ត៌មានជាតិក្លឹបអ្នកកាសែតកម្ពុជា ប្រកាសជោគជ័យបេសកកម្មសារព័ត៌មាន ដើម្បីការផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប

ក្លឹបអ្នកកាសែតកម្ពុជា ប្រកាសជោគជ័យបេសកកម្មសារព័ត៌មាន ដើម្បីការផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប

ភ្នំពេញៈ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបញ្ចប់បេសកកម្ម “ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្ដីពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប “ ដោយបានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក ហើយក៏មិនអរគុណដល់ស្ថាប័ន និងឯកជនដែលជួយសម្របសម្រួល គាំទ្របេសកកម្មដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន ។

គួរបញ្ជាក់ថា ដូចការគ្រោងទុក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ អង់គ្លេស ចិន និងវៀតណាម សរុបចំនួន៤២នាក់ ឆ្ពោះទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ នេះជាបេសកកម្មសារព័ត៌មានមួយលើប្រធានបទ “ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្ដីពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប “ ។

នៅមុនពេលចាប់ផ្ដើមនោះ ក្លឹបអ្នកកាសែតកម្ពុជា រំពឹងថា បេសកកម្មលើកនេះ មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដ៏ទូលាយ ដែលមិនធ្លាប់មានពីមុនមកលើវិស័យទេសចរណ៍នោះទេ ប៉ុន្តែអ្វីដែលទទួលបាននោះ គឺសក្ដានុពលទេសចរណ៍ប្លែកៗ និងថ្មីៗថែមទៀតនៅលើទឹកដីខេត្តសៀមរាប នឹងត្រូវបានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយយ៉ាងទូលាយ ទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។

ក្លឹបអ្នកកាសែតកម្ពុជា ក៏សូមសម្ដែងការអរគុណចំពោះក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប, អាជ្ញាធរអប្សរា និងបណ្ដាក្រុមហ៊ុនដែលគាំទ្របេសកកម្មដ៏មានសារៈសំខាន់នេះ ។ ក្លឹបអ្នកកាសែតចាត់ទុកការគាំទ្រទាំងស្ថាប័នរដ្ឋ និងឯកជន មិនគ្រាន់តែបង្ហាញពីការផ្សារភ្ជាប់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនជាមួយអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែកាយវិការនោះ គឺជាការរំលេចនូវស្មារតីរួមគ្នាជំរុញវិស័យទេសចរណ៍នៅកម្ពុជា ។

ជាលទ្ធផលក្រោយ ក្រោយបញ្ចប់បេសកកម្មរយៈពេល៣ថ្ងៃ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះ ទទួលបានជោគជ័យលើសពីការរំពឹងទុក ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្លឹបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកពុយ គាយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា មានខ្លឹមសារទាំងស្រុងថា “ បេសកកម្មសារព័ត៌មានដើម្បី “ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប” ដែលត្រូវបានរៀបចំ និងដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ចប់ហើយ ខណៈដែល ក.អ.ក បានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក ។ អត្ថបទសារព័ត៌មាន រួមទាំងវីដេអូប្រមាណជាង១០០ ទាំងភាសាខ្មែរ អង់គ្លេស ចិន និងវៀតណាម ដែលបង្ហាញពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបន្តបន្ទាប់ តាមរយៈស្ថាប័នសារព័ត៌មាន ដែលបានចូលរួមក្នុង​បេសកកម្មខាងលើ រួមទាំងសារព័ត៌មានជាច្រើនទៀត “ ។

បេសកកម្មដ៏មានសារសំខាន់ ដែលរួមមានអ្នកសារព័ត៌មានចូលរួមចំនួន៤២នាក់ មកពី៣២ស្ថាប័នផ្សេងៗគ្នា ទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលឲ្យចូលទស្សនាយកព័ត៌មាន និងផ្ដិតរូបភាពក្នុងរមណីយដ្ឋានដ៏មានសក្ដានុពលរួមមាន៖ Angkor Wildlife and  Aquarium , Angkor Eyes (កន្រ្តកវិល) ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ីវិល័យតាមរថយន្ត Jeep , សហគមន៍អេកូទេសចរណ៍កំពុងភ្លុក, បុណ្យទន្លេ រួមនឹងសន្និសីទសារព័ត៌មានដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅមុខប្រាសាទអង្គរវត្ត “ ។

តាមរយៈបេសកកម្មសារព័ត៌មាននោះ ក.អ.ក បានមើលឃើញថា ខេត្តសៀមរាបអង្គរ ជាតំបន់ដែលពោរពេញដោយសក្ដានុពលទេសចរណ៍ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិដ៏សម្បូរបែប ហើយជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ប៉ុន្តែការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ អាចនិយាយបានថា មិនទាន់ទូលាយនៅឡើយ “ ។

ផ្ដើមពីនោះ ក.អ.ក នឹងខិតខំធ្វើយ៉ាងណារៀបចំដំណើរទស្សនកិច្ចការងារបែបនេះជាបន្តបន្ទាប់ ទៅកាន់ខេត្តផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ ។

ជាថ្មីម្ដងទៀត ក.អ.ក សូមសម្ដែងការអរគុណចំពោះសមាគមទេសចរណ៍កម្ពុជា សណ្ឋាគារនៅក្រុងសៀមរាប និងក្រុមហ៊ុនឯកជនមួយចំនួនទៀត ក៏ដូចជាក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដែលបានគាំទ្រដល់បេសកកម្មដ៏មានសារៈសំខាន់នេះ ។

ក.អ.ក ចាត់ទុកការគាំទ្រពីសំណាក់ស្ថាប័នឯកជន និងរដ្ឋ គឺជាការរំលេចនូវស្នាមញញឹមរួមគ្នាជំរុញវិស័យទេសចរណ៍នៅកម្ពុជា “ ៕

RELATED ARTICLES