Saturday, April 27, 2024
Homeព័ត៌មានជាតិអ្នកនយោបាយ-សង្គម អ្នកវិភាគថា គួរខ្ពើមពាក្យឈ្លោះ ចៀសវាងគំនុំបុគ្គល

អ្នកនយោបាយ-សង្គម អ្នកវិភាគថា គួរខ្ពើមពាក្យឈ្លោះ ចៀសវាងគំនុំបុគ្គល

ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា អ្នកធ្វើការងារសង្គម និងអ្នកនយោបាយ គួរខ្ពើមពាក្យឈ្លោះ និងចៀសវាងរវាងគំនុំបុគ្គល ជាពិសេសគួរតែលើកបញ្ហារួមធំៗរបស់សង្គម និងប្រជាពលរដ្ឋ មកដាក់លើតុ ដើម្បីដោះស្រាយ ឬក៏ស្វែងរកមធ្យោបាយថ្មីៗ ដោះស្រាយបញ្ហាទាំងអស់ ឬបញ្ចប់បញ្ហាទាំងអស់ដែលមាននៅក្នុងសង្គម ដោយប្រសិទ្ធភាព តម្លាភាព និងមានការទទួលខុសត្រូវ ព្រោះជម្លោះនិងគំនុំបុគ្គល ធ្វើឲ្យខាតប្រយោជន៍រួម ឬប្រយោជន៍ជាតិ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ថា អ្នកធ្វើការងារសង្គម និងអ្នកនយោបាយ គួរតែខ្ពើមពាក្យឈ្លោះ និងចៀសវាងគំនុំបុគ្គល ទើបការងារទៅមុខ ហើយសង្គមមានការអភិវឌ្ឍជាវិជ្ជមាន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ជាទូទៅ ការធ្វើកិច្ចការសង្គម និងធ្វើនយោបាយនៅក្នុងសង្គមហ្នឹង គឺជាការងារធ្វើដម្បីប្រយោជន៍រួម ដើម្បីប្រយោជន៍ជាតិ ហើយដើម្បីសម្រេចបាននូវគោលដៅនៃប្រយោជន៍រួម ឬក៏ប្រយោជន៍ជាតិហ្នឹង អ្នកធ្វើការងារសង្គម និងអ្នកនយោបាយហ្នឹង គឺជាតួអង្គដែលមានតួនាទីសំខាន់នៅក្នុងការដោះស្រាយបញ្ហារបស់សង្គម បញ្ហារបស់ជាតិ ។ ដូច្នេះហើយ ការធ្វើការងារ ត្រូវតែផ្ដោតទៅលើបញ្ហាប្រយោជន៍រួម ឲ្យបានច្រើនជាងរឿងបុគ្គល ហើយជាពិសេស គឺត្រូវបែងចែករវាងកិច្ចការងារសាធារណៈ និងរឿងជីវិតផ្ទាល់ខ្លួន ឲ្យដាច់ពីគ្នា ជាពិសេសគឺត្រូវតែបញ្ចៀសនូវការឈ្លោះទាស់ទែងគ្នាក្នុងចំណោមអ្នកធ្វើការសង្គមដូចគ្នា ឬក៏អ្នកនយោបាយដូចគ្នា ហើយកុំចាត់ទុកថា ការទាស់ទែងខ្វែងគំនិត ទស្សនៈ គោលនយោបាយ និងដំណោះស្រាយផ្សេងគ្នានេះ គឺជាបញ្ហា រហូតដល់ទៅកើតជាគំនុំបុគ្គល ដែលនាំឲ្យមានការសងសឹកគ្នាយ៉ាងសាហាវព្រៃផ្សៃនោះ អាហ្នឹងការប្រព្រឹត្តបែបហ្នឹង វាប្រាសចាកពីគោលដៅនៃការធ្វើដើម្បីសង្គម ដើម្បីប្រយោជន៍ជាតិហើយ ហើយជាពិសេសគឺបើសិនអ្នកធ្វើការងារដើម្បីប្រយោជន៍រួម ប៉ុន្តែបែរទៅប្រកាន់ច្រើន ខឹងច្រើន ឈ្លោះ ឬក៏គុំគ្នាជាលក្ខណៈបុគ្គលហ្នឹង ពួកគាត់ហ្នឹងមិនត្រឹមតែដោះស្រាយបញ្ហារបស់ជាតិទេ ប៉ុន្តែបញ្ហាផងដែរ គឺជម្លោះបុគ្គលហ្នឹង ដែលជាទូទៅជម្លោះបុគ្គលហ្នឹង វាអាចរាលដាលរហូតកើតទៅជាជម្លោះសាធារណៈ ឬក៏ពាក់ព័ន្ធនឹងប្រយោជន៍ជាតិ ដែលអាចធ្វើឲ្យខាតប្រយោជន៍ ឬក៏ខាតដល់ជាតិ ប្រសិនបើបុគ្គលដែលជាតួអង្គនៅក្នុងការដឹកនាំធ្វើកិច្ចការងារដើម្បីឲ្យសង្គមមានការផ្លាស់ប្ដូរហ្នឹង បែរទៅជាងាកផ្ដោតចិត្តទុកដាក់ ហើយផ្សារភ្ជាប់រឿងសកម្មភាពដែលខ្លួនធ្វើដើម្បីជាតិហ្នឹង ទៅជារឿងបុគ្គលទៅវិញនោះ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “នៅក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យសេរីជឿនលឿន គេបែងចែករវាងកិច្ចការងារផ្ទាល់ខ្លួន ជីវិតផ្ទាល់ខ្លួន និងកិច្ចការងារសាធារណៈ ឬក៏ជីវិតជាបុគ្គលសាធារណៈ ដែលជាទូទៅបុគ្គលសាធារណៈ ដូចជាអ្នកធ្វើកិច្ចការងារសង្គម និងអ្នកនយោបាយអីជាដើមហ្នឹង គឺគេតែងតែបើកចិត្ត បើកគំនិតទូលាយ មិនសូវជាប្រកាន់ខឹង ទទួលយកការរិះគន់គ្រប់មជ្ឈដ្ឋាន ព្រោះគេបុគ្គលសាធារណៈ ។ ដូច្នេះក្នុងនាមជាបុគ្គលសាធារណៈហ្នឹង គឺត្រូវហ៊ានទទួលស្គាល់នូវកំហុស ទទួលនូវមតិរិះគន់ការឆ្លើយតបត្រឡប់ពីមជ្ឈដ្ឋានផ្សេងៗ ដែលការបើកចិត្ត បើកគំនិតទូលាយនេះ ក៏ជាចំណែកមួយ ដែលអាចធ្វើឲ្យអ្នកធ្វើការងារសង្គម និងអ្នកនយោបាយហ្នឹង បញ្ចៀសពីជម្លោះ កុំឲ្យចាត់ទុកថា ការរិះគន់របស់អ្នកដទៃ ឬក៏ការរិះគន់របស់ប្រជាពលរដ្ឋទៅលើអ្នកនយោបាយហ្នឹង គឺជាការវាយប្រហារជាលក្ខណៈបុគ្គល ។ ការប្រកាន់នូវឥរិយាបថផ្នត់គំនិតបែបនេះ ទើបអាចជួយឲ្យអ្នកធ្វើការងារសង្គម និងអ្នកនយោបាយហ្នឹងផ្ដោតទៅលើការធ្វើកិច្ចការងារធំដុំដើម្បីសង្គម ជាជាងសន្សំរឿង ខ្វល់តែរឿងជម្លោះជាលក្ខណៈផ្ទាល់ខ្លួន“។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តតៀតថា “ខ្ញុំឃើញសង្គមខ្មែរយើងច្រើនតែអត់បានញែកគ្នារវាងជីវិតផ្ទាល់ខ្លួន ជីវិតគ្រួសារ និងការងារជាបុគ្គលសាធារណៈ ហើយច្រើនតែរើសយកការរិះគន់របស់អ្នកដទៃ ឬក៏របស់ប្រជាពលរដ្ឋហ្នឹង ហៅថាជាការវាយប្រហារ ប្រមាថកាតទានទៅលើគ្រួសារ ឬក៏បុគ្គលផ្ទាល់ខ្លួន ។ ជាការពិត គឺកាលណាយើងក្លាយទៅជាបុគ្គលធ្វើការងារដើម្បីសង្គម បុគ្គលសាធារណៈ ឬក៏អ្នកនយោបាយហើយ ការរិះគន់ ការស្រលាញ់របស់ប្រជាពលរដ្ឋនៅក្នុងសង្គមហ្នឹង វាតែងតែមានអ្នកស្រលាញ់ អ្នកស្អប់ហើយ ហើយអ្នកដែលគេស្អប់ហ្នឹង គឺអ្នកខ្លះហ្នឹងក៏បញ្ចេញនូវទស្សនៈការរិះគន់ ។ ដូច្នេះបើសិនជាកុំសូវរើសយកមកដាក់ខ្លួន ហើយចាត់ទុកថា បុគ្គលសាធារណៈហ្នឹង វាតែងតែទទួលនូវការរិះគន់ជារឿងធម្មតា នោះអ្នកធ្វើការងារសង្គម និងអ្នកនយោបាយហ្នឹង មិនប្រកាន់ច្រើន អាចនឹងកាត់បន្ថយនូវការប្ដឹងផ្ដល់ ឬក៏ការគាបសង្កត់សេរីភាពការបញ្ចេញមតិ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម និងបង្កើននូវប្រសិទ្ធភាពនៃការងាររបស់ខ្លួនឲ្យប្រសើរមួយកម្រិតដែរ“ ។

ស្រដៀងគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា អ្នកធ្វើកិច្ចការសង្គម និងនយោបាយ គួរទម្លាក់ចោលនូវការទាស់ទែងគ្នាបញ្ហាបុគ្គល ហើយគួរតែលើកបញ្ហារួមធំៗរបស់សង្គម និងប្រជាពលរដ្ឋ មកដាក់លើតុ ដើម្បីដោះស្រាយ ឬក៏ស្វែងរកមធ្យោបាយថ្មីៗ ដើម្បីរំលែកបញ្ហាទាំងអស់ឲ្យក្លាយជាបញ្ហាតូចៗ ឬក៏បញ្ចប់បញ្ហាទាំងអស់ដែលមាននៅក្នុងសង្គមរបស់យើង ដោយប្រសិទ្ធភាព តម្លាភាព ហើយនិងមានការទទួលខុសត្រូវ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ការពិតទៅ ពាក់ព័ន្ធជាមួយនឹងការបែងចែកមិនដាច់រវាងជម្លោះបុគ្គល គឺទាក់ទងជាមួយនឹងការឈ្លោះទាស់ទែងពាក្យសម្ដី ហើយនិងការប្រព្រឹត្តហិង្សាតាមគ្រប់រូបភាពទាំងអស់ ខ្ញុំយល់ថា វាជារឿងមួយដែលមិនគួរកើតមាននៅក្នុងចំណោមអ្នកធ្វើកិច្ចការសង្គម ហើយនិងអ្នកនយោបាយ ។ ហេតុអីបានការលើកឡើងរបស់ខ្ញុំថាមិនគួរ? ដោយសារតែមនុស្សទាំងពីរក្រុមនេះ គឺសុទ្ធតែជាមនុស្សដែលបានដាក់នូវផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិជាមូលដ្ឋានរបស់ខ្លួន ហើយតែងតែស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួយស្ដារលើកកម្ពស់ផលប្រយោជន៍រួមរបស់សង្គមនិងប្រជាពលរដ្ឋ ហើយបើសិនជាក្នុងចំណោមអ្នកធ្វើកិច្ចការសង្គម និងនយោបាយ គិតអំពីជម្លោះផលប្រយោជន៍ធំជាងផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិ វាគឺជាហានិភ័យមួយធ្ងន់មែនទែន ដោយសារតែយើងឃើញហើយថា តាមរយៈជម្លោះផ្ទាល់ខ្លួនរវាងបុគ្គលនិងបុគ្គល តែងតែធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការរួមរបស់សង្គម និងស្ថាប័ន ដែលទំនាស់នេះ វាបានបង្កឲ្យមានការថ្នាំងថ្នាក់ ឬការបែកបាក់នៅក្នុងសង្គមហ្នឹងកាន់តែខ្លាំងថែមទៅទៀត“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះចំពោះខ្ញុំនៅតែយល់ថា ការដែលយកជម្លោះផ្ទាល់ខ្លួនមកឡូកឡំជាមួយកិច្ចការសង្គម នយោបាយ នៅក្នុងប្រទេសរបស់យើង គឺជារឿងមិនគួរកើតមាន ហើយគួរតែមានការបែងចែកឲ្យដាច់រវាងបញ្ហាផ្ទាល់ខ្លួន និងបញ្ហាសង្គម ហើយអ្នកដែលធ្វើកិច្ចការសង្គម នយោបាយ គួរតែធ្វើការប្រកួតប្រជែងគ្នាតាមសមត្ថភាពប្រកបដោយក្រមសីលធម៌និងមានវិជ្ជាជីវៈ ធ្វើយ៉ាងណាកុំឲ្យការឈ្លោះគ្នានៅក្នុងផ្នត់ ឬក៏ការដេញដោលគ្នាក្នុងផ្នត់គំនិត វាក្លាយទៅជាហិង្សាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិធ្ងន់ធ្ងរ ហើយយើងដឹងហើយថា នៅពេលដែលយើងអាចទម្លាក់ចោលនូវបញ្ហាធំៗទាំងអស់ហ្នឹងបាន មានន័យស្មើនឹងយើងបានជួយនិងចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញឲ្យសង្គមរបស់យើងមានសណ្ដាប់ធ្នាប់ មានវិន័យ ហើយនឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់អនាគត ហើយក៏មិនប៉ះពាល់ទៅដល់អ្នកដទៃខ្លាំងក្លាដែរ ។ ដូច្នេះសរុបមកវិញ យើងនៅតែមានគោលដៅរួមក្នុងនាមអ្នកធ្វើកិច្ចការសង្គម និងនយោបាយ គួរទម្លាក់ចោលនូវការទាស់ទែងគ្នាបញ្ហាបុគ្គល ហើយគួរតែលើកបញ្ហារួមធំៗរបស់សង្គម និងប្រជាពលរដ្ឋ មកដាក់លើតុ ដើម្បីដោះស្រាយ ឬក៏ស្វែងរកមធ្យោបាយថ្មីៗ ដើម្បីរំលែកបញ្ហាទាំងអស់ឲ្យក្លាយជាបញ្ហាតូចៗ ឬក៏បញ្ចប់បញ្ហាទាំងអស់ដែលមាននៅក្នុងសង្គមរបស់យើង ដោយប្រសិទ្ធភាព តម្លាភាព ហើយនិងមានការទទួលខុសត្រូវ“ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ថា លោកយល់ស្របនឹងការលើកឡើងរបស់អ្នកវិភាគ ខាងលើ ដឹកនាំ ត្រូវតែបណ្ដុះនូវស្មារតីជាតិនិយម បណ្ដុះនូវចំណេះដឹងណាដែលជាចំណេះដឹងក្នុងផលប្រយោជន៍រួម មិនមែនក្នុងន័យជានយោបាយបែបប្រជាភិថុតិ ការអូសទាញ បង្កើតនូវជម្លោះបក្សម្ខាង និន្នាការក្រុមអញ ក្រុមឯង ក្រុមអញខ្លាំង ក្រុមឯងខ្សោយ តែជាគំនិតអភិវឌ្ឍ ជាគំនិតជាក់ស្ដែងក្នុងចំណេះជំនាញណាដើម្បីកសាងប្រទេសជាតិក្នុងនាមជាខ្មែរ ឈាមរួមជាតិតែមួយ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ការខ្ពើមឆ្អើមគ្នាទៅនឹងអ្វីជាជម្លោះ ការលាបពណ៌ ការរើសអើង ហើយជាពិសេសគឺថា អ្នកនយោបាយហ្នឹងគឺគាត់តែប្រកាន់នូវគំនុំនយោបាយជាធំជាងអ្វីដែលជាប្រយោជន៍រួមក្នុងគោលដៅ ដូចជាការគិតអំពីការកសាងអភិវឌ្ឍប្រទេសជាតិ ការគិតគូរគូរកត្តាជីវភាពប្រជាពលរដ្ឋ ទៅនឹងប្រព័ន្ធសុខាភិបាល ប្រព័ន្ធសិក្សាធិការ និងបញ្ហាបង្កើននូវចំណេះជាបញ្ញា ការដាំដុះផ្នែកកសិកម្ម ទៅនឹងការរកស៊ីជំនួញជួញដូរ ឬក៏ការផលិតនៅក្នុងផលិតផលកសិកម្មចេញពីការផ្ដល់នូវបច្ចេកទេស ជំនាញអីហ្នឹង ខ្ញុំថា វាជារឿងសំខាន់ ដែលយើងត្រូវបញ្ចប់នូវអាវប្បធម៌គំនុំបុគ្គល ដែលជាគំនុំនាំឲ្យមានការបែកបាក់ជាតិ ធ្វើឲ្យសង្គមមិនរីកចម្រើន ដោយបណ្ដុំនៃការរួមសាមគ្គីនៃពហុគំនិត និងការបង្កើតនូវអ្វីជាចំណេះជំនាញ ហើយបង្ហាញនូវការរិះគន់បែបសាសនា ក្នុងន័យគោលដៅជួយទៅដល់ប្រទេសជាតិ ជួយដល់ប្រជាពលរដ្ឋ ។ អាហ្នឹងហើយដែលខ្ញុំមើលឃើញ និងយល់ស្របការលើកឡើងរបស់អ្នកវិភាគ ទៅនឹងកិច្ចការងាររបស់អង្គការសង្គមស៊ីវិលក្ដី អ្នកនយោបាយក្ដីហ្នឹង គឺថា មិនចង់ឃើញ ជាពិសេសអ្នកដឹកនាំបក្សកាន់អំណាច ឬក៏បក្សក្រៅរដ្ឋាភិបាល គឺថា ចង់ឲ្យមានអ្វីជាការប្រកួតប្រជែងគ្នាជាជម្លោះបែបគោលនយោបាយវិញ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “មានន័យថា ឈ្លោះដេញដោលគ្នាជាការវិវឌ្ឍន៍ ជាការរីកចម្រើន ជាគំនិតបញ្ញាសម្រាប់កែច្នៃណាជាការរីកចម្រើនដល់ប្រទេសជាតិ មិនមែនជាការរាំងស្ទះ មិនមែនជាការរើសអើង បង្កើតជាគំនុំសត្រូវបងប្អូនឯង ខ្ញុំថា វាជារឿងមួយ ដែលកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ ហើយនាំមុខដោយអ្នកដឹកនាំហ្នឹង ត្រូវតែបណ្ដុះនូវស្មារតីជាតិនិយម បណ្ដុះនូវចំណេះដឹងណា ដែលជាចំណេះដឹងក្នុងផលប្រយោជន៍រួម មិនមែនក្នុងន័យជានយោបាយបែបប្រជាភិថុតិ ការអូសទាញ បង្កើតនូវជម្លោះបក្សម្ខាង និន្នាការក្រុមអញ ក្រុមឯង ក្រុមអញខ្លាំង ក្រុមឯងខ្សោយ ពួកឯងមិនមានសមត្ថភាពក្នុងការដឹកនាំប្រទេស ក្នុងការធ្វើឲ្យគំនិតរីកចម្រើនទេ ទាល់តែខាងក្រុមអញ នៃបក្សកាន់អំណាច ខាងអ្នកឯងបក្សក្រៅរដ្ឋាភិបាល គឺថា មិនធ្វើអ្វីសោះ ។ អ៊ីចឹងទៅ យើងអត់ដឹងថា សង្គមយើងហ្នឹងអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សបែបណា ហើយសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដីហ្នឹងនៅក្នុងកម្រិតណា ដែលត្រូវបានធានា និងការពារដោយរដ្ឋធម្មនុញ្ញ ហើយបុគ្គលម្នាក់ៗដែលជាប្រជាពលរដ្ឋ អ្នកនយោបាយ ឬក៏មន្រ្តីស្ថាប័នជំនាញណាក៏ដោយ គឺថា យើងឈរនៅលើកាតព្វកិច្ចណាដែលយើងជួយកសាងប្រទេសជាតិ ដោយដាក់ផលប្រយោជន៍រួម ជាជាងការច្រណែនឈ្នានីស ការកេងប្រវ័ញ្ចនូវគំនិតបញ្ញាគ្នា ការការកេងប្រវ័ញ្ចនូវអំណាចទន់ខ្សោយ ខ្លាំង រឹងរូសអី ហ្នឹងហើយជាការបែកបាក់ជាតិ ការរើសអើង ការប្រកាន់ប្រជាភិថុតិ និន្នាការនយោបាយអី ខ្ញុំថា ប្រទេសកម្ពុជា នឹងមិនទៅមុខ នឹងមិនរីកចម្រើនទេ បើសិនជាយើងអត់មានកម្លាំង អត់មានបញ្ញា ចំណេះដឹងក្នុងការប្រកួតប្រជែងគ្នាជាគោលនយោបាយ ជាគំនិតអភិវឌ្ឍ ជាគំនិតជាក់ស្ដែងក្នុងចំណេះជំនាញណាដើម្បីកសាងប្រទេសជាតិក្នុងនាមជាខ្មែរ ឈាមរួមជាតិតែមួយ“ ៕ កុលបុត្រ

RELATED ARTICLES