Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចគោលាក់ក្នុងព្រៃ ជាប់ខ្នោះ៤

ចោរលួចគោលាក់ក្នុងព្រៃ ជាប់ខ្នោះ៤

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចគោរបស់អ្នកភូមិ ដែលចងឱ្យស៊ីស្មៅ រួចយកទៅចងលាក់ទុកនៅក្នុងព្រៃ លុះយករ៉ឺម៉កម៉ូតូ ទៅលួចដឹកចេញ បម្រុងយកទៅលក់ ក៏ត្រូវប្រជាពលរដ្ឋប្រទះ ឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះ ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ សរុប៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរលួចគោនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១៣នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង១៣នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សមត្ថ កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទ ពីលោកមេភូមិជ្រៃក្រឹម បានរាយការណ៍ថា មានប្រជាពលរដ្ឋ ចំនួន២នាក់ បានបើករ៉ឺម៉កដឹកគោ ញី ១ក្បាល សម្បុរស ដោយគ្មានលិខិតទិញ-លក់ បើកចេញពីចម្ការស្វាយចន្ទី នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ប្រភពដដែល បន្តថា ភ្លាមនោះ កម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ សាកសួរបំភ្លឺជុំវិញកន្លែងកើតហេតុ ជួបជាមួយជនរងគ្រោះចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះនួន ខុន  ហៅក្រុញ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានបញ្ជាក់ថា គាត់បានបាត់គោញី សម្បុរស ១ក្បាល ដែលចងឱ្យស៊ីស្មៅនៅក្នុងដីរបស់ឈ្មោះ គង់ ចាន់ធី កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨ព្រឹក។ និងម្នាក់ ទៀតឈ្មោះសួន ថន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកលោសែនជ័យ បានបញ្ជាក់ថា គាត់បានបាត់គោញី សម្បុរស ១ក្បាល ចងឱ្យស៊ីស្មៅនៅក្នុងដីរបស់ឈ្មោះ គង់ ចាន់ធី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨ព្រឹក ដូចគ្នា។

 ក្រោយពីការសួរបំភ្លឺរួច សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ រួមមាន ទី១-ឈ្មោះ គ.ច.ធ ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅ ភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោ សែនជ័យ (មុខសញ្ញាលួច)។ ទី២-ឈ្មោះ អ.ប.ធ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកទទួលផលចោរកម្ម)។ ទី៣-ឈ្មោះ អ.ខ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកស៊ីឈ្នួលដឹក) និងទី៤-ឈ្មោះ អ.ជ. ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកស៊ីឈ្នួលដឹក)។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES