Monday, April 29, 2024
Homeសង្គម និងជីវិតផ្អើលសរសើរសំណាងកូនកំលោះ រៀបការប្រពន្ធ២ ថ្ងៃតែមួយ

ផ្អើលសរសើរសំណាងកូនកំលោះ រៀបការប្រពន្ធ២ ថ្ងៃតែមួយ

ភ្នំពេញ ៖ ពិធីមង្គលការមួយ បានឱ្យផ្ទុះការចាប់អារម្មណ៍ពីមហាជន ផ្អើលពេញក្នុងបណ្តាញសង្គម បន្ទាប់ពីមានការចែករំលែក (ស៊ែរ) តៗគ្នានូវឃ្លីបវីដេអូឃ្លីបខ្លីៗ នៃពិធីមង្គលការមួយដែលមានកូនក្រមុំ ២នាក់ និងកូនកំលោះតែម្នាក់ ធ្វើឲ្យមហាជនសរសើរសំណាងកូនកំលោះនោះ ដែលបានរៀបការប្រពន្ធ២ ក្នុងថ្ងៃតែមួយ។ទោះបីជាយ៉ាងណា ពិធីមង្គលការចម្លែកនេះ តាមប្រភពអ្នកភូមិថា តាមពិតកូនក្រមុំ ជាកូនភ្លោះ ហើយសាមីខ្លួនកូនក្រមុំដែលត្រូវរៀបការជាមួយកូនកំលោះនោះ ជានាងប្អូន ឈ្មោះភីម ស្រីណេត និងកូនកំលោះឈ្មោះប្រុស ។ ចំណែកនាងបង គ្រាន់តែចូលរួមពិធីបង្គ្រប់កិច្ច តាមជំនឿពីបុរាណ ដើម្បីកុំឲ្យអភ័ព្វគូតែបុណ្ណោះ។

គួរបញ្ជាក់ថា ថ្មីៗនះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកតៗគ្នា នូវឃ្លីបវីដេអូពិធីមង្គលការមួយ ដែលកូនកំលោះសំពះផ្ទឹម និងតោងស្បៃកូនក្រមុំ ដល់ទៅ២នាក់ ក្នុងទឹកមុខញញឹមញញែម សប្បាយអរយ៉ាងខ្លាំង ខណៈដែលកូនក្រមុំទាំង២រូបនេះ ក៏បង្ហាញស្នាមញញឹមបិទមាត់មិនជិតដូចគ្នា ដោយកូនក្រមុំទី១ ដើរពីមុខកាន់ថង់រង មានទាំងផ្កាស្លា និងលុយខ្មែរ-ដុល្លារ មួយបាច់ធំ។ ចំណែកកូនក្រមុំទី២ កាន់ជាយស្បៃកូនក្រមុំទី១ ដោយមានកូនកំលោះដើរពីក្រោយ ដៃម្ខាងកាន់ដាវ ដៃម្ខាងកាន់ជាយស្បៃកូនក្រមុំទី២។

បន្ទាប់ពីបានឃើញវីដេអូពិធីមង្គលការប្លែកនេះ មានមហាជនជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដោយខ្លះជឿថាជាការពិត ខ្លះមិនជឿ យល់ថាគ្រាន់តែជាការសម្តែង ចង់បានភាពល្បីល្បាញ ហើយខ្លះបានពោលសរសើរកូនកំលោះម្នាក់នោះថា ចំជាសំណាងមែន រៀបការប្រពន្ធម្តង ដល់ទៅ២នាក់ ។

ជាក់ស្តែង អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានលើកឡើងក្នុងន័យស្ងើចសរសើរថា “ជាតិមុនមិនដឹងគេធ្វើបុណ្យប៉ុន្មានរយវត្តទេ បានជាជាតិនេះសំណាងម៉្លេះ បានប្រពន្ធដល់ទៅ២ រៀបការតាមប្រពៃណីទៀត”។ ប៉ុន្តែខ្លះបែរជាថា ម្តាយកូនក្រមុំ ចេះតែទៅរួច ឲ្យកូនក្រមុំ ២នាក់ យកប្តីតែមួយរួមគ្នា ធ្វើមើលតែខ្លាចកូនអត់ប្តី …”។

ទោះបីជាយ៉ាងណា បើតាមអ្នកភូមិ និងមិត្តភក្តិ សាច់ញាតិរបស់កូនកំលោះ កូនក្រមុំខាងលើ បានបញ្ជាក់ថា តាមពិតកូនក្រមុំ ជាកូនភ្លោះ គេធ្វើពិធីឧបកិច្ចពេលសែនចងដៃ ដើម្បីកុំឲ្យអ្នកដែលមិនទាន់រៀបការ អភ័ព្វគូតែប៉ុណ្ណោះ ។ ពិធីរៀបការនោះគឺ កូនក្រមុំភ្លោះប្អូនទេ ដែលរៀបការ ចំណែកនាងភ្លោះបង គ្រាន់តែចូលរួមជាឧបកិច្ចប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចសុំការបកស្រាយបំភ្លឺពីសាមីខ្លួនកូនកំលោះ និងកូនក្រមុំ រួមទាំងក្រុមគ្រួសារបានទេ កាលពីម្សិលមិញ៕

RELATED ARTICLES