Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានកុងតឺន័រឆ្លងផ្លូវដែក រថភ្លើងបុក

ឡានកុងតឺន័រឆ្លងផ្លូវដែក រថភ្លើងបុក

ភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង បើកឆ្លងកាត់ផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើង១ខ្សែ ជ្រុលមកបុកពេញទំហឹង និងអូសទៅមុខប្រមាណជាង ៣០ម៉ែត្រ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែជ្រៅ សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថភ្លើង ១ខ្សែ កំពុងតែបើកបរពីជើង ទៅត្បូង លុះមកជិតដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7953 បើកបរក្នុងទិសដៅពី កើត ទៅលិច ឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបើកបុកអូសជាង៣០ម៉ែត្រ បណ្តាលឱ្យខូចខាតយ៉ាងដំណំ តែសំណាងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរ នោះទេ។

ក្នុងហេតុការណ៍នេះ បានបង្កឱ្យមានការខូចខាតគម្របលូ បាក់បែកអស់ជាច្រើន នៅកន្លែងកើតហេតុ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ រួចទាក់ទងទៅផ្នែកជំនាញបន្ត។ ចំណែករថភ្លើង បានបើកចេញពីកន្លែងបាត់ ដោយឱ្យខាងតំណាងមកសម្រួលដោះស្រាយជាមួយខាងម្ចាស់រថយន្តកុងតឺន័រ។

ក្រោយកើតហេតុ ដោយសារមិនអាចសម្រួលដោះស្រាយគ្នាបញ្ចប់នៅកន្លែងកើតហេតុបាន ទើបសមត្ថកិច្ចផ្នែកជំនាញ បានស្ទូចអូសរថយន្តកុងតឺន័រខាងលើ ទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ខណ្ឌកំបូល រង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ៕

RELATED ARTICLES