ភ្នំពេញ៖ជំនួយការអ្នកនាងយុគ ចិន្ដា លោកជីមមី លែងនិយាយអ្វីទាំងអស់ទាក់ទងមង្គលការរបស់អ្នកនាងយុគ ចិន្ដា ដែលគ្រោងធ្វើនៅឆ្នាំ២០២៤ ដែលកំពុងតែស្ងប់ស្ងាត់ទៅវិញនេះ ធ្វើឲ្យគម្រោងគ្រងឈុតកូនក្រមុំរបស់អ្នកនាងអាចនឹងបរាជ័យជាថ្មីម្ដងទៀត ខណៈដែលបុគ្គលិកខ្លះនៅCTN បែជាថាអ្នកនាងចិន្ដា ចង់រៀបការបែបធ្វើឲ្យគេភ្ញាក់ផ្អើល(Surprise) ។ប្រសិនបើអ្នកនាងចិន្ដា លុបចោលមង្គលការនៅឆ្នាំ២០២៤ នេះនោះបានន័យថារយៈពេលជាង៣ឆ្នាំនាងបានខកខានមង្គលការដល់ទៅ៣លើកគឺទី១កាលពីឆ្នាំ២០២០-២០២១ ដោយសារតែពេលនោះថាកូវីដផ្ទុះពេក ធ្វើកម្មវិធីសប្បាយៗមិនកើត និងលើកទី២ ឆ្នាំ២០២២-២០២៣ ហេតុផលគឺនាងកាន់ទុក្ខម្ដាយលោកស្រីខឹម ផល្លី ដែលទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្ដែនៅឆ្នាំ២០២៤ នេះគ្មានហេតុផលអ្វីទាំងអស់ ព្រោះកូនស្រីអ្នកនាងចិន្ដា ឆ្នាំនេះពេញវ័យក្រមុំទៅហើយ ហេតុនេះការដែលនាងចង់ឲ្យកូនធ្វើជាអ្នកកំដរម្ដាយក្រាបផ្ទឹមនោះក៍ដល់ពេលវេលាដែរ។តែអ្នកនាងចិន្ដា ដែលមានវ័យ៤០ឆ្នាំក្រាស់ហើយនោះបែជាចង់ប្រើពេលវេលាពិសោធន៍គូស្នេហ៍ជាមួយមន្រ្ដីសុរិយោដីជាបន្ដទៀតទៅវិញ បើទោះជាអ្នកទាំងពីរបានចាប់ដៃគ្នាជាច្រើនឆ្នាំហើយក្ដី ។ប្រភពបានឲ្យដឹងថាគូស្នេហ៍របស់អ្នកនាងចិន្ដា ចាំតែសម្របខ្លួនតាមពិធីការិនីជើងចាស់រូបនេះតែប៉ុណ្ណោះ ទាក់ទងរឿងរៀបការនេះ តែចិត្តលោកចង់ឲ្យពិធីនោះមកដល់កាន់តែឆាប់រឹតតែល្អ ព្រោះលោកចូលដល់វ័យចំណាស់ហើយ បើនៅតែពន្យាពេលបែបនេះតទៅទៀត តើពេលណាទើបបានអាចយកកូនបន្ដពូជបានទៅ ?តាមព័តមានថានៅថ្ងៃខួបកំណើតអ្នកនាងចិន្ដា នៅថ្ងៃទី២៣ ខែមីនា នោះម្ចាស់ស្នេហាថ្លើមថ្លៃរបស់នាងក៍ត្រៀមជាកាដូពិសេសដែរ តែគេមិនដឹងជាអ្វីឡើយ ព្រោះតែជំនួយការនាងព្យាយាមលាក់បាំង ។
អ្នកជិតស្និតអ្នកនាងយុគ ចិន្ដា បានបង្ហើបឲ្យដឹងថាពិធីការិនីជើងចាស់រូបនេះលែងឯកោដូចមុនទៀតហើយ តាំងពីនាងបានជួបគូស្នេហ៍ថ្មីនេះហើយបច្ចុប្បន្នអ្នកទាំងពីររស់នៅជុំគ្នានៅផ្ទះវីឡារយ៉ាងប្រណិតនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អ្វីដែលអ្នកនាងចិន្ដា សែនកក់ក្ដៅនោះគឺម្ចាស់ស្នេហ៍ថ្មីរបស់នាងស្រលាញ់កូនស្រីនាងដូចជាកូនរបស់លោកដែរ ។ចំណែកតារាជិតស្និតអ្នកនាងចិន្ដា វិញពួកគេមាន២ក្រុមគឺក្រុមទី១ ជម្រុញឲ្យនាងរៀបការនៅឆ្នាំ២០២៤ នេះឲ្យខាងតែបានដើម្បីលុបចោលរឿងគេថានាងជោគជ័យតែការងារសិល្បៈ ប៉ុន្ដែរឿងស្នេហាអត់សូវកាក់កប ។និងក្រុមទី២៖ចង់ឲ្យនាងយកប្ដីសង្ហារនិងក្មេងជាងនេះកុំឲ្យចាញ់ប្ដីអ្នកនាងគង់ សុជាតិ និងខាត់ សុឃីម ។តែអ្នកនាងចិន្ដា អត់ក្វល់ព្រោះក្រុមគ្រួសារនាងសុទ្ធតែពេញចិត្តម្ចាស់ស្នេហាថ្មីរបស់នាងទាំងអ្នកនៅក្នុងនិងក្រៅស្រុកដោយសម្អាងថាមនុស្សស្រីយកប្ដីវ័យចំណាស់បន្ដិច គេចាស់ចិត្តនិងគំនិតល្អ មិនដូចក្មេងឆេវឆាវ ស្នេហ៍បានតែដំបូងនោះទេ… ។
គួរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់ មុននាងប៉ះស្នេហាចុងក្រោយនេះ និងរហូតមកដល់ពេលនេះគេនៅតែមិនដឹងថាបុរសរូបណាជាឪពុកកូនស្រីរបស់នាងនាពេលបច្ចុប្បន្នឡើយ។ថ្វីត្បិតចំណងស្នេហាថ្មីរបស់អ្នកនាងចិន្ដា រក្សារបានជាង៧ឆ្នាំ លើកពេលរៀបការដល់ទៅ៣លើកនេះមែន ប៉ុន្ដែមនុស្សស្និតនាងសុទ្ធតែនិយាយថាពិធីការិនីរូបនេះនិងគូស្នេហ៍ចុះសម្រុងគ្នាល្អ ពិសេសតាំងពីនាងកាន់ដៃបុរសនោះមកអ្នកនាងបានងាកទៅវិនិយោគដីធ្លីច្រើនជាងមុន ដោយសារតែអនាគតស្វាមីនាងបានជំនាញខាងដីធ្លីនេះស្រាប់។តែអ្នកនាងចិន្ដា ក៍កំពុងតែជម្រុញឲ្យកូនស្រីនាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ឈានចូលអាជីពសិល្បៈ ឬបន្ដវេនពីនាងផងដែរ បើទោះជាកន្លងមកនាងធ្លាប់និយាយថាកូននាងចូលចិត្តខាងច្រៀងនិងតន្រ្ដី ច្រើនជាងធ្វើMC ក្ដី។
ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលគ្រោងរៀបការនៅឆ្នាំ២០២៤ តែមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់មានដូចជាអ្នកនាងពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ង់ ច័ន្ទកញ្ញា និងម៉ា នីកាជាដើម ។ប្រភពបានឲ្យដឹងថាប្រសិនបើអ្នកនាងចិន្ដា ឆាចោលមង្គលការនៅឆ្នាំ២០២៤ នេះទៀតនោះនាងអាចជ្រើសផ្លូវសាងស្នេហាដូចតារាអ៊ឺរ៉ុបពោលគឺមិនរៀបការជារៀងរហូតតែម្ដង ៕