Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លន់ម៉ូតូអត់បាន កាប់ស្លាកលេខបោះចោល

ប្លន់ម៉ូតូអត់បាន កាប់ស្លាកលេខបោះចោល

ភ្នំពេញ ៖ បុរសជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពដេញធាក់ម៉ូតូផ្តួល និងកាប់ប្លន់ម៉ូតូ តែ ដោយសារជនរងគ្រោះដកសោចេញទាន់ រត់គេច ទើបក្រុមជនសង្ស័យបាននាំគ្នាកាប់យកស្លាកលេខម៉ូតូជនរងគ្រោះ យកទៅបោះចោល។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ទល់មុខកន្លែងវីងវេរលុយ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។បុរសជាជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ជាអ្នកសារព័ត៌មានអនឡាញ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0138 ចេញពីគោលដៅស្ពានអាកាសផ្សារដីហុយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំចោមចៅ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើង ទៅត្បូងទៅ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នីគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៥ទៅ៦គ្រឿង បានមកធ្វើសកម្មភាពធាក់ម៉ូតូរបស់គាត់ពីក្រោយ បណ្តាលឱ្យដួល អូសជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ។

ជនរងគ្រោះ បានបន្តថា ភ្លាមៗ គាត់បានរត់ទៅដកកូនសោចេញពីម៉ូតូ ហើយរត់គេច ស្រាប់តែក្រុមជនសង្ស័យទាំងនោះ បានធ្វើការកាប់បំផ្លាញម៉ូតូ ហើយកាប់យកស្លាកលេខម៉ូតូរបស់គាត់ រួចនាំគ្នីគ្នាជិះទៅមុខប្រហែល ១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏បោះចោលស្លាកលេខនោះវិញ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច លោកមេប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួររួចហើយក៏បាននាំជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា និងតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES