Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ១២គ្រួសារ ប្តឹងស្នងការរង រំលោភដី

ពលរដ្ឋ១២គ្រួសារ ប្តឹងស្នងការរង រំលោភដី

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ក្នុងចំណោមជិត៨០គ្រួសារ រស់នៅឃុំតាលាស់ និងឃុំជ្រៃ ស្រុកមោងឫស្សី បានដាក់ពាក្យប្តឹងទៅកាន់ក្រុមការងារវាស់វែងដីធ្លី ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅលើដីតំបន់២ ក្នុងទឹកដីឃុំជ្រៃ ដើម្បីឱ្យជួយរកដំណោះស្រាយ ក្រោយពី លោកស្នងការរងខេត្តបាត់ដំបងម្នាក់ នាំមន្ត្រីជំនាញចុះទៅវាស់វែង រំលោភយកដីរបស់ពួកគាត់ ប្រមាណ៦៤ហិកតារ ក្នុងគោលបំណងធ្វើប្លង់រឹង យកជាកម្មសិទ្ធិរបស់ខ្លួន។

ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានប្តឹងស្នងការរងខេត្តបាត់ដំបង ឈ្មោះម៉ារ៉ា សក្តា រស់នៅភូមិម៉ាណោក ឃុំតាលាស់ បានអះអាងថា សម្រាប់ដីដែលមានទំនាស់នេះ ស្ថិតនៅចំណុចខាងកើតលូគោកស្បូវ (តំបន់២) ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ដោយពួកគេបានអាស្រ័យផល តាំងពីអំឡុងឆ្នាំ២០០៨ និងធ្វើស្រែលាយឡំជាមួយពលរដ្ឋនៅភូមិដូនទ្រី និងភូមិអង្គ្រង ឃុំជ្រៃជិត១០០គ្រួសារទៀត ដែលតាំងពីពេលនោះរហូតមក មិនធ្លាប់មានបុគ្គលឬ អ្នកមានអំណាចណាម្នាក់មករារាំង ឬមករំខានម្តងណាទេ។

ប្រជាពលរដ្ឋខាងលើ បន្តថា ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀលដីតំបន់២ ឬតំបន់៣ មួយចំនួនឱ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ហើយនៅពេលក្រុមការងារវាស់វែងដីធ្លី ចុះវាស់ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ស្រាប់តែលេចមុខលោកស្នងការរងរូបនេះ ដឹកនាំមន្ត្រី ជំនាញ ចុះទៅចង្អុលបង្ហាញវាស់វែងយកដីនៅចំណុចខាងលើ ដោយបុគ្គលម្នាក់នេះ អះអាងថា ជាដីដែលម្តាយរបស់គាត់បានទិញពីលោកមេភូមិ និងមេឃុំចាស់ (មេឃុំជ្រៃ) តាំងពីអំឡុងឆ្នាំ២០០៨ ម៉្លេះ ដែលករណីនេះ ពួកគេបានស្នើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយ។

បើតាមលោកថាន់ ស៊ាន មេឃុំជ្រៃ បានឱ្យដឹងថា ករណីនេះ ពិតជាបានកើតឡើងមែន ដោយនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ភាគីប្រជាពលរដ្ឋ និងតំណាងរបស់ស្នងការរងរូបនោះ បានមកជួបដោះស្រាយគ្នាដែរ ដោយភាគីស្នងការរង ទាមទារយកចំណែក ៦០ភាគរយ ឱ្យ ពលរដ្ឋចំនួន ៤០ភាគរយ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមនោះទេ។

លោកមេឃុំ បន្តថា ការមិនយល់ព្រមនេះ ដោយសារនៅពេលពួកគេបានកាប់ឆ្ការដីទាំងអស់នោះ តាំងពីឆ្នាំ២០០៨ ហើយបានអាស្រ័យផលជាក់ស្តែង រហូតដល់ពេលរាជរដ្ឋាភិបាលប្រកាសឱ្យពលរដ្ឋចេញមុខទទួល ស្គាល់ ក៏បុគ្គលខាងលើមិនបានចេញមកដែរ ប៉ុន្តែដល់ពេលក្រុមការងារវាស់វែងដី មកកាត់ឆ្វៀល និងវាស់វែងធ្វើប្លង់ជូនពលរដ្ឋ ស្រាប់តែស្នងការរងរូបនេះ មកចង្អុលឱ្យក្រុមការងារវាស់វែងឱ្យខ្លួន ក្លាយជាម្ចាស់ដីទៅវិញ ហើយករណីនេះ មិនទាន់ដាច់ស្រេចនោះទេ។

គួរបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីខែធ្នូ ឆ្នាំ២០២១ គឺបានបញ្ឈប់ជា បន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើសុំកាន់កាប់ដីធ្លី ឬពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ដោយខ្លួនឯង រវាងបុគ្គលអ្នកលក់ និងបុគ្គលអ្នកទិញ និងការបញ្ជាក់ប្លង់ទីតាំង នៅលើដីរដ្ឋព្រៃលិចទឹក តំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សម្រាប់សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រង់ជំពូក២ មាត្រា៤ ការចុះបញ្ជីក្បាលដីផ្តល់ជូនទៅលើប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ដែលកំពុងអាស្រ័យផលជាក់ស្តែង ដែលចំណុចនោះ មានន័យថា មិនមានការទទួលស្គាល់នូវការទិញដូរ ពីកន្លងមកនោះទេ។

ពាក់ព័ន្ធនឹងដីតំបន់២ និងតំបន់៣នេះ រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានប្រកាសដកហូតដីតំបន់ព្រៃលិចទឹកទាំងអស់នោះ ហើយក៏បញ្ជាឱ្យក្រុមការងារកាត់ ឆ្វៀល ដីជូនពលរដ្ឋអាស្រ័យផលជាក់ស្តែង ដោយបញ្ហានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ កំពុងដុតដៃដុតជើងធ្វើការ ងារនេះបន្ត ដើម្បីចុះបញ្ជីជាប្រព័ន្ធ ឱ្យបានច្បាស់លាស់៕

RELATED ARTICLES