Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រោងចក្រអប់ផ្លែឈើ ភ្លើងឆេះខូចខាតជាង៣ម៉ឺនដុល្លារ

 រោងចក្រអប់ផ្លែឈើ ភ្លើងឆេះខូចខាតជាង៣ម៉ឺនដុល្លារ

ខេត្តប៉ៃលិន ៖ ទីតាំងរោងចក្រអប់ផ្លែឈើ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាត គិតជាទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមការរៀបរាប់ពីបុរសឈ្មោះអ៊ី សាវុធ អាយុ៤២ឆ្នាំ ជាមេការរោងចក្រអប់ផ្លែឈើខាងលើ បានឱ្យដឹងថា  ក្រោយពីកម្មករធ្វើការងារតាំងពីព្រឹក រហូតដល់ពេលល្ងាច ដោយនាំគ្នាអប់ផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវរមៀត រួចមក រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក៏នាំគ្នាទទួលទានអាហារពេលល្ងាច រួចឈប់សម្រាកតាមបន្ទប់រៀងៗខ្លួន។ រហូតដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែមានកម្មករស្រែកឆោឡោ ដោយសារឃើញអណ្តាតភ្លើងផុសចេញពីបន្ទប់អប់ផ្លែឈើ ហើយក៏នាំគ្នារត់រកទឹកធុង និងទុយោទឹក បាញ់ពន្លត់។ ប៉ុន្តែដោយសារនៅខាងក្នុងមានសុទ្ធតែក្រដាសខ្ចប់ផ្លែឈើ ពេញបន្ទប់ ទើបមិនអាចគ្រប់គ្រងស្ថានភាពបាន ក៏ប្រញាប់ទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យ ឱ្យជួយបាញ់ទឹកពន្លត់តែម្តង។

ប្រភពដដែល បន្តថា ការបាញ់ទឹកពន្លត់នេះ ត្រូវប្រើរថយន្តចំនួន ២គ្រឿង និងប្រើទឹកអស់ចំនួន ៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយបាញ់ពន្លត់ទាំងស្រុង នៅពេលព្រឹកថ្ងៃដដែល។ ការឆាបឆេះនេះ លោកសន្និដ្ឋានថា ដោយសារតែមានបញ្ហាទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់អប់ផ្លែឈើខាងលើ បណ្តាលឱ្យទទួលរងការខូចខាតអស់ជាច្រើន។

ប្រភពខាងលើ បន្តទៀតថា សរុបការខូចខាតទាំងក្រដាសប្រអប់ សម្រាប់អប់ផ្លែឈើ ទូអប់ផ្លែមៀនប៉ៃលិន ទូត្រជាក់ និងសម្ភារផ្សេងៗនៅក្នុងបន្ទប់នោះ គិតជាថវិកាប្រហែល ៣៥០០០ដុល្លារ។ ចំណែកក្រដាសខ្ចប់ផ្លែឈើ ដែលនៅសេសសល់ ត្រូវទទួលរងខូចខាតទាំងស្រុង ដោយសារតែបាញ់ទឹកពន្លត់ភ្លើង បណ្តាលឱ្យសើម៕

RELATED ARTICLES