Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្កាត់ពីភ្នំពេញ លួចកាត់ខ្សែភ្លើងនៅកំពត ជាប់ខ្នោះ

ស្កាត់ពីភ្នំពេញ លួចកាត់ខ្សែភ្លើងនៅកំពត ជាប់ខ្នោះ

ខេត្តកំពត ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងតាមបង្គោលត្រង់ស្វ័រ យ៉ាងសកម្ម ដែលធ្លាប់ធ្វើ សកម្មភាពបានសម្រេចរាប់ភ្លេច នៅរាជធានីភ្នំពេញ លុះមួយរយៈក្រោយ ដោយលំបាកធ្វើសកម្មភាពពេក ក៏ចូលមកទឹកដីខេត្តកំពត ដើរលួចកាត់ខ្សែភ្លើង បានចំនួន ១១លើករួចមកហើយ ទីបំផុតអស់លក្ខណ៍ ត្រូវសមត្ថកិច្ចជំនាញចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចសាលាអនុ វិទ្យាល័យឌីបុក មហាសាមគ្គី ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពុងបាយ ក្រុងកំពត។

ជនសង្ស័យ មានឈ្មោះម៉ៅ ព្រឹក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស កន្ត្រៃកាត់ដែក១ និងកាំបិតផ្លែឡាម ចំនួន១។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោយពីមានព័ត៌មានករណីចោរលួចកាត់ខ្សែភ្លើងជាច្រើនកន្លែង តាមបង្គោលត្រង់ស្វ័រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត នាពេលកន្លងមក លោកបានដាក់បញ្ជាឱ្យកងកម្លាំងនគរបាលក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ ចេញល្បាតជាប្រចាំតាមគោលដៅដែលមានត្រង់ស្វ័រ ក្នុងស្រុក ក្រុងទាំង៣ខាងលើ។ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលក្រុងកំពត ប្រទះឃើញជនសង្ស័យខាងលើ កំពុងរៀបចំកាត់ខ្សែភ្លើង នៅត្រង់ស្វ័រមួយកន្លែង ស្ថិតត្រង់ចំណុចអនុវិទ្យាល័យឌីបុក មហាសាមគ្គីក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពុងបាយ ក្រុងកំពត ក៏បាន ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងសម្រាប់ធ្វើសកម្មភាពកាត់ខ្សែភ្លើង ដើម្បីយកមកសាកសួរនៅអធិការ ដ្ឋាននគរបាលក្រុងកំពត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កន្លងមករូបគេបានធ្វើសកម្មភាពលួចកាត់ ខ្សែភ្លើងនៅតាមត្រង់ហ្វ័រ នៅឯរាជធានីភ្នំពេញ ជាច្រើនកន្លែង ស្ទើរតែរាប់ភ្លេចទៅហើយ តែដោយសារបច្ចុប្បន្ននៅភ្នំពេញ កម្លាំងសមត្ថកិច្ចច្រើនពេក ធ្វើឱ្យខ្លួនពិបាកលួចកាត់ខ្សែភ្លើង ក៏ចេញមកលួចកាត់តាមខេត្ត វិញម្តង ដូចជា ដើរធ្វើសកម្មភាពនៅខេត្តតាកែវ ខេត្តព្រះសីហនុ ហើយមួយរយៈចុងក្រោយនេះ ខ្លួនបានចូលមកទៅលួចកាត់ខ្សែភ្លើងតាមត្រង់ស្វ័រ ក្នុងស្រុកទឹកឈូ និងក្រុងកំពត បានសម្រេច សរុបចំនួន១១លើក រួចមកហើយ។ លុះចុងក្រោយ ពេលខ្លួនកំពុងរៀបចំបម្រុងកាត់ខ្សែភ្លើង ជិតអនុវិទ្យាល័យមួយ ក្នុងក្រុងកំពត ក៏ត្រូវកម្លាំងសមត្ថកិច្ចក្រុងកំពត ចាប់ឃាត់ខ្លួនបានតែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ ទៅចង្អុលនៅចំណុចបង្គោលត្រង់ស្វ័រដែលរូបគេបានធ្វើសកម្មភាពកាត់ខ្សែភ្លើង ទាំង១១ករណី នៅក្នុងស្រុកទឹកឈូ និងក្រុងកំពតផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES