Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានសំរាមហៀរទឹកស្អុយលើផ្លូវ អ្នកជិះម៉ូតូរអិលដួលច្រើននាក់

ឡានសំរាមហៀរទឹកស្អុយលើផ្លូវ អ្នកជិះម៉ូតូរអិលដួលច្រើននាក់

ភ្នំពេញ ៖ រថយន្តដឹកសំរាម របស់ក្រុមហ៊ុនប្រមូលសំរាម MIZUDA បានធ្វើឱ្យហូរទឹកស្អុយ ដែលមានជាតិរអិលដូចជាប្រេងម៉ាស៊ីន ឬខ្លាញ់លើដងលើផ្លូវលេខ២១៧ ហៅផ្លូវចម្ការដូង បណ្តាលឱ្យម៉ូតូជាច្រើនគ្រឿង បានរអិលដួល និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស ក្រោយពេលឃើញស្ថានភាពអាក្រក់បែបនេះ រដ្ឋបាលខណ្ឌដង្កោ បានទាក់ទងទៅកាន់ក្រុមហ៊ុននេះភ្លាមៗ ឱ្យបញ្ចេញឡានទឹករបស់ខ្លួន ទៅបាញ់លាងសម្អាតផ្លូវជាបន្ទាន់ និងបានណែនាំឱ្យក្រុមហ៊ុននេះ ទប់ស្កាត់បញ្ហានេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវចម្ការ ដូង ត្រង់ចំណុចផ្លូវចូលទៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តដឹកសំរាម របស់ក្រុមហ៊ុនប្រមូលសំរាម MIZUDA ខាងលើនេះ បានបើកបរតាមផ្លូវលេខ២១៧នេះ យ៉ាងមមាញឹករាល់ថ្ងៃ ហើយទឹកកខ្វក់ដែលនៅក្នុងសំរាម តែង តែហូរចេញមកធ្លាក់លើផ្លូវ ជាពិសេសនៅត្រង់ចំណុចផ្លូវបត់ចូលទៅកាន់ទីលានចាក់សំរាម។ ប៉ុន្តែថ្ងៃខ្លះ ហូរមកតិច មិនអីទេ គ្រាន់តែធុំក្លិនស្អុយប៉ុណ្ណោះ បើថ្ងៃណាហូរច្រើន បានធ្វើឱ្យរអិលដូចខ្លាញ់ ឬប្រេងម៉ាស៊ីន និងបណ្តាលឲ្យម៉ូតូជាច្រើនគ្រឿង រអិលដួល បង្កឱ្យមានគ្រោះថ្នាក់កើតឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤  មានម៉ូតូជាច្រើនគ្រឿង បានរអិលដូល និងធ្វើឱ្យមនុស្សជាច្រើននាក់ រងរបួស។

លោកហ៊ាង ញុ អនុប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ បានឱ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង នៅព្រឹកដដែលនោះ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បានអនុញ្ញាតឱ្យរូបលោកដឹកនាំកម្លាំង ចុះទៅពិនិត្យមើលនៅទីនោះ ពិតជារអិលបណ្តាលឱ្យម៉ូតូដួលច្រើនគ្រឿង បង្កគ្រោះថ្នាក់ ទើបប្រាប់ឱ្យក្រុមហ៊ុន MIZUDA លាងសម្អាតផ្លូវ ជាបន្ទាន់។ ពេលនោះក្រុមហ៊ុនបានយកឡានទឹករបស់ខ្លួន ១គ្រឿង ទៅធ្វើការបាញ់ទឹកលាងសម្អាតផ្លូវនោះឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់បន្តទៀត៕

RELATED ARTICLES