ភ្នំពេញ៖ព្រាប សុវត្ថិ បានរុញកូនទី៣សុវត្ថិ សិរីវុឌ្ឍ ឲ្យចូលGalaxy កាលពីថ្ងៃទី១៩ មីនា បន្ទាប់ពីកូនពៅលោកចាកចេញពីហង្សមាសជាង៣ឆ្នាំ ច្រៀងដោយគ្មានផលិតកម្ម។ការយកកូនពៅទៅច្រៀងនៅផលិតកម្មជាមួយខ្លួនរបស់លោកព្រាប សុវត្ថិ នាពេលនេះ បន្ទាប់ពីលោកសុវត្ថិ បាននាំកូនទី១សុវត្ថិ មុនីវណ្ណ ចូលGalaxy រយៈពេលជាង១ឆ្នាំ ទៅហើយ ហេតុនេះគិតត្រឹមឆ្នាំ២០២៤ លោកសុវត្ថិ នៅទុកតែកូនប្រុសទី២ សុវត្ថិ មុនីនាគ ប៉ុណ្ណោះ ឲ្យនៅក្រៅសែង្វៀន មិនទាន់ឲ្យចូលផលិតកម្មណាទាំងអស់ ក្រោយពីរូបគេចាកចេញពីហង្សមាសកាលពីឆ្នាំមុន។ប៉ុន្ដែបើលោកសុវត្ថិ ចង់ឲ្យមុនីនាគ ចូលGalaxy ច្រៀងរួមជាមួយលោកនិងបងប្អូនរបស់គេទាំងពីរដូចកាលនៅហង្សមាសដែរនោះគឺថៅកែGalaxy នឹងOk គ្រប់ពេលវេលាទាំងអស់ ព្រោះឥទ្ធិពលរបស់លោកសុវត្ថិ នៅផលិតកម្មថ្មីនេះនៅតែធ្វើឲ្យថៅកែនិងបុគ្គលិកគ្រប់ជាន់ថ្នាក់គោរពលោកក្នុងនោះគេកត់សម្គាល់មានដូចជាការចូលGalaxy របស់លោកសុវត្ថិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ផលិតកម្មមួយនេះបានធ្វើពិធីធំទទួលលោកដែលរៀបចំនៅសណ្ឋាគារមួយយ៉ាងប្រណិតថ្ងៃលោកបង្ហាញខ្លួននិងសន្និសីទកាសែត ខណៈដែលកូនប្រុសទាំងពីររបស់លោកគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ ចូលផលិតកម្មមួយនេះ តាមឪពុកក៍ថៅកែរៀបចំពិធីទទួលនិងប្រកាសជាផ្លូវការនៅសណ្ឋាគារមួយដូចគ្នាផងដែរ ដែលខុសពីការចូលGalaxy របស់តារាមួយចំនួនទៀតគឺគ្រាន់តែមានការប្រកាសនៅលើផេកប៉ុណ្ណោះក្នុងនោះមានដូចជានាងតន់ ច័ន្ទសីម៉ា,ហ៊ិន លីដា ,លោកខេម ,គូម៉ា ,ជុំ លីណូ,វង្ស ថាណាន់ និងNak Fake ជាដើម។
យ៉ាងណាគេកត់សម្គាល់ថាតាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសជាង៣ឆ្នាំ ដើម្បីទៅជ្រកនៅGalaxy នេះលោកនៅតែមិនទាន់មានបទចម្រៀងមួយបទណាមានទម្ងន់ដូចបទដែលលោកច្រៀងនៅផលិតកម្មចាស់នោះទេ ពោលគឺផ្ទុយទៅវិញផលិតកម្មនេះនាពេលបច្ចុប្បន្នមានតែខេមរៈ សិរីមន្ដ ទេដែលកំពុងតែអុកឡុកទីផ្សារចម្រៀងនិងការលេងខ្លួនប្លែកៗ។ចំណែកកូនប្រុសទី១រូបសង្ហាររបស់លោកសុវត្ថិ ឈ្មោះមុនីវណ្ណ រយៈពេលជាង១ឆ្នាំនៅGalaxy នេះក៍មិនទាន់បានបង្ហាញពីភាពលេចធ្លោបំផុតរបស់ខ្លួនដែរគឺមានតែការប្ដូរបញ្ចេកទេសពីច្រៀងបទស្លូវមកជាចង្វាក់រ៉េប ប៉ុណ្ណោះ។យ៉ាងណាការមកដល់Galaxy របស់កូនពៅលោកសុវត្ថិ នាពេលនេះគេនៅមិនទាន់ដឹងថាតើរូបគេនឹងធ្វើបានល្អជាងកាលនៅហង្សមាស ឬយ៉ាងណា ព្រោះតាមព័តមានថាសិរីវុឌ្ឍ ក្រៅពីច្រៀងក៍មានជំនាញតន្រ្ដីចេះធ្វើភ្លេង និងMix ដោយខ្លួនឯងផងដែរ។
តាមរយៈការរៀបចំយុទ្ធសាស្រ្ដឲ្យកូនៗរបស់លោកព្រាប សុវត្ថិ នាពេលនេះគឺ២ឆ្នាំនេះកូនចូលGalaxy ដល់ទៅ២នាក់នេះគេអាចព្យាករណ៍បានថានៅឆ្នាំ២០២៥ ខាងមុខនេះលោកសុវត្ថិ មានភាគរយខ្ពស់ក្នុងការនាំយកកូនទី២របស់លោកគឺសុវត្ថិ មុនីនាគ ឲ្យចូលGalaxy ទៀតជាមិនខាន ដែលពេលនោះឪពុកនិងកូនប្រុសទាំង៣ នឹងចាប់ដៃគ្នាច្រៀងសម្ដែង លេងក្បាច់រាំជាមួយគ្នាដូចកាលអំឡុងនៅហង្សមាសដែរជាមិនខាន។ប៉ុន្ដែរឿងសំខាន់ថាពេលនេះលោកព្រាប សុវត្ថិ ខ្លួនឯងលែងសូវមានបទល្បីៗដូចមុនតាំងពីប្ដូរទ្រនុំ ហេតុនេះថាលោកនឹងជួយកូនៗរបស់ខ្លួនឲ្យលេចធ្លោបានកម្រិតណានោះ គឺមានតែមហាជនទេដែលអាចកាត់សេចក្ដីបាន ខណៈដែលតាមដំណឹងថាលោកខែម ប៊ុនថៃ ក៍កំពុងតែព្យាយាមបណ្ដុះកូនច្បងរបស់ខ្លួនឲ្យចូលច្រៀងនៅGalaxy ដែរនៅពេលដែលកូនទី១របស់លោកមានវ័យធំជាងនេះបន្ដិច។
គួរបញ្ជាក់ថាកូនៗលោកព្រាប សុវត្ថិ ធ្លាប់ត្រូវបានថៅកែហង្សមាសទទួលយកឲ្យធ្វើជាតារាចម្រៀងហង្សមាសទាំង៣នាក់ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀងឡើយ។ប៉ុន្ដែសិរីវុឌ្ឍ បានដើរចេញពីហង្សមាសមុនបងៗរបស់គេពោលគឺនៅឆ្នាំ២០២០ ហើយពេលនេះកូនពៅលោកសុវត្ថិ ប្រកាសថានឹងធ្វើជាតារាចម្រៀងឯករាជ្យ ពោលគឺមិនចូលផលិតកម្មណាទេ ។តែពេលនេះលោកសុវត្ថិ បានរុញកូនទី៣ឲ្យចូលជ្រកនៅទ្រនុំជាមួយខ្លួន ប៉ុន្ដែនៅបន្ដ ផ្អឹបកូនទី២ មិនទាន់ឲ្យចូលGalaxy ឬចូលផលិតកម្មណាទៅវិញ ។
តើហេតុអ្វីបានជាព្រាប សុវត្ថិ មិនទាន់ឲ្យសុវត្ថិ មុនីនាគ ចូលGalaxy ជាមួយលោកនិងកូន២នាក់ផ្សេងទៀត?អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលព្រាប សុវត្ថិ មិនអាចយកកូនទាំង៣ទៅច្រៀងនៅផលិតកម្មជាមួយខ្លួនទាំងអស់ព្រមគ្នាតែម្ដងបែបនេះដោយសារតែលោកចង់រក្សារតម្លៃកូនរបស់លោក។
ក្រៅពីព្រាប សុវត្ថិ តារាដែលបណ្ដុះកូនឲ្យបន្ដតំណែងរបស់ខ្លួនមានដូចជាលោកហួរ ឡាវី ,ខាន់ ជេមស៍ ,ខេមរៈ សិរីមន្ដ ,ម៉េង កែវពេជ្ជតា ,កែវ កល្យាណ ,សឿន ផាភួង ,ចនច័ន្ទ និង យុគ ចិន្ដា ជាដើម ៕