Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រមុំ១៦ឆ្នាំ គេបោកយកទៅលក់នៅចិន ត្រឡប់មកដល់កម្ពុជា

 ក្រមុំ១៦ឆ្នាំ គេបោកយកទៅលក់នៅចិន ត្រឡប់មកដល់កម្ពុជា

ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីវ័យក្មេងម្នាក់ ដែលត្រូវបានមេខ្យល់លួងលោមបោកបញ្ឆោតយកទៅលក់នៅប្រទេសចិន ត្រូវគេចាក់សោបង្ខាំងក្នុងបន្ទប់ អស់រយៈពេល៦ខែ ហើយបានថតវីដេអូឃ្លីបអំពាវនាវសុំការសង្គ្រោះ និងត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយួអាជ្ញាធរចិន ស្រាវជ្រាវសង្គ្រោះបានដោយជោគជ័យនោះ ពេលនេះបានត្រឡប់មកដល់កម្ពុជា វិញ។

ក្មេងស្រីរងគ្រោះដែលត្រូវមេខ្យល់បោកបញ្ឆោតនាំយកទៅលក់នៅប្រទេសចិននោះ មានឈ្មោះរុំ ភីផា អាយុ១៦ឆ្នាំ (កើតថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥) មានលំនៅ ភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា ក្មេងស្រីដែលរងគ្រោះ នៅឯប្រទេសចិន ត្រូវបានកម្ពុជា ជួយសង្គ្រោះ ដោយមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួតរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជាពិសេសក្រោមឆត្រនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស គឺបានមកដល់កម្ពុជា ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជា វិញនេះ បានធ្វើឡើងក្រោយពីក្មេងស្រីកម្ពុជារូបនេះ បានអះ អាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារឱ្យធ្វើ ប៉ុន្តែបែរជាយកនាងទៅចាក់សោបង្ខាំងទុកក្នុងអគារមួយ នៅប្រទេសចិន។ តាមរយៈវីដេអូឃ្លីបចែកចាយនៅលើបណ្តាញសង្គម ក្មេងស្រីរងគ្រោះរូបនេះ បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីរាជរដ្ឋាភិបាលកម្ពុជា។

នៅពេលទទួលបានដំណឹងនេះ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសចិន ជាពិសេសស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសៀងហៃ សហ​ការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញ។

ភ្លាមៗក្រោយមកដល់ប្រទេសកំណើត ក្មេងស្រីរងគ្រោះ បានសម្តែងអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយសង្គ្រោះ ហើយបានបញ្ជូននាងមកប្រទេសកម្ពុជា ដោយសុវត្ថិភាពពេលនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ ឈ្មោះរុំ ភីផា បានបង្ហោះវីដេអូ និងសំណេំរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ “លី ណា“ ដោយរៀបរាប់ថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា ខ្ញុំមានឈ្មោះថា ភីផា មានអាយុ១៦ឆ្នាំហើយ អ្នកខេត្តត្បូងឃ្មុំ អ្នកស្រុកក្រូចឆ្មារ អ្នកភូមិសាច់ក្រោម ឥឡូវហ្នឹងខ្ញុំបានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯប្រទេសចិន គេថា យកខ្ញុំមកធ្វើការ ប៉ុន្តែគេយកខ្ញុំមកលក់ ហើយគេយកខ្ញុំមកឱ្យខ្ញុំយកប្តីចិន គេចាប់ខ្ញុំឃុំ៦ខែហើយ គេចាក់សោពីក្រៅទៀត អញ្ចឹងខ្ញុំមានតែម្រាម ដៃ១០ សំពះសុំជំនួយសម្តេចយាយ សម្តេចតា សម្តេចហ៊ុន សែន ជួយកូនចៅទៅវិញផង។ ឥឡូវហ្នឹងកូនចៅពិបាកណាស់ រស់នៅដូចអ្នកជាប់ គុកអញ្ចឹង គេធ្វើបាបខ្ញុំណាស់ គេចាប់ខ្ញុំឃុំដូចសត្វធាតុអញ្ចឹង។ បងប្អូនអើយ សូមជួយខ្ញុំផង រស់នៅអត់មានសេរីភាពទេ ខ្ញុំនៅក្មេងពេក គិតអត់ ទាន់បានវែងឆ្ងាយ។ ចាត់ទុកថាអា​ណិតខ្ញុំ បងប្អូនជួយស៊ែរម្នាក់មួយផង គេពិតជាធ្វើបាបខ្ញុំខ្លាំងណាស់ សូមប៉ូលិសនៅស្រុកខ្មែរ ជួយអន្តរាគមន៍ យកខ្ញុំទៅវិញផង ខ្ញុំពិតជាចង់ទៅវិញណាស់ ខ្ញុំទើបតែបានលេង Facebook ទេ ហើយក៏មិនសូវជាមានអ្នក​ស្គាល់ច្រើនដែរ បើបងប្អូនទាំងអស់ គាត់អាណិតខ្ញុំ ជួយស៊ែរម្នាក់មួយផង ខ្ញុំមិនសូវចេះនិយាយទេ បើខ្ញុំនិ​យា​យខុស សុំទោសទុកជាមុនបងប្អូន ខ្ញុំសង្ឃឹមថា លោកមិនព្រងើយកន្តើយ និងអាចជួយខ្ញុំបាន…”៕

RELATED ARTICLES