Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានក្លែងក្លាយ២នាក់ ប៉េអឹមចាប់វ៉ៃខ្នោះ

ទាហានក្លែងក្លាយ២នាក់ ប៉េអឹមចាប់វ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នករកស៊ីដើរខួងអណ្តូង និងម្នាក់ទៀត ជាអ្នកលក់ដូរធម្មតា ស្រាប់តែបែកគំនិតបបួលគ្នាទិញឯកសណ្ឋានយោធា និងស័ក្តិ មកពាក់ ព្រមទាំងក្លែងបន្លំឯកសារកងទ័ពថែម ទៀត ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថ ចុះស្រាវ ជ្រាវឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យក្លែងបន្លំឯកសណ្ឋានកងទ័ពនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះកាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរខួងអណ្តូង មានលំនៅ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងទី២-ឈ្មោះសួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលា ម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជ អាវុធហត្ថ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្ក្រាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ឈ្មោះកាន់ យ៉ុង និងឈ្មោះសួង តារា) ព្រមទាំងដកហូតវត្ថុតាង រួមមាន មួកកាសស្កេតពណ៌ត្រេអ៊ី ចំនួន២។ សម្លៀកបំពាក់យោធា លេខ០៣ (២កំប្លេ)។ ខ្សែក្រវាត់យោធា ចំនួន១។ ឋានន្តរស័ក្តិ ២គូ (ស័ក្តិ៤ និងស័ក្តិ៥)។ គ្រឿងឥស្សរិយយស ចំនួន២ផ្ទាំង។ ស្លាកឈ្មោះ ១ស្លាក។ សញ្ញាអគ្គបញ្ជាការ ចំនួន២។ សញ្ញាកងយោធពលខេមរភូមិន្ទ ចំនួន២។ ស៊ីងកាំភ្លើងពាក់កអាវ ចំនួន២គូ។ សញ្ញាកងការពារព្រំដែន ១ (ក្រណាត់)។ សេចក្តីសម្រេចតែងតាំង ចំនួន២សន្លឹក។ លិខិតបញ្ជាបេសកកម្ម ចំនួន១សន្លឹក។ លិខិតធានាមិនទាន់បំពេញ ចំនួន៣សន្លឹក។ កុំព្យូទ័រ Laptob ចំនួន១គ្រឿង និងរថយន្តម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៤ ស្លាក លេខ ភ្នំពេញ 2AG-8425 ចំនួន១គ្រឿង។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES