Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៤ខ្នងហ្មត់

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៤ខ្នងហ្មត់

ខេត្តត្បូងឃ្មុំ ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន៤ខ្នង រួមទាំងរោងដាក់ថ្នាំហាល ១ខ្នងផង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញអស់គ្មានសល់ ត្រឹមតែមួយប៉ប្រិចភ្នែក ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិចន្លុះកើត ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

ផ្ទះទាំង៤ខ្នង រួមនិងរោងហាលថ្នាំ ១ខ្នង ដែលរងការឆាបឆេះ រួមមាន ទី១-ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះសែម យេត ភេទស្រី អាយុ៩៣ឆ្នាំ (ផ្ទះបិទទ្វារទុលចោល ម្ចាស់មិននៅ)។ ទី២-ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ ៧ម៉ែត្រ គុណនឹង ១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះជីម ស៊ាង ភេទប្រុស អាយុ៧៦ឆ្នាំ។ ទី៣- ផ្ទះសង់ខ្ពស់ផុត ពីដី ទំហំ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះឡាច តុលា ភេទប្រុស អាយុ៥០ឆ្នាំ។ ទី៤-ផ្ទះ សង់ខ្ពស់ផុតពីដី ទំហំ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះឡាច នៅ ភេទប្រុស អាយុ៦០ឆ្នាំ និងទី៥-រោងថ្នាំសង់ផ្ទាល់ដី ទំហំ១២ម៉ែត្រ គុណនឹង ១៤ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះទូច សុខលីម ភេទប្រុស អាយុ៥៧ឆ្នាំ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានឱ្យរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីបង្ការកុំឱ្យមានគ្រោះអគ្គិភ័យឆេះរាលដាលកាន់តែធំឡើង។

លោកអធិការ បន្តថា បន្ទាប់ពីទទួលបានព័ត៌មានបន្ទាន់ ពីលោកនាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រូបលោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ១គ្រឿង ដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ចេញអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកទប់ស្កាត់ កុំឱ្យឆេះរាលបន្តទៅផ្ទះផ្សេងទៀតនៅក្នុងភូមិ។ គ្រានោះម្ចាស់ផ្ទះ រួមទាំងអ្នកភូមិ បានដងទឹក និងបូមទឹកបាញ់ពន្លត់បឋមផងដែរ។

លោកអធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើ មាន ការចូលរួមពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំនួន១គ្រឿង និងមានការចូលរួមសហការពីរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពផ្សេងទៀត សរុបចំនួន ៧គ្រឿង ជួយអន្តរាគមន៍ដោយប្រើប្រាស់អស់ទឹកចំនួន ១២រថយន្ត និងបាញ់ពន្លត់រហូតដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែល ទើបភ្លើងបានរលត់ ទៅវិញទាំងស្រុង។ ចំពោះមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។

ចំពោះការខូចខាត រួមមាន ផ្ទះ ចំនួន៤ខ្នង រោងថ្នាំ ចំនួន១ខ្នង សន្លឹកថ្នាំក្រៀម ៨,៥តោន លុយខ្មែរ ១០លានរៀល លុយដុល្លា ៥០០ដុល្លារ ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ទូទឹកកក ១គ្រឿង និងសម្ភារៈផ្សេងៗជាច្រើនទៀត៕

RELATED ARTICLES