Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគោ កាប់ពន្លះសាច់ ម្ចាស់គេទាន់ ជាប់ខ្នោះ

លួចគោ កាប់ពន្លះសាច់ ម្ចាស់គេទាន់ ជាប់ខ្នោះ

ខេត្តក្រចេះ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចគោអ្នកភូមិ ១ក្បាល យកមកសម្ងំកាប់ពន្លះសាច់លក់ ស្រាប់តែម្ចាស់គោប្តឹងសមត្ថកិច្ច ចុះស្រាវជ្រាវតាមរក ប្រទះឃើញជនសង្ស័យម្នាក់ កំពុងអង្គុយពន្លះសាច់គោរបស់ជនរងគ្រោះ ក៏ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យលួចគោនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពី រ៉ហាន ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានលំនៅ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ចំណែកជនរងគ្រោះជាម្ចាស់គោ មានឈ្មោះស្លេះ យូសុះ ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានលំនៅ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ ពីឈ្មោះស្លេះ យូសុះ ថា កាលពីវេលាម៉ោងប្រហែល ៨ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គាត់បានយកគោជាច្រើនក្បាល ទៅចងឱ្យស៊ីស្មៅនៅលើដីចម្ការរបស់អ្នកស្រុក ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ដូចសព្វដង។ លុះដល់វេលារសៀលថ្ងៃដដែល គាត់បានទៅយកគោមកផ្ទះវិញ ស្រាប់តែបាត់គោ ១ក្បាល ទើបនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ គាត់បានទៅរាយការណ៍ និងប្តឹងផ្ទាល់មាត់នៅស្នាក់ការសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយពីទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចនគរបាលជំនាញស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រោមការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចុះទៅធ្វើការពិនិត្យស្រាវជ្រាវ និងឈានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះពី រ៉ហាន ដែល ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងដកហូតសម្ភារវត្ថុតាង សត្វគោងាប់ ចំនួន១ក្បាល ដែលជនសង្ស័យកំពុងពន្លះយកសាច់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេ និងបក្ខពួក២នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចគោ ១ក្បាល របស់អ្នកភូមិ ឈ្មោះស្លេះ យូសុះ ដើម្បីពន្លះយកសាច់លក់ប្រាកដមែន។ជន សង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES