Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ម្ចាស់គេទាន់ រត់ពួនក្នុងផ្ទះ ប៉ូលិសចាប់វ៉ៃខ្នោះ

ចោរលួចម៉ូតូ ម្ចាស់គេទាន់ រត់ពួនក្នុងផ្ទះ ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចអូសចេញមកខាងក្រៅ បញ្ឆេះបម្រុងជិះគេចខ្លួន ស្រាប់តែត្រូវម្ចាស់គេប្រទះឃើញទាន់ ស្រែកឆោឡោ ភ័យខ្លួនផ្តួលម៉ូតូរត់គេចទៅពួនសម្ងំក្នុងផ្ទះបាត់ លុះរំលងបានតែ ១ម៉ោង ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់វាយខ្នោះដល់ផ្ទះ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំ ណុចក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ។ រហូតមកដល់វេលាម៉ោង ៥និង៥០នាទីល្ងាចថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យជាចោរលួចម៉ូតូ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ពោធិ៍សាត់ 1J-4799 ជាកម្មសិទ្ធិរបស់ជនរង គ្រោះឈ្មោះកែវ កឿន ភេទប្រុស អាយុ៧៥ឆ្នាំ មានលំនៅ ក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ មានករណីលួចម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ពោធិ៍សាត់ 1J-4799 ដោយជនសង្ស័យបានអូសចេញមកក្រៅផ្ទះ រួចបញ្ចេះម៉ូតូ ប៉ុន្តែត្រូវម្ចាស់ម៉ូតូតាមទាន់ ហើយជនសង្ស័យចុះពីលើម៉ូតូ រត់គេចបាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញនគរបាល យុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃដដែល កំណត់អត្តសញ្ញាណ និងឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះ លាក់ គា នៅចំណុចផ្ទះរបស់ជនសង្ស័យ និងបានដកហូតឧបករ ណ៍ប្រើប្រាស់ថ្នាំញៀន និងម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិច ចំនួន១កញ្ចប់។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES