Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចៅអធិការវត្ត និងក្រុមប្រឹក្សាឃុំ ទាស់គ្នារឿងកាយដីស្រះ

 ចៅអធិការវត្ត និងក្រុមប្រឹក្សាឃុំ ទាស់គ្នារឿងកាយដីស្រះ

ខេត្តតាកែវ ៖ ព្រះចៅអធិការវត្តអង្គរកា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ បានសម្តែងប្រតិកម្ម មិនសប្បាយព្រះទ័យយ៉ាងខ្លាំង ចំពោះក្រុមប្រឹក្សាឃុំបឹងត្រាញ់ខាងជើងមួយរូប ដែលបានហៅគ្រឿងចក្រ មកកាយស្រះ ដោយពុំបានសុំការអនុញ្ញាតពីព្រះអង្គ។

ករណីនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចវត្តអង្គរកា ស្ថិតក្នុងភូមិខ្នាខាង ត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

ព្រះតេជគុណ ញៀន ទូច ចៅអធិការវត្តអង្គរកា បានឲ្យដឹងថា ឈ្មោះខៀវ សម្រស់ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំបឹងត្រាញ់ខាងជើង បានដាក់គ្រឿងចក្រ ១គ្រឿង តាំងតែពីល្ងាចថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីកាយស្រះវត្ត ដោយពុំបានសុំការអនុញ្ញាតពីព្រះអង្គ សូម្បីតែមួយម៉ាត់។ ព្រះតេជគុណ បន្តថា ព្រះ អង្គបានចុះទៅឃាត់ ហើយប្រាប់ឱ្យម្ចាស់គ្រឿងចក្រ និងឈ្មោះខៀវ សម្រស់ មកនិយាយគ្នា ប៉ុន្តែពួកគេបានគេចវេះ ហើយសូម្បីតែពាក្យសុំទោស ក៏គ្មានដែរ។

ទាក់ទងបញ្ហានេះ លោក ខៀវ សម្រស់ បានថ្លែងថា ស្រះដែលក្រុមលោកបានចុះកាយយកអាចម៍ដីនោះ មិនស្ថិតក្នុងបរិវេណវត្តទេ គឺនៅក្បែរសាលារៀន ហើយការកាយនេះ ក៏មានការយល់ព្រមពីសហគមន៍ និងមេភូមិ ហើយដែរ។

ជុំវិញករណីខាងលើនេះ លោកញ៉េប ឡេង មេឃុំបឹងត្រាញ់ខាងជើង បានប្រាប់ថា ចៅអធិការវត្ត និងឈ្មោះខៀវ សម្រស់ ដែលជាមន្ត្រីក្រុមប្រឹក្សាឃុំ បានត្រូវរ៉ូវគ្នាក្នុងការកាយស្រះនេះ តែអ្វីដែលមិនត្រូវគ្នានោះ គឺត្រង់ចំនួនឡាន ដែលគេកាយលើសពីអ្វីដែលបានព្រមព្រៀងគ្នា។ យ៉ាងណាក៏ដោយ លោកថា ឥឡូវករណីនេះបានបញ្ចប់ហើយ ដើម្បីរង់ចាំឱ្យមានការសម្របសម្រួលដោះស្រាយជាថ្មី៕

RELATED ARTICLES