Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជម្រះស្មៅពូនផ្នូរ ដុតឆេះផ្អើល

 ជម្រះស្មៅពូនផ្នូរ ដុតឆេះផ្អើល

ភ្នំពេញ ៖ ព្រៃស្មៅនៅក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់អង្គភាព៧១១ បាញ់ទឹកពន្លត់ភ្លាមៗ ដែលករណីនេះ ត្រូវបានសង្ស័យថា បណ្តាលមកពីអ្នកពូនផ្នូរ ជម្រះស្មៅផ្នូរ រួចប្រមូលដុត តែមិននៅរង់ចាំមើល ក៏ចាកចេញទៅបាត់ ទើបធ្វើឱ្យឆេះរាល កើតជាអគ្គិភ័យតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា ដីឡូត៍នេះទំនេរយូរឆ្នាំមកហើយ ពុំទាន់មានការអភិវឌ្ឍទៅជាអ្វីនៅឡើយ ដោ យម្ចាស់ ធ្វើរបងព័ទ្ធទុកចោល និងមានព្រៃស្មៅដុះពេញ។ លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលពួក គាត់កំពុងស្ថិតនៅក្នុងផ្ទះសុខៗ ស្រាប់ធុំក្លិនផ្សែងភ្លើង លុះរកមើល ក៏ប្រទះឃើញភ្លើងកំពុងតែឆេះព្រៃនិងស្មៅ ក្នុងដីឡូត៍ យ៉ាងសន្ធោសន្ធៅទៅហើយ។

ប្រភពដដែល បន្តថា ភ្លាមនោះពួកគាត់ប្រញាប់រាយការណ៍ទៅអាជ្ញាធរសង្កាត់ត្រពាំងក្រសាំងឱ្យជួយអន្តរា គមន៍ពន្លត់ ព្រោះបារម្ភខ្លាចក្រែងឆេះរាលដល់កន្លែងផ្សេង ជាពិសេសឆេះរាលចូលក្នុងភូមិ បង្កគ្រោះមហន្តរាយដល់ផ្ទះសម្បែងពួកគាត់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ អាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ត្រពាំងក្រសាំង បានប្រមូលកម្លាំងចុះទៅធ្វើការពន្លត់ភ្លើង ដោយមានកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ចូលរួមផងដែរ។ ខណៈនោះ ការឆេះមានទំហំធំ មិនអាចពន្លត់ឈ្នះ ទើបអាជ្ញាធរបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន១គ្រឿង ឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទាំងស្រុង។

ជុំវិញហេតុការណ៍ខាងលើ សមត្ថកិច្ចបានដាក់ការសង្ស័យថា អាចបណ្តាលមកពីអ្នកពូនពូនផ្នូរ ជម្រះស្មៅផ្នូរ រួចប្រមូលដុត តែមិនព្រមនៅមើលឱ្យភ្លើងរលត់ត្រឹមត្រូវ ក៏ចាកចេញទៅបាត់ ទើបធ្វើឱ្យភ្លើងឆេះរាល ក្លាយជាហេតុការណ៍ភ្ញាក់ផ្អើលបែបនេះ៕

RELATED ARTICLES