Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកបញ្ឈរជើង នាយរងប៉ុស្តិ៍ កាត់តរូបភាព ភូតកុហកថ្នាក់លើ

ដកបញ្ឈរជើង នាយរងប៉ុស្តិ៍ កាត់តរូបភាព ភូតកុហកថ្នាក់លើ

ខេត្តតាកែវ ៖ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ១រូប ត្រូវបានថ្នាក់លើចាត់តាំងឱ្យចុះធ្វើការផ្សព្វផ្សាយច្បាប់ និងសារអប់រំ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន ចរាចរណ៍ ព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រាប់មីន ក្មេងទំនើង ជាដើម នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែអំឡុងពេលចុះផ្សព្វផ្សាយ មិនសូវមានប្រជាពលរដ្ឋមកចូលរួម ក៏បែកគំនិតកាត់តរូបភាពបញ្ចូលបន្ថែម ឱ្យឃើញមានវត្តមានប្រជាពលរដ្ឋចូលរួមច្រើន រួចផ្ញើជារបាយការណ៍ទៅឱ្យថ្នាក់លើ ផ្សព្វផ្សាយ តាមផេកផ្លូវការ ស្រាប់តែត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម ចាប់ថ្នាក់បាន ធ្វើការរិះគន់ រហូតត្រូវបានលោកស្នងការខេត្ត បញ្ជាឱ្យស្រាវជ្រាវ និងឈានដល់ការដកបញ្ឈរជើងនាយរងប៉ុស្តិ៍ ដែលធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ។

នាយរងប៉ុស្តិ៍នគរបាល ដែលត្រូវបានដកបញ្ឈរជើង មានឈ្មោះ ចេន មឿន ឋានន្តរស័ក្តិអនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់។

គួរបញ្ជាក់ថា ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានធ្វើការចែករំលែកនូវរូបភាពចំនួន២សន្លឹក បង្ហាញពីការចុះផ្សព្វផ្សាយច្បាប់ និងសារអប់រំ របស់កម្លាំងសមត្ថកិច្ច ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលក្នុងនោះត្រូវបានគេកត់សម្គាល់ឃើញថា មានរូបមនុស្សប្រុសស្រី ចំនួន២សន្លឹក ជារូបភាពដែលត្រូវគេកាត់តបញ្ចូល  ព្រមទាំងភ្ជាប់ជាមួយសំណេរបែបចំអកថា “ប្រជាជនឱ្យស្ពាយអង្ករដើររក បើមានអ្នកសកម្មដូចគាត់២នាក់ បង្ហាញព្រួញណុង គាត់ចូលរួមកម្មវិធីរបស់ប៉ុស្តិ៍ យកទាំងកៅអីដដែល យកទាំងអាវដដែល មកទៀត ខ្លាចអត់កន្លែងអង្គុយ ខ្លាចអត់គេចំណាំគាត់…”។

បន្ទាប់ពីមានការរិះគន់ខាងលើរួចមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យឃើញនូវរូបភាពមួយចំនួន ដែលគណនីហ្វេសប៊ុក របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានផុសផ្សាយនូវខ្លឹមសារ និងរូបភាពស្តីពីការចុះផ្សព្វផ្សាយច្បាប់ និងសារអប់រំ មានគ្រឿងញៀន ចរាចរណ៍ ព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រាប់មីន ក្មេងទំនើង ជាដើម របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ដឹកនាំដោយលោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកគិរីវង់ ធ្វើការកោះអញ្ជើញមន្ត្រីពាក់ព័ន្ធ មកធ្វើការប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរ បានឱ្យដឹងថា រូបភាព ២សន្លឹកនោះ ពិតជាបានកាត់តប្រាកដមែន ដោយលោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច មូលហេតុព្រោះតែកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកចេន មឿន បានដឹកនាំកម្លាំង ចុះធ្វើវេទិកា សាធារណៈនៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ តែមិនមានមនុស្សចូលរួម (ចូលរួមបានតែ៥នាក់ ស្រី៣នាក់) ក៏កាត់តបន្ថែម ក្នុងគោលបំ ណងផ្ញើមកផ្នែកកិច្ចការប៉ុស្តិ៍ ជារបាយការណ៍ ហើយអធិការដ្ឋាន ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានឃើញ និងចូលរួមបានច្រើន មិនមានគោលបំណងណាផ្សេងនោះឡើយ។

លោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ត្រូវបានស្នងការដ្ឋាននគរបាលខេត្តតាកែវ ហៅមកអប់រំណែនាំ ក្រោមរូបភាពដកមកការិយាល័យបុគ្គលិកដើម្បីអប់រំកែប្រែកំហុសឆ្គង មូល ហេតុល្មើសវិន័យ។ ដោយឡែកលោកអធិការរងទទួល ការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអនុ សេនីយ៍ឯក គិត សែនពិសិដ្ឋ នាយប៉ុស្តិ៍ស្តីទី ត្រូវបានធ្វើការអប់រំព្រមានលើកទី១ មូលហេតុខ្ជីខ្ជាលើការងារគ្រប់ គ្រង៕

RELATED ARTICLES