Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម យកគ្រាប់បេ ញ៉ុករន្ធកណ្តុរ ៣០ឆ្នាំ ទើបស៊ីម៉ាក់ដឹង

 យកគ្រាប់បេ ញ៉ុករន្ធកណ្តុរ ៣០ឆ្នាំ ទើបស៊ីម៉ាក់ដឹង

ខេត្តត្បូងឃ្មុំ ៖ ក្រុមគ្រួសារមួយ បានយកគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ដែលទម្ងន់ជាង ២គីឡូក្រាម ទៅញ៉ុករន្ធកណ្តុរ នៅជញ្ជាំងផ្ទះរបស់ខ្លួន អស់រយៈពេលជាង៣០ឆ្នាំមកហើយ លុះក្រោយពីទទួលបានព័ត៌មានបែបនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ (CMAC) បានចុះអន្តរាគមន៍ ដោះចេញភ្លាមៗ។

ក្រុមគ្រួសារដែលយកគ្រាប់បេ ញ៉ុករន្ធកណ្តុរ មានលំនៅក្នុងភូមិចម្ការគ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គ្រួសារមួយនៅ ភូមិចមម្ការគ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានយកគ្រាប់មិនទាន់ផ្ទុះដោតនៅបំពង់ទុយោ ជាប់ជញ្ជាំង ដើម្បីទប់រន្ធមិនឱ្យកណ្តុរចូលផ្ទះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ គ្រាប់នេះ ត្រូវបានក្រុមស៊ីម៉ាក់ ដោះបានដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែមីនា។

លោកហេង រតនា  បានបន្តថា ក្នុងឆ្នាំ១៩៩៤-១៩៩៥ ប្តីរបស់គាត់ (ម្ចាស់ផ្ទះ) បានឃើញសត្វកណ្តុរ រត់ចេញចូលតាមបំពង់ទីបនោះញឹកញាប់ពេក គាត់ក៏យកគ្រាប់នោះ ទៅញ៉ុកបំពង់ទីប ដើម្បីកុំឱ្យសត្វកណ្តុរ ចេញចូលតាមបំពង់ទីបនោះតទៅទៀត។ ប៉ុន្មានឆ្នាំក្រោយមក ប្តីរបស់គាត់បានស្លាប់បាត់ទៅ ហើយគ្រាប់នេះ ក៏នៅជាប់បំពង់ទីប រហូតមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា គ្រាប់បេ ដែលញ៉ុករន្ធកណ្តុរនោះ ជាគ្រាប់ត្បាល់ ទំហំ៦០មិល្លីម៉ែត្រ ទម្ងន់ ២០០០ក្រាម (២គីឡូក្រាម) ប្រភេទគ្រាប់ផ្សែង WP ផលិតនៅសហរដ្ឋអាមេរិក ប្រវែង២៧០សង់ទីម៉ែត្រ មានសារធាតុផ្ទុះ WP ៣៥២ ក្រាម៕

RELATED ARTICLES