Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះក្មេងទំនើងដេញកាប់គ្នា ១០នាក់

 វ៉ៃខ្នោះក្មេងទំនើងដេញកាប់គ្នា ១០នាក់

ភ្នំពេញ ៖ ក្មេងទំនើង ចំនួន២ក្រុម ដែលក្នុងនោះ ១ក្រុម បានធ្វើសកម្មភាពអុកឡុក ជិះម៉ូតូស្រែកឡូឡា បង្ក ភាពអនាធិបតេយ្យតាមផ្លូវនៅពេលយប់ និង ១ក្រុមទៀត ដេញកាប់ចាក់គ្នាតាមផ្លូវ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន ដោយឃាត់ខ្លួនសរុបចំនួន១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រមុខព្រះបរមវាំង តាមផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងនៅបុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការ ងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២ក្រុមផ្សេងគ្នា សរុបចំនួន១០នាក់។

ប្រភពដដែល បន្តថា ករណីទី១-កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន៥នាក់ ដែលកំពុងជិះម៉ូតូស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន។ ក្រុមក្មេងទំនើងខាងលើនេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ជិះម៉ូតូដេញកាប់គ្នា) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦ កែវផ្លូវព្រះមុនីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌ ឱ្យដឹងថា ក្រុមក្មេងទំនើង ដែលកម្លាំងជំនាញឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះកុយ ចាន់ដារ៉ា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីម ជ្រោយចង្វា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ទី២-ឈ្មោះហួ ស៊ុនហាក់ ភេទប្រុស មុខរបរសិស្សវិទ្យាល័យជ្រោយចង្វា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិ លេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ទី៣-ឈ្មោះម៉ូវ ប៉ែត ភេទប្រុស មុខរបរដឹកទំនិញតាមអនឡាញ ស្នាក់នៅ ផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទី៤-ឈ្មោះសាន តារា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីម ជ្រោយចង្វា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា និងទី៥-ឈ្មោះចន្ធី សិលា ភេទប្រុស មុខរបរ សិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IO-1733 ចំនួន១គ្រឿង និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JX-7327 ចំនួន១គ្រឿង។

ដោយឡែក ករណីទី២-នៅថ្ងៃដដែលនោះដែរ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន៥នាក់ នៅចំណុចបុរីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណីហិង្សា កាប់គ្នាទៅវិញទៅមក ដែលធ្វើខូចខាតម៉ូតូ ចំនួន២គ្រឿង។

ក្រុមក្មេងទំនើងទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES