Monday, April 29, 2024
Homeសង្គម និងជីវិតលោកស្រីទ្រី ដាណា អន់ចិត្តគ្រួសារប្តី ប្រកាសត្រឡប់មកស៊ីងហ្គលវិញឆាប់ៗ

លោកស្រីទ្រី ដាណា អន់ចិត្តគ្រួសារប្តី ប្រកាសត្រឡប់មកស៊ីងហ្គលវិញឆាប់ៗ

ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងក្រុមហ៊ុន NNP ដែលមានកេរ្តិ៍ឈ្មោះល្បីថាជាអ្នកមានចិត្តសប្បុរសធម៌នោះ ក្រោយពីបានរៀបការជាមួយស្វាមីថ្មី ជាកំលោះក្មេង រូបសង្ហា លោក រស់ រាជ្ជសាល បានជិត ៣ខែមក ពេលនេះ ទំនងជាអន់ចិត្តនឹងគ្រួសារខាងប្តី និងប្តី ស្រាប់តែលោកស្រីបានប្រកាសត្រឡប់មករកភាពស៊ីងហ្គល (Single=នៅលីវ) ម្តងទៀតឆាប់ៗនេះ ដោយលោកស្រីថា កន្លែងណាមិនផ្តល់តម្លៃឲ្យលោកស្រីៗមិននៅយូរទេ។

លោកស្រី សេដ្ឋិនី ទ្រី ដាណា បានលើកឡើងថា បន្ទាប់ពីលោកស្រីសម្រេចចិត្តរៀបការរួច លោកស្រីបានគិត ដល់រឿងជាច្រើន ធ្វើយ៉ាងណាដើម្បីជីវិតគ្រួសារដើរទៅមុខរលូន ដោយលោកស្រីបានឲ្យលុយប្តី ទាំងម៉ឺនៗ ដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់ ជូនលុយ និងប្រាក់ខែម្តាយក្មេកជាប្រចាំយ៉ាងទៀតទាត់ និងផ្ដល់ការងារតម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យប្អូនថ្លៃប៉ុន្តែអ្វីដែលលោកស្រីធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្តនិងការចង់បាន ។ 

លោកស្រី ទ្រី ដាណា ថ្លែងថា លោកស្រីអាណិតប្ដី ដែលស្រលាញ់លោកស្រី តែប្តីលោកស្រីហាក់នៅជាប់ ចំណងជាមួយគ្រួសារខ្លាំងពេក គិតគ្រួសារខាងខ្លួនគ្រប់ពេល ទាំងដែលគាត់មានភរិយា បានបែកផ្ទះទៅហើយ។ លោកស្រីថា សម្ពាធបែបនេះ លោកស្រីមិនអាចទទួលបានទៀតទេ ហើយលោកស្រីនឹងគិតឡើងវិញ។

លោកស្រី ទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា «ខ្ញុំនឹងត្រឡប់មកវិញជាមួយនិងភាពស៊ីងហ្គល ម្តងទៀតឆាប់ៗនេះ កន្លែងណាមិនផ្តល់តម្លៃឲ្យខ្ញុំ ខ្ញុំមិននៅយូរទេ»។

លោកស្រី ទ្រី ដាណា បានសរសេរបន្ថែមថា «ខ្ញុំជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេលែងឲ្យតម្លៃ។ បន្ទាប់ពីខ្ញុំសម្រេចចិត្តរៀបការរួច ខ្ញុំបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណាដើម្បីជីវិតគ្រួសារដើរទៅមុខរលូន (ឲ្យលុយប្តីទាំងម៉ឺន ដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់) គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកា ម្ដង 1000$  2000$ មិនដែលដាច់ ឲ្យតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំ យ៉ាងទៀតទាត់។ សម្រាប់ប្អូនគាត់ ខ្ញុំក៏បានផ្ដល់ការងារ តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែអ្វីដែលខ្ញុំធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្តនិងការចង់បាន។ យូរៗខ្ញុំក៏ក្លាយជាមនុស្សម្នាក់ដែលអាក្រក់នៅក្នុងភ្នែកអ្នកដទៃ នៅពេលគេឃើញវីដេអូម្ដាយក្មេក ហូបបាយជាមួយទឹកត្រី ទាំងខ្ញុំបានផ្ដល់ប្រាក់ខែ ជូនគាត់ហើយ មិនមានការខ្វះខាត។ តើឲ្យខ្ញុំជួយយ៉ាងណាទៀត? ត្រូវផ្ដល់អ្វីខ្លះទៀត បើគ្រឿងអលង្ការ ក៏ជូន ប្រាក់ខែ ក៏ជូន ពេលទៅលេង ក៏ជូន?»។

លោកស្រី ទ្រី ដាណា បានសរសេរបន្តថា​ «ខ្ញុំក៏អាណិតប្ដី ដែលស្រលាញ់ខ្ញុំ តែគាត់នៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ ខ្ញុំមិនដឹងថា ហេតុអ្វីគាត់ត្រូវគិតគ្រប់ពេល ទាំងដែលគាត់បានបែកផ្ទះទៅហើយ? ជីវិតគ្រួសារ ពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើងដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។ ពេលខ្លះ ខ្ញុំឆ្ងល់ថា តើខ្ញុំត្រូវធ្វើអ្វីខ្លះទៀត? តើខ្ញុំជំពាក់ពួកគាត់មែនទេ? សម្ពាធបែបនេះ ខ្ញុំមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ! មនុស្សខ្ញុំ អ្នកណាមិនផ្តល់តម្លៃឲ្យ ខ្ញុំក៏គិតសាឡើងវិញដូចគ្នា»៕

RELATED ARTICLES