Wednesday, October 16, 2024
Homeព័ត៌មានជាតិផ្អើលគ្រូទាយ មើលឃើញ៣ភព អាជ្ញាធរចុះបង្ក្រាប មើលអត់ឃើញ

ផ្អើលគ្រូទាយ មើលឃើញ៣ភព អាជ្ញាធរចុះបង្ក្រាប មើលអត់ឃើញ

ភ្នំពេញ ៖ ក្រុមគ្រួសារគ្រូទាយមួយ ដែលល្បីថា មើលឃើញ៣ភព ចេះទស្សន៍ទាយ សម្តែង ដោះអំពើ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរធម្មការនិងសាសនា និងអាជ្ញាធរចុះបង្ក្រាប ដោយណែ នាំឱ្យបញ្ឈប់ការបង្ហោះវីដេអូសកម្មភាពទស្សន៍ទាយ អួតអាងពីអភិនីហារ ការដោះអំពើ ជាដើម ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរសង្គម ។

តាមប្រភពមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទះលោកគ្រូចាប់សរសៃ ឈ្មោះសុត កុសល្យ និងកូនស្រី ឈ្មោះកុសល្យ សុខមីល ហៅគ្រូក្មេង មើលឃើញ ៣ភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុ ណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរសង្គម តាមរយៈបណ្តាញសង្គមនានា។

លោកសុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) បានយល់ព្រមចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងសូមអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រី ទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

យោងតាមកិច្ចសន្យា របស់គ្រូចាប់សរសៃ និងកូនស្រី (គ្រូក្មេងមើលឃើញបីភព) មានខ្លឹមសារថា «ខ្ញុំបាទឈ្មោះសុត កុសល្យ អាយុ៥០ឆ្នាំ មុខរបរមន្ត្រីរាជការក្រសួងមហាផ្ទៃ និងជាគ្រូចាប់សរសៃ នៅពេលទំនេរពីការងារ និងកូនស្រី ឈ្មោះកុសល្យ សុខមីល អាយុ១៤ឆ្នាំ ដែលមានឈ្មោះគ្រូក្មេងមើលឃើញបីភព។ សូមធ្វើកិច្ចសន្យាដូចខាងក្រោម ៖

១- មិនិថតបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ ឬក៏ឡាយវីដេអូ អំពីសកម្មភាពផ្សេងៗក្នុងការមើលជំងឺ ឬពិធីកម្មផ្សេងៗ

២- សូមលុបរាល់រូបភាពទាំងឡាយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ

 ខ្ញុំបាទ និងកូនស្រី សូមសន្យាថា មិនឱ្យមានរូបភាពថ្មីៗ បង្ហោះចេញពីខ្ញុំ និងក្រុមគ្រួសារឡើយ។

ខ្ញុំបាទ និងកូនស្រី សូមទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានរូបភាពបង្ហោះចេញពីខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំទាំងអស់។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមអំពាវនាវដល់បងប្អូន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ មេត្តាលុបរូបភាពចាស់ៗ អំពីសកម្មភាពមើលជំងឺ ឬក៏សកម្មភាពផ្សេងៗរបស់ខ្ញុំ និងកូនស្រី។ បើបងប្អូននៅតែបង្ហោះសកម្មភាពនោះបន្តទៀត សូមទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមានដោយខ្លួនឯង។

គួរបញ្ជាក់ថា ក្រោយការចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាពីអាជ្ញាធរ និងមន្ត្រីជំនាញរួចមក មានមតិមួយចំនួនបានលើកឡើងថា គ្រូទាយ អួតអាងថា អាចមើលឃើញដល់ទៅ ៣ភព ចេះទស្សន៍ទាយ សម្តែងអភិនីហារ តែបែរជាមើលមិនឃើញ និងមិនដឹងថា អាជ្ញាធរនិងមន្ត្រីជំនាញ ចុះបង្ក្រាបដល់ផ្ទះពេលណាទៅវិញ៕

RELATED ARTICLES