Monday, April 29, 2024
Homeសង្គម និងជីវិតយាយដើររើសអេតចាយ ចិញ្ចឹមចៅ៧នាក់ ទួញយំ អត់អង្ករដាំបាយឱ្យចៅហូប

យាយដើររើសអេតចាយ ចិញ្ចឹមចៅ៧នាក់ ទួញយំ អត់អង្ករដាំបាយឱ្យចៅហូប

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវប្តីស្លាប់ចោលច្រើនឆ្នាំមកហើយ និងមានកូនស្រីដល់ទៅ ៥នាក់ តែសព្វថ្ងៃបានស្លាប់ជាបន្តបន្ទាប់ អស់៣នាក់ ចំណែក២នាក់ទៀត ភ្លើតភ្លើនតាមប្តី ទម្លាក់កូនតូចៗ ចំនួន៧នាក់ ឱ្យគាត់ចិញ្ចឹមតែម្នាក់ឯង ដោយពឹងផ្អែកលើរបរដើរអេតចាយ រកព្រឹកខ្វះល្ងាច ជួនរកលុយទិញអង្ករដាំបាយឲ្យចៅហូបមិនបាន ដើររើសនំចំណីដែលគេចោលតាមធុងសំរាម យកមកហូប ជួនដេកអត់បាយទាំងយាយនិងចៅ យ៉ាងកម្សត់វេទនា។

ក្រុមគ្រួសារទុរគតនេះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីស្ត្រីឈ្មោះធី ត្រូវជាជីដូនដែលដើររើសអេតចាយចិញ្ចឹមចៅទាំង ៧នាក់ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានប្តីជាទាហាន តែបានស្លាប់ចោលគាត់ជាយូរឆ្នាំមកហើយ និងមានកូនស្រី ចំនួន៥នាក់ តែសព្វថ្ងៃស្លាប់អស់៣ នៅសល់ ២នាក់ តែកូនស្រីភ្លើតភ្លើនតាមប្តី ទៅចោលគាត់អស់ទៅហើយ ដោយបន្សល់ទុកចៅ សរុប៧នាក់ (ប្រុស៣ ស្រី៤) ឱ្យគាត់ចិញ្ចឹមមើលថែតែម្នាក់ឯង ដោយចៅច្បង មានអាយុ១៦ឆ្នាំ ចំណែកចៅពៅ នៅបៅនៅឡើយ ហើយម្តាយទើបស្លាប់ចោល កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ស្ត្រីជាជីដូន បានបន្តរៀបរាប់ថា សព្វថ្ងៃគាត់ប្រកបរបរដើររើសអេតចាយ ដើម្បីរកលុយកាក់មកចិញ្ចឹមចៅៗ ដោយក្នុង ១ថ្ងៃ គាត់រកប្រាក់បានត្រឹមតែ ៧ទៅ៨ពាន់រៀលតែប៉ុណ្ណោះ ទិញតែអង្ករ ១គីឡូ និងពងទា មកឱ្យចៅហូប មិនគ្រប់ផង។ រាល់ថ្ងៃ ចៅៗរបស់គាត់ ៤នាក់ (ប្រុស២ ស្រី២) បានចូលសាលារៀនសូត្រនឹងគេដែរ ដោយរៀនថ្នាក់ទី១ ប៉ុន្តែពួកគេទៅរៀន ដោយគ្មានទាំងកាបូប សៀវភៅ និងខ្មៅដៃសរសេរនោះឡើយ ហើយគ្រូចេះតែតឿនឱ្យទិញសៀវភៅពុម្ព ដើម្បីរៀនសូត្រដែរ តែគាត់មិនមានលុយទិញសៀវភៅឱ្យចៅរៀនឡើយ ព្រោះរកតែអង្ករច្រកឆ្នាំងសឹងមិនបានផង។

ស្ត្រីជាជីដូន បានបន្តថា ពេលខ្លះ គាត់ត្រូវបង្ខំចិត្តចាក់សោទ្វារ ស្នាក់នៅតែក្នុងបន្ទប់ជាមួយចៅ មិនឱ្យចៅៗចេញទៅលេងនៅខាងក្រៅ ព្រោះពួកគេឃ្លាន ចេះតតែទារលុយទិញនំចំណីហូប តែគាត់គ្មានលុយជាប់ខ្លួន មានតែទឹកភ្នែកឲ្យចៅតែប៉ុណ្ណោះ។ ពេលខ្លះ គាត់ចេញទៅរើសអេតចាយ អត់បាន ក៏រើសនំចំណីសល់ៗ ដែលគេចោលតាមធុងសំរាម យកមកឱ្យចៅៗហូបក៏មាន ជួនដេកដាច់បាយទាំងយាយទាំងចៅ ៧-៨នាក់ ក៏មាន។ ថ្ងៃខ្លះ បានអ្នកជិតខាង ហុចបាយទឹក នំចំណីឱ្យគាត់និងចៅហូប គ្រាន់បណ្តោះរួចមួយពេលៗដែរ តែមិនបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃនោះទេ។ ពេលខ្លះទៀត គាត់រើសអេតចាយបានតិចពេក ទិញបានតែអង្ករ យកមកដាំបាយ រួចចាក់ទឹកស៊ីអ៊ីវ ឱ្យចៅៗហូប ចំណែកគាត់ សុខចិត្តដាច់បាយ ឱ្យតែចៅៗបានឆ្អែត ។

ស្ត្រីជាជីដូន បន្តទៀតថា ដោយសារតែជួបនឹងបញ្ហាជីវភាពក្រីក្រតោកយ៉ាកខ្លាំងពេក ទើបពេលខ្លះ គាត់ធ្លាប់គិតថា ចង់តែស្លាប់ឱ្យផុតទេ តែអាណិតចៅៗ បើអត់ពីគាត់ទៅ មិនដឹងជាលំបាកវេទនាប៉ុនណា ហើយកន្លងមក ក៏ធ្លាប់មានអ្នកផ្តល់យោបល់ឱ្យគាត់យកចៅៗទៅដាក់ មណ្ឌលកុមារកំព្រោ ដើម្បីឱ្យពួកគេបានរៀនសូត្រ និងបានសម្រាលបន្ទុកគាត់ខ្លះដែរ តែពេលគាត់សួរយោបល់ចៅៗ ពួកគេមិនចង់ទៅណាឃ្លាតឆ្ងាយពីគាត់ឡើយ។ ចំណែកគាត់ ក៏ដូចគ្នា ព្រោះ កូនៗទើបនឹងស្លាប់ចោលអស់ នៅសល់តែចៅៗទាំងនេះ បើយកពួកគេចេញពីទ្រូងគាត់ទៀត គាត់ច្បាស់ជាមិនរស់ឡើយ។

ស្ត្រីជាជីដូន បានបន្ថែមទាំងទឹកភ្នែកថា អ្វីដែលគាត់ចង់បាននៅពេលនេះ គឺគ្រាន់តែចង់ឱ្យចៅៗបានហូបចុក ឆ្អែតប៉ុណ្ណោះ ព្រោះរាល់ថ្ងៃ ចៅៗមិនដែលបានស្គាល់ម្ហូបអាហារឆ្ងាញ់ៗនោះឡើយ ហូបតែមីកញ្ចប់ ពងទា បាយជាមួយទឹកស៊ីអ៊ីវ និងទឹកត្រីប៉ុណ្ណោះ ជួនដាច់បាយ ក៏មាន ដោយសារគាត់រើសអេតចាយមិនបាន។ ជាមួយនេះ គាត់ក៏ចង់បានសម្ភារៈសិក្សា កាបូប សៀវភៅ ខ្មៅដៃ ដើម្បីឱ្យចៅៗបានទៅសាលារៀនសូត្រនឹងគេ។

ក្មេងស្រីឈ្មោះស្រីភ័ស្ស ជាចៅស្រីតូចម្នាក់ ក្នុងចំណោមចៅប្រុសស្រីទាំង៧នាក់ របស់ស្ត្រីខាងលើ បានរៀប រាប់ថា រាល់ថ្ងៃ នាងរៀនថ្នាក់ទី១ តែពេលទៅរៀន នាងគ្មានសៀវភៅ និងខ្មៅដៃ សម្រាប់សរសេរនឹងគេទេ គឺទៅអង្គុយស្តាប់តែគ្រូ ព្រោះគ្មានអីកត់ត្រា។ អ្វីដែលពួកនាងពិបាកបំផុតនោះ គឺអត់មានអីហូប កុំថាឡើយនំចំណី សូម្បីតែបាយ ក៏ហូបមិនបានគ្រប់គ្រាន់ផង ហើយពេលខ្លះ អត់បាយហូបសោះតែម្តង ព្រោះតែយាយអត់លុយទិញអង្ករ។ ពេលខ្លះពួកនាងបានយាយបើកទ្វារឱ្យចេញក្រៅ ក៏ដើររើសនំចំណីតាមធុងសំរាម យកមក ពេលខ្លះ ពួកនាងចេញទៅដើររើសអេតចាយ សំបកកំប៉ុង លក់បានលុយ ២-៣ពាន់រៀល យកមកឱ្យយាយ ទុកទិញអង្ករហូប ពេលខ្លះមានអ្នកជិតខាងហុចនំចំណី បាយទឹក ក៏យកមកហូបជុំគ្នាទៅ។

ដោយឡែក ចៅស្រីច្បង ឈ្មោះនួនល្អង អាយុ១៦ឆ្នាំ បានរៀបរាប់ថា ជីវិតពួកនាងទាំង ៧នាក់បងប្អូន និងជីដូន ពិតជាលំបាកវេទនាខ្លាំងណាស់ ដោយត្រូវពឹងលើកម្លាំងជីដូនដើររើសអេតចាយ មកទិញអង្ករចិញ្ចឹម។ កន្លងមក នាងធ្លាប់បានរៀនសូត្រដែរ តែមួយរយៈចុងក្រោយ ដោយសារតែឃើញជីដូនលំបាកខ្លាំងពេក ទើបនាងសម្រេចចិត្តឈប់រៀន រួចចូលទៅធ្វើការងារជាកម្មករក្នុងសិប្បកម្មធ្វើទឹកសុទ្ធ មួយកន្លែង ដោយទទួលបានប្រាក់ខែ ១៣០ដុល្លារ គ្រាន់យកមកទប់ទល់ជីវភាព បង់ថ្លៃបន្ទប់ជួល ១ខែ៤០ ថ្លៃទឹក ភ្លើង អង្ករហូបប្រចាំថ្ងៃ ក៏នៅតែមិនគ្រប់ផង ប៉ុន្តែយ៉ាងហោចណាស់ក៏អាចជួយសម្រួលបន្ទុកជីដូនរបស់នាងបានខ្លះដែរ។

លោកអ៊ឹម ចាន់ណារី ជាអនុប្រធានភូមិថ្មគោល៣ បានបញ្ជាក់ប្រាប់ថា ក្រុមគ្រួសារខាងលើនេះ ពិតជាទីទ័លក្រខ្លាំងពិតមែន ដោយស្ត្រីជាជីដូន ត្រូវរ៉ាប់រងចិញ្ចឹមចៅតូចៗ ដល់ទៅ៧នាក់ ទាំងដែលគាត់គ្មានការងារ ឬរបរអ្វីធំដុំឡើយ ពោលគឺដើររើសអេតចាយ ដើម្បីចិញ្ចឹមចៅៗ ។ កន្លងមក អាជ្ញាធរមូលដ្ឋាន ធ្លាប់បានជួយឧបត្ថម្ភ តាមរយៈក្រុមការងារកាកបាទក្រហមខណ្ឌ ដោយផ្តល់ជាអង្ករ និងលុយកាក់បន្តិចបន្តួច គ្រាន់បានដោះទ័លមួយរយៈប៉ុណ្ណោះ ហើយបានអ្នកជិតខាងអាណិតអាសូរ តែងជួយផ្តល់ជាលុយកាក់ អង្ករ នំចំណី និងបាយទឹក ជាបន្ត បន្ទាបដែរ តែមិនបានជាប្រចាំនោះឡើយ។

ជាមួយនេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភជាអង្ករ និងគ្រឿងបរិភោគ សម្រាប់ក្រុមគ្រួសារក្រីក្រមួយនេះផង ព្រោះរាល់ថ្ងៃ ពួកគាត់ពិតជាខ្វះខាតខ្លាំងមែន និងសុំជាសម្ភារៈសិក្សា សម្រាប់ចៅៗគាត់ បានទៅសាលារៀនសូត្រនឹងគេផង៕ ដារិទ្ធ

RELATED ARTICLES