Sunday, April 28, 2024
Homeសង្គម និងជីវិតផ្អើលព្រះសង្ឃ៤អង្គ ឃើញនាគ

ផ្អើលព្រះសង្ឃ៤អង្គ ឃើញនាគ

ខេត្តបាត់ដំបង ៖ ព្រះសង្ឃចំនួន ៤អង្គ គង់នៅវត្តមួយ លើកំពូលភ្នំផ្កាយព្រឹក ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញសត្វពស់ចម្លែក ១ក្បាល ដែលមានដុះចែយ៉ាងធំនៅលើក្បាល ដោយសង្ស័យជា សត្វនាគ ខណៈដែលកន្លងមក ទាំងព្រះចៅអធិការវត្ត ក៏ដូចជាពុទ្ធបរិស័ទដែលតែងមកធ្វើបុណ្យទានក្នុងទីអា រាមមួយនេះ ក៏ធ្លាប់ប្រទះឃើញសត្វពស់ធំ ចម្លែកៗ ជាច្រើនក្បាលផងដែរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះពីភ្នំ (វត្តរតនផ្កាយព្រឹក ហៅវត្តផ្កាយព្រឹក) ដែលមានទីតាំងស្ថិតក្នុងភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ព្រះគ្រូធម្មាលង្កា អ៊ុង សុភក្ត្រា ព្រះចៅអធិការវត្តរតនផ្កាយព្រឹក ហៅវត្តផ្កាយព្រឹក បានមានថេរដីកាថា មុនកើតហេតុការណ៍ព្រះសង្ឃ ៤អង្គ ប្រទះឃើញនាគ នេះ គឺកន្លងមក ព្រះអង្គធ្លាប់បានប្រទះឃើញពស់ធំ ១ក្បាល (ពស់ទ្រង់រនាម) បានលនចេញមកស្ទាក់ដំណើររបស់ព្រះអង្គ នៅពេលដែលព្រះអង្គនិមន្តចុះពីភ្នំ ដោយពេលនោះ ពស់ធំ ១ក្បាលនោះ  បានឈប់ស្ងៀមមួយសន្ទុះ ទើបលូនចូលទៅក្នុងរូងភ្នំក្បែរនោះបាត់ទៅ។

ព្រះចៅអធិការវត្តផ្កាយព្រឹក បានបន្តថា លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក៏មានសាមណេរ ចំនួន៤អង្គ ដែលគង់នៅវត្តផ្កាយព្រឹក បានប្រទះឃើញសត្វពស់ចម្លែក ១ក្បាលយ៉ាងធំ ដែលមានភិនភាគពណ៌ខ្មៅ បង្កង់លឿងតិចៗ ចំណែកពោះពីក្រោម មានពណ៌ក្រហមដូចរងើកភ្លើង និងមានដុះចែពណ៌ក្រហម នៅចំពីលើក្បាល មានទំហំប៉ុនកំភួនដៃ និងដោយខ្លួនពស់នេះ វែងហើយធំចម្លែក មើលទៅដូចសត្វនាគក្នុងគំនូរ ឬចម្លាក់ បានលូនចុះពីលើភ្នំ រួចបត់ចូលទៅក្នុងរូងភ្នំតែម្តង គឺនៅកន្លែងតែមួយដែលព្រះអង្គធ្លាប់បានប្រទះឃើញពស់ទ្រង់រនាម មួយក្បាលធំ កាលពីពេលកន្លងមកនោះ។

ព្រះចៅអធិការ មានថេរដីកាបន្តទៀត តាមអ្វីដែលសាមណេរទាំង៤អង្គ បានប្រាប់ គឺក្នុងនោះ មានសាមណេរ ៣អង្គ បានប្រទះឃើញរាងរៅពស់នោះទាំងមូលតែម្តង ចំណែក ១អង្គទៀត មើលមិនទាន់ ឃើញបានត្រឹមតែពាក់ខ្លួនកណ្តាលប៉ុណ្ណោះ។ យ៉ាងណា ព្រះចៅអធិការវត្តផ្កាយព្រឹក បានបញ្ជាក់ថា ព្រះអង្គមិនហ៊ានសន្មតថាជានាគ នោះទេ ព្រោះសូម្បីតែព្រះអង្គផ្ទាល់ ក៏មិនធ្លាប់ឃើញនាគ ពីមុនមកដែរ ឃើញតែក្នុងគំនូរ ឬចម្លាក់ តែអ្វីដែលព្រះអង្គ និងសាមណេរទាំង ៤អង្គ បានប្រទះឃើញនោះ ពិតជាមានសភាពចម្លែកខុសធម្មតា ត្រង់ថា ជាពស់ធំវែង មានចែពីលើក្បាល ហើយនៅតំបន់វត្តដែលព្រះអង្គគង់នៅនេះ គឺមានសត្វពស់ ជាច្រើនប្រភេទ ដោយភាគច្រើនតែងលូនចូលរូងភ្នំខាងលើ តែពស់ទាំងនោះ មិនធ្លាប់បង្កគ្រោះថ្នាក់អ្វីដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលមកទីអារាមនេះឡើយ។

ដោយឡែក លោកគ្រុយ វៃ អាយុជាង៥០ឆ្នាំ ជាអ្នកភូមិ រស់នៅក្បែរវត្ត បានបញ្ជាក់ប្រាប់ថា ពីមុនមក លោកក៏ធ្លាប់បានប្រទះឃើញពស់ចម្លែក ១ក្បាលធំ មានទំហំប៉ុនកំភួនជើង លូនឆ្លងកាត់ផ្លូវដែរ ដោយពេលនោះ លោកកំពុងបើករថយន្តចុះពីវត្តផ្កាយព្រឹក ដែលនៅលើកំពូលភ្នំ លុះពេលមកដល់ម្តុំរូងភ្នំខាងលើ ប្រទះឃើញសត្វ ពស់ ១ក្បាលធំ បានលូនកាត់ផ្លូវ លុះពេលឃើញរថយន្ត វាក៏ឈប់ ចំណែកលោកឃើញសភាពបែបនេះ ក៏បានឈប់រថយន្ត រហូតដល់ពស់ធំ ១ក្បាលនោះ លូនចេញផុត ទើបលោកបើករថយន្តបន្តដំណើរទៅមុខទៀត៕ ដារិទ្ធ

RELATED ARTICLES