ភ្នំពេញ ៖ រាប់អានគ្នាជាបងប្អូនធម៌ សង្ស័យដណ្តើមស្រីស្នេហ៍គ្នា ឈ្លោះប្រកែកគ្នារហូតកាប់ដាច់ចង្អុលដៃកណ្តាលមួយកំណាត់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ ២០១៧ នៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចប្រាប់ថាជនរងគ្រោះមានឈ្មោះ អ៊ី សុខទី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៧ តាមផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រងរបួស៣កន្លែង រយះម្រាមដៃចង្អុលខាងឆ្វេងដេរអស់៨ថ្នេរ និងដាច់ម្រាមដៃកណ្ដាលខាងឆ្វេងដាច់ ព្រមទាំងរបួសកណ្ដាលខ្នងដេរអស់១៣ថ្នេរ ។ ចំណែកជនដៃដល់ដែលឃាត់ខ្លួន បានមានឈ្មោះ ង្វៀង យុំាងតេវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងជនសង្ស័យមានឈ្មោះជៀស យ៉ារុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខT3Eo តាមផ្លូវលំ ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូឌុបជនដៃដល់ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ជនរងគ្រោះបានទៅលេងផ្ទះមិត្តស្រី ហើយបានទាស់ពាក្យសំដីជាមួយជនបង្កមានគ្នា២នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មួយគ្រឿង បានវាយតប់គ្នារួចហើយជនបង្ករត់ទៅ យកដាវសាំម៉ូរៃមកកាប់បណ្ដាលឲ្យរយៈម្រាមដៃនិង ដាច់ចង្អុលដៃកណ្តាលហើយជនបង្ករត់គេច ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកប្រា រួចត្រឡប់ទៅរកជនបង្កវិញបានឃើញជនបង្ក ក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចចុះមក ឃាត់ខ្លួនជនដៃដល់និងបក្ខពួកយកទៅសួរនាំ ។
តាមការសារភាពពីជនដៃដល់បានឲ្យដឹងថា ជនរងគ្រោះត្រូវជាបងធម៌និងគ្នាទេ មុនពេលកើតហេតុជនរងគ្រោះនៅផ្ទះមិត្តស្រី ហើយបានហៅរូបគាត់ដើរទៅជិតហើយចោទថា គាត់មើលងាយក៏ស្ទុះវាយរូបគាត់និងយកដុំកុងកូឡង់វាយទៅលើរូបគាត់រយះក្រោមភ្នែកខាងឆ្វេង និងពកក្បាលពីក្រោយហើយរត់គេច ធ្វើឲ្យគាត់ខឹងពេកបានរត់ទៅបន្ទប់ជួលយកដាវសាំម៉ូរៃមកដល់ឃើញជនរងគ្រោះកំពុងតែអង្គុយសាងសងជាមួយមិត្តស្រីក៏បានកាប់ពីក្រោយខ្នង និងកាប់ដាច់ម្រាមដៃហើយឡរត់ ឡើងម៉ូតូឌុបជិះគេចខ្លួន រហូតដល់ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ក៏បានដើរទៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងទៅឃាត់បុរសជាអ្នរត់ម៉ូតូឌុបដែល កំពុងតែអង្គុយផឹកស៊ីនៅក្បែរនោះ ។ ទោះជាយ៉ាងណា ជនដៃដល់បានប្រាប់សមត្ថកិច្ចថា អ្នករត់ម៉ូតូឌុបមិនពាក់ព័ន្ធទេ ។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធទាំង២នាក់យកប៉ុស្តិ៍នគរបាលព្រែកប្រាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅចាប់ការតាមច្បាប់ ៕