ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ១កន្លែង (អាប៉ោង និងមាន់ជល់) ដោយធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន៣នាក់ និងមាន់ជល់ ៣ក្បាល ចាប់បានវត្ថុតាងជាក់ស្តែង មួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅចំ ណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសង (ជល់មាន់ និងបាញ់អាប៉ោង) មួយកន្លែង ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពដដែល បន្តថា ទីតាំងជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់ខាងលើ តែងតែមានក្រុមអ្នកញៀនល្បែងមកលួចលាក់ណាត់គ្នាលេង និងរំខានដល់អ្នករស់នៅជិតខាងផងដែរ។ ប៉ុន្តែបន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ បាន ដាក់កម្លាំងសម្ងាត់តាមដាន រហូតធ្វើការឆ្មក់បង្ក្រាប ដោយចាប់បានមាន់ជល់ ៣ក្បាល មនុស្ស៣នាក់ អាប៉ោង ១ឈុត បៀ ១ហ៊ូ និងម៉ូតូ ៤គ្រឿង។

ក្រោយពីអាជ្ញាធរខណ្ឌមានជ័យ ធ្វើការបង្ក្រាបរួចរាល់ បានប្រគល់មនុស្សទាំង០៣នាក់ និងវត្ថុតាងទាំងប៉ុន្មានខាងលើ ឱ្យកម្លាំងមានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕