ភ្នំពេញ៖តារាកូន២អ្នកនាងសារ៉ាយ សក្ខណា បានប្រារពខួបកំណើតគម្រប់អាយុ៣៣ឆ្នាំ នៅថ្ងៃទី២៥ មីនា យ៉ាងស្ងៀមស្ងាត់ តែមានតារារួមអាជីពបានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់បើទោះជាគ្មានពិធីជប់លៀងទ្រង់ទ្រាយធំក្ដី ។អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រោយសក្ខណា បានចេញទៅរស់នៅអាមេរិកតាមស្វាមីជាង១០ឆ្នាំពេលនេះនាងលេចមុខនៅស្រុកកំណើតច្រើនជាងនៅបរទេស ព្រោះមានហាងគ្លីនិកកែសម្ផស្សនៅស្រុកខ្មែរ ហើយនាងបន្ដចាប់អាជីពសម្ដែងយ៉ាងសកម្មដូចមុន។
សារ៉ាយ សក្ខណា ថាខួបឆ្នាំនេះនាងប៉ងប្រាថ្នាឲ្យបានសេចក្ដីសុខទាំងផ្លូវកាយ និងចិត្ត ពិសេសគឺរូបនាងផ្ទាល់និងមនុស្សនៅជុំវិញខ្លួនជួបតែរឿងល្អៗ …។
គេកត់សម្គាល់ថាទោះជាពេលនេះសារ៉ាយ សក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី ប៉ុន្ដែរូបនាងនៅរក្សារបានរាងស្វែល និងមិនសូវបែកសាច់ ឬឡើងគីឡូដូចតារាផ្សេងទៀតដែលមានគ្រួសារហើយនោះទេ ហេតុនេះហើយបានជានាងនៅរក្សារបានទីផ្សារសិល្បៈល្អ ដោយសារតែផលិតករនៅផ្ដល់តំណែងតួសំខាន់ដល់នាងដដែល ។ចំណែកស្វាមីនាងឡើងចុះៗខ្មែរទៅអាមេរិកញឹកញាប់ជាងនាង ហើយបើកសិទ្ធឲ្យសក្ខណា លេងសិល្បៈតាមចិត្តចង់។
សូមរំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី កាលពីចុងឆ្នាំ២០១៣ ហើយរៀបការួចភ្លាមៗនាងចេញទៅរស់នៅតាមប្ដីនិងពេលនេះមានកូន២ដោយកូនស្រីឈ្មោះMataysia Keo និងកូនប្រុសឈ្មោះPrincetheng Prem Keo ។សក្ខណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បានកូនភ្លោះ ព្រោះមិនចង់ពពោះ ច្រើនដង ។ប៉ុន្ដែការចង់បានកូនម្ដង២របស់សក្ខណា នាពេលនេះត្រូវជាប់គាំងដូចគ្នាទៅនិងគង់ សុជាតិ ដែលស្វាមីនាងលោកជា វិបុល រំអុកចង់បានកូនភ្លោះប្រុសជាច្រើនឆ្នាំទៅហើយ តែលទ្ធផលគឺបរាជ័យ។តែសម្រាប់សក្ខណា វិញបាននាងថាប្រសិនបើផែនការណ៍យកកូនភ្លោះមិនទទួលបានលទ្ធផលនោះការមានកូនត្រឹម២នាក់នេះក៍គ្រប់គ្រាន់ហើយសម្រាប់គ្រួសារនាង។
សារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា,វ៉េត រតនា ,សុគន្ធ និសា ,ខៀវ សុខារ៉ាវី និងសូ សុភ័ក្រ្ដ ជាដើម តែពេលនេះមានតែរូបនាងនិងនិសា ប៉ុណ្ណោះដែលបន្ដរស់នៅស្រុកកំណើតចាប់អាជីពចាស់ ។ប្រភពបានឲ្យដឹងថាដោយសារតែសក្ខណា ជាថៅកែស្រីមានហាងរក្សារសម្រស់ផ្ទាល់ខ្លួន ហេតុនេះហើយការការថែសម្រស់មិនឲ្យធ្លាក់ចុះគឺនាងផ្ដោតជាសំខាន់ ទើបពេលនេះថៅកែផលិតកម្មនៅតែមិនអាចមើលរំលងនាងបានទេ។ប៉ុន្ដែសក្ខណា ធ្លាប់ប្រាប់ថាអំឡុងពេលនាងរស់នៅអាមេរិកជាង១០ឆ្នាំនោះគឺរូបនាងមិនដែលធ្វើការងារសិល្បៈដូចជាការចេញច្រៀងសម្ដែងជាមួយអ្នកសិល្បករខ្មែរនៅទីនោះឡើយ។តែនាងថាសិល្បៈជាផ្នែកមួយដែលនាងស្រលាញ់បំផុតហេតុនេះហើយទោះជាទៅដល់ទីណាក៍នាងនៅតែដក់ក្នុងអារម្មណ៍និងតាមដានសិល្បៈខ្មែរដែរ។
ក្រៅពីសារ៉ាយ សក្ខណា តារាដែលមានស្វាមីនិងកូនហើយតែនៅរក្សារទីផ្សារសិល្បៈបានគឺមានតិចតួចណាស់ ខណៈដែលភាគច្រើនបើនៅបន្ដអាជីពចាស់គឺមានតែលេងជាតួម្ដាយ។ចំពោះសក្ខណា វិញនាងជ្រើសផ្លូវដូចសុគន្ធ និសា ដែរនាពេលនេះគឺចុះឡើងៗពីខ្មែរទៅអាមេរិក ព្រោះតាមព័តមានថាអំឡុងនៅស្រុកគេសក្ខណា ឯកោខ្លាំងបន្ដិច ដោយសារតែនៅផ្ទះមើលកូនៗនិងទៅផ្សារប៉ុណ្ណោះ ហេតុនេះហើយបានជានាងសម្រេចចិត្តវិលត្រឡប់មកខ្មែរវិញដោយបន្ដជំនាញរបស់ខ្លួនជាថ្មីបើទោះជាត្រូវផ្អាករយៈពេលជាច្រើនឆ្នាំហើយក្ដី ។
អ្នកជំនាញសិល្បៈបានលើកឡើងថាក្រោយសារ៉ាយ សក្ខណា ,ដាញ់ ម៉ូនីកា និងកែវ ពេជ្រពិសី ជាដើមមានស្វាមីនិងកូនរៀងៗខ្លួននោះពេលនេះតារាសម្ដែងស្រកក្រោយទោះជារះមកព្រោងព្រាតក្ដី ប៉ុន្ដែពួគេល្បីហាក់តែ១ប្រាវក៍ស្ងាត់ទៅវិញ ពោលគឺមិនសូវធ្វើឲ្យទស្សនិកជនចងចាំច្បាស់ដូចតារាស៊េរីមុនឡើយ។ចំពោះសក្ខណា វិញការមករស់នៅខ្មែរវិញនេះក្រៅពីពង្រឹងអាជីវកម្ម និងស្ដារមុខមាត់ឡើងវិញក្នុងសម្ដែងនោះនាងក៍ចង់ឲ្យកូនៗរៀនអក្សរ ភាសារខ្មែរឲ្យបានច្បាស់មុនពួកគេបន្ដទៅសាលាល្អៗនៅអាមេរិក៕