Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន ដាល់តៃកុងឡានតាក់ស៊ីខ្មែរ ២ដៃ រត់ចូលហាង បន្លំខ្លួនជាចុងភៅ

ចិន ដាល់តៃកុងឡានតាក់ស៊ីខ្មែរ ២ដៃ រត់ចូលហាង បន្លំខ្លួនជាចុងភៅ

ភ្នំពេញ ៖ បុរសជាជនជាតិចិន ១ក្រុម បានហៅរថយន្តតាក់ស៊ី ១គ្រឿងជិះ លុះពេលបិទទ្វារឮខ្លាំងៗពេក អ្នកបើកបរបានប្រាប់កុំឱ្យបិទខ្លាំងពេក ស្រាប់តែភ្ញៀវចិន ផ្ទុះកំហឹង ស្ទះមកដាល់អ្នកបើករថយន្តតាក់ស៊ី ២ដៃ បណ្តាលឱ្យរងរបួសបែកមុខ លុះកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ ជនដៃដល់បានរត់ចូលហាងបាយមួយកន្លែង រួចបន្លំខ្លួនជាចុងភៅ តែត្រូវជនរងគ្រោះចំណាំមុខបាន ទាញកាំបិតប៉័ងតោ មកគំរាមកម្លាំងអាវុធហត្ថទៀត ទើបកម្លាំងជំនាញដកកាំភ្លើងភ្ជង់ ឱ្យដាក់កាំបិតចុះ រួចប្រគល់ខ្លួនឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីក្រុមជនជាតិចិន បង្កហិង្សាលើអ្នករត់តាក់ស៊ីខ្មែរនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្រោមអគារ THE BRIDGE សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់រថយន្តតាក់ស៊ី បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនជាតិចិន ៤-៥ នាក់ ក្នុងនោះ មានជនដៃដល់ម្នាក់ តាមរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX- 2900 ធ្វើដំណើរមកអគារ THE BRIDGE ដែលជាទីតាំងកើតហេតុ លុះមកដល់គោលដៅ គាត់បានចតរថយន្តនៅក្បែរខឿនផ្លូវថ្មើរជើង បន្ទាប់ពីឈប់រថយន្តគិតលុយរួច ជនដៃដល់ម្នាក់ ក្នុងចំណោមចិន ទាំងប៉ុន្មាននាក់ ទៀតក្នុងឡាន បានធ្វើសកម្មភាពបើកទ្វារឡានមួយទំហឹង បណ្តាលឱ្យជ្រុលទៅប៉ះខឿន បង្កការខូចខាតដល់ទ្វារឡានរបស់គាត់។ ឃើញដូច្នេះ គាត់បានប្រាប់ទៅបុរសចិន ម្នាក់នោះថា កុំបើកទ្វារខ្លាំងៗពេក ព្រោះវាអាចប៉ះទង្គិចខូចទ្វារឡានគាត់។ លុះគាត់និយាយរួច ស្រាប់តែជនជាតិចិន ម្នាក់នោះ ទាញទ្វារបិទវិញ រួចបើកទ្វារ ម្តងទៀតទាំងកំរោល ក្នុងគោលបំណងផ្គើនគាត់តែម្តង ទើបគាត់ដើរចេញពីឡាន សំដៅទៅរកជនជាតិចិន ម្នាក់នោះ ក្នុងគោលបំណងនិយាយឱ្យច្បាស់ ស្រាប់តែត្រូវជនដៃដល់ម្នាក់នោះ ក្របួចកអាវគាត់ រួចដាល់គាត់ ២ដៃ ចំមុខ បណ្តាលឱ្យរងរបួសតែម្តង។

ដោយសារទីតាំងខាងលើ ជាទីប្រជុំជន ក្រោយប្រើហិង្សាទៅលើអ្នកបើកតាក់ស៊ី រូបភាពនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ រាយការណ៍ទៅកាន់កម្លាំងអាវុធហត្ថ ដើម្បីជួយអន្តរាគមន៍។ គ្រាន់តែទទួលដំណឹងនេះភ្លាម កម្លាំងអាវុធហត្ថខណ្ឌចម្ការមន បានចុះមកដល់ទីតាំង ស្រាប់តែជនជាតិចិន ដៃដល់ម្នាក់នោះ បានរត់គេចខ្លួនទៅពួននិងព្យាយាមបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានចុងភៅ ក្នុងផ្ទះបាយនៃហាងមួយកន្លែង ដែលមានស្លាកយីហោ HONG SHUANG XI។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះដែរ ក៏មានជនជាតិខ្មែរ ២នាក់ បានចេញមកកោងជនជាតិចិន ខាងលើ រហូតទាស់សំដីគ្នាជាមួយកម្លាំងអាវុធខណ្ឌចម្ការមន ទៀតផង។

ក្រោយកំណត់មុខសញ្ញាបានហើយ កម្លាំងអាវុធហត្ថ បានចុះឃាត់ខ្លួនជនជាតិចិន ម្នាក់នោះ ដល់ក្នុងផ្ទះបាយ នៃហាងខាងលើ ដោយពេលនោះ ជនដៃដល់ស្លៀកពាក់ឯកសណ្ឋានជាចុងភៅ ហើយក្នុងដៃ មានកាន់កាំបិតប៉័ងតោថែមទៀតផង ទើបកម្លាំងអាវុធហត្ថ ប្រើប្រាស់កាំភ្លើងភ្ជង់ ដើម្បីឱ្យជនដៃដល់ដាក់កាំបិតចុះ និងចូលខ្លួនសហការជាមួយកងកម្លាំង ព្រមទាំងបញ្ជូនខ្លួនទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES