Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្រស្បែកជើងភ្លើងឆេះ ប្រកាសបិទទាំង ស្រុង បើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ជូនកម្មករ

រោងចក្រស្បែកជើងភ្លើងឆេះ ប្រកាសបិទទាំង ស្រុង បើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ជូនកម្មករ

ភ្នំពេញ ៖ រោងចក្រស្បែកជើង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលរងការឆាបឆេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នោះ បានប្រកាសបិទដំណើរការទាំងស្រុង បន្ទាប់ពីរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញឆាប់ៗបាន។ យ៉ាងណា ក្រសួងការងារ បានប្រកាសជូនដំណឹងដល់កម្មករ-កម្មការិនីនៅរោងចក្រស្បែកជើងរងគ្រោះ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) មានខ្លឹមសារទាំងស្រុងថា «ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជ្រាបថា ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញ ក្នុងពេលឆាប់ៗបានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារ ឡើងវិញ រោងចក្រ បានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវបានរំលាយផងដែរ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោះអញ្ជើញតំណាងរោងចក្រ មកជួបពិភាក្សាអំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ ជូនបងប្អូនកម្មករនិយោជិត។ ជាលទ្ធផល បើទោះបីរោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រ នឹងផ្តល់អាទិភាពខិតខំស្វែងរកថវិកាពីប្រភពនានា មកបើកផ្តល់ប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សងៗ ជូនបងប្អូនកម្មករនិយោជិត ស្របទៅតាមច្បាប់ស្តីពីការងារ ឱ្យបានមុនគេ។ ដោយហេតុថា រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយបងប្អូនកម្មករនិយោជិត ប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ដូច្នេះ បងប្អូនកម្មករនិយោជិត នឹងទទួលបានចំនួន ៣ចំណុច ដូចខាងក្រោម ៖

 ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ក្នុងខែចុងក្រោយ (មាត្រា១១៦)

 ២. ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

 ៣. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥ភាគរយ (មាត្រា៧៣)

សូមបងប្អូនកម្មករនិយោជិត អញ្ជើញទៅសាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨ៈ៣០នាទីព្រឹក តទៅ ទៅតាម បញ្ជីឈ្មោះនិងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅសាលាស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មុនបើកប្រាក់។

សូមបងប្អូនកម្មករនិយោជិត យកមកជាមួយនូវឯកសារដូចខាងក្រោម ៖

 ១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។

២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ៖ -លោកធុល នាង ០៨៨ ២២២ ៩៦៦៦ -លោកវ៉ា សុវណ្ណពិសាល ០១២ ៤៩៩ ៩៩២

 ទន្ទឹមនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មី ពីមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដែលនឹងដាក់ប្រចាំការនៅខាងមុខរោងចក្រ ចាប់ពីថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅ និងនៅមុខសាលាស្រុកអង្គស្នួល នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥។

ក្រសួងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ ដែលមានការទទួលខុសត្រូវខ្ពស់ និងខិតខំរកថវិកា មកបើកជូនកម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងតាមសំណូមពររបស់ក្រសួង ជាពិសេស សូមអរគុណដល់បងប្អូនកម្មករនិយោជិតដែលបានរក្សាភាពស្ងប់ស្ងាត់ ប្រកបដោយ មនោសញ្ចេតនាចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុនេះ និងទុកឱកាសឱ្យក្រសួង និងរោងចក្រ រួមគ្នាដោះស្រាយបញ្ហានេះដោយសន្តិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន តាមពេលវេលានិងទីតាំងកំណត់កុំបីខាន»។

គួររំលឹកថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចរោងចក្រផលិតស្បែកជើង យីហោ អ.ជី ហ៊្វូតវែរ ខេមបូឌា ឯ.ក ដែលមានកម្មករបម្រីការងារ ជាង២ពាន់នាក់ និងមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល។ អគ្គិភ័យនេះ បានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានកម្លាំងជំនាញចម្រុះ សហការពន្លត់យ៉ាងសស្រាក់សស្រាំ ១យប់ទល់ភ្លឺ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ពោលគឺភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា ទីតាំងរោងចក្រផលិតស្បែកជើងដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ឈ្មោះប៉ុលរ៉ាមី ស៊ីសុផុន អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានធ្វើឡើងតាំងពីវេលាកើតហេតុ រហូតដល់ម៉ោង ៤និង៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ច បានគ្រប់គ្រងទាំងស្រុង ពោលគឺប្រើប្រាស់ពេលវេលាពន្លត់ ១យប់ទល់ភ្លឺ និងប្រើប្រាស់ទឹក អស់ចំនួន៣០០ឡាន។ ករណីនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។ សម្រាប់ទំហំនៃការខូចខាត រួមមានឆេះខូចខាតអគារទំហំ ១០០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន២ខ្នង និងឆេះអគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង (ខូចខាតទាំងស្រុង)៕

RELATED ARTICLES