ភ្នំពេញ ៖ សន្តិសុខក្រុមហ៊ុនព្រះខ័នរាជ២នាក់ ជាអ្នកយាមនៅការដ្ឋានសាងសង់បុរី នៅក្នុងបឹងកក់ ត្រូវជនសង្ស័យម្នាក់ បានវាយធ្វើបាប និងដកកាំភ្លើងខ្លីបាញ់គំរាមមួយគ្រាប់ ផ្អើលទាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ចំណែកជនបង្កគេចខ្លួនបាត់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង នៅចំណុចការដ្ឋានបុរីនៅក្នុងបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះទី១មានឈ្មោះហ៊ិន សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័នរាជ មានស្រុកកំណើតនៅភូមិកោះ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ របួសស្រាល និងជនរងគ្រោះដែលត្រូវជនសង្ស័យវាយ និងបាញ់មួយគ្រាប់ មានឈ្មោះ គង់ សាវិត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័នរាជ មានស្រុកកំណើតនៅភូមិភ្នំដែកឃុំរំមន្នីស្រុក រវៀងខេត្តព្រះវិហាររងរបួសបែក ចិញ្ចើមនិងខ្ទង់ច្រមុះ ។ចំណែកជនសង្ស័យមានឈ្មោះ លី ប៊ុនអេង អាយុជាង៣០ឆ្នាំ ជាមន្រ្តីនគរបាល ។
តាមប្រភពពត៌មានពីជនរងគ្រោះជាសន្តិសុខឈ្មោះហ៊ិន សុខខេង បានអោយដឹងថា មុនពេលកើតហេតុគាត់កំពុងតែយាមនៅការដ្ឋានសាងសង់បុរីមួយកន្លែងនៅម្តុំបឹងកក់ ជិតរ៉ាទេះភ្លើង ខណៈពេលកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះលី ប៊ុនអេង ដែលគេដឹងថា ជាមន្រ្តីនគរបាលមួយរូប បានបើករថយន្តម៉ាកម៉ាស្តាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Z3578 បើកមកដល់បានសួរជនរងគ្រោះថា មានឃើញកម្មករ៤ នាក់រត់ចូលទៅក្នុងការដ្ឋានទេ ប្រាប់ឲ្យចេញមកខាងក្រៅ ភ្លាមៗនោះជនរងគ្រោះមិន ហ៊ានដើរ ចោលគោលដៅបានរត់ទៅប្រាប់មេរបស់ខ្លួនស្រាប់តែជនសង្ស័យបានហៅ ជនរងគ្រោះមកវិញហើយវាយមួយដៃ ក៏ត្រូវជនរងគ្រោះមានឈ្មោះគង់ សាវិត ដើរចូលទៅសួរជនសង្ស័យថាម៉េចបានជាវ៉ៃសន្តិសុខគ្នាគាត់ បែរជាជនសង្ស័យខឹង បានដកកាំភ្លើងខ្លីវាយមួយស្នាប់កាំភ្លើងទៅលើគង់ សាវិត ហើយបាញ់មួយគ្រាប់ទៀត តែសំណាងល្អមិនមានអ្នករងរបួសជនសង្ស័យបានបើករថយន្តចេញទៅបាត់ស្រមោល។
ជនរងគ្រោះក៏បានបន្តអោយដឹងទៀតថា ពេលល្ងាចមុនកើតហេតុជនសង្ស័យបានបាញ់ នៅមុខបុរីនេះចំនួន២គ្រាប់ម្តងមកហើយតែមិនបណ្តាលឲ្យរងរបួសទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមនឹងលោកអធិការខណដូនពេញ បានចុះមកកន្លែងកើតហេតុ ស្រាវជ្រាវរកឃើញសំបកកាទុស្តមួយគ្រាប់ ម៉ាកឡុក។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោស ដោយជនរងគ្រោះអះអាងថា ស្គាល់ជនសង្ស័យច្បាស់និងមានរូប ថតរបស់ជនសង្ស័យផងដែរ ៕ ឥន សាន់ស៊ីដេត