ភ្នំពេញ៖តារាសម្ដែងស្រីស្អាតគៀត សុវណ្ណាឡាង បានអះអាងថាទំនាក់ទំនងនាងជាមួយតារាសម្ដែងរូបសង្ហារលោកប៊ើរី គ្មានលក្ខណៈស៊ីជម្រៅនោះទេ នាពេលបច្ចុប្បន្ននេះ តែនៅពេលអនាគតនាងថាអត់ធានាឡើយ ព្រោះគ្មានអ្នកណាមើលដឹងថានាពេលខាងមុខមានរឿងអីកើតឡើង។
គៀត សុវណ្ណាឡាង បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ មីនា ថានាងបានជ្រើសរើសលោកប៊ើរី ជាដៃគូផលិតមាតិការផ្សេងៗនៅលើបណ្ដាញសង្គម ក្រោយនាងនិងលោកបានថតភាពយន្ដជាមួយគ្នារឿង”ប្រពន្ធចិត្តព្រះ”របស់ហង្សមាស។ណ្ណាឡាង ថាដោយសារតែមានការគាំទ្រពីសំណាក់Fan ទើបនាងនិងលោកប៊ើរី ឈានមកចាប់ដៃគ្នានាពេលនេះផលិតវីដេជាមួយគ្នាតែម្ដងទៅ។
ការថ្លែងរបស់ស្រីស្អាតគៀត សុវណ្ណាឡាង ថាមិនមានស្នេហាជាមួយលោកប៊ើរី នេះបន្ទាប់ពីនៅលើហ្វេសបុកកាលពីពេលថ្មីៗនេះគេឃើញមានការចែកចាយ(Share) រូបភាពជាច្រើនដែលណ្ណាឡាង និងលោកប៊ើរី កៀកកើយគ្នា និងមានឈុតខ្លះលោកប៊ើរី ថើបថ្ពាល់ណា្ណឡាង ទៀតផង ។ប៉ុន្ដែអតីតតារាហង្សមាសរូបនេះបែជាថាលោកប៊ើរី មិនដែលកេងចំណេញលើរូបនាងទៅវិញ និងថានាងត្រៀមបង្ហាញនូវវីដេអីថ្មីប្លែកៗជាច្រើនទៀតជាមួយលោកប៊ើរី នាពេលខាងមុខ ។
គួររំលឹកថាគៀត សុវណ្ណាឡាង មុនងាកទៅស្អិតល្មូតជាមួយលោកប៊ើរី នេះនាងក៍ធ្លាប់កៀកកើយជាមួយប្រុសរូបសង្ហារលោកលឹម ជាឡាយ អតីតសង្សារកែវ និសា ផងដែរ ដែលពេលនោះបណ្ដាញសារព័តមានមួយចំនួនផ្សព្វផ្សាយថាអ្នកទាំងពីរមានស្នេហាជាមួយគ្នានៅក្រៅឆាកទៀតផង។ ប៉ុន្ដែណ្ណាឡាង បានប្រតិកម្មខ្លាំងនិងបានដាក់ទំនាយដល់អ្នកកាសែតណាចេញផ្សាយព័តមានទាក់ទងរឿងនាងនិងជាឡាយ ថាជាគូសង្សារទៀតផង ដែលនាងលើកពីហេតុផលថាការលេចឭរឿងទាំងនោះធ្វើឲ្យគេច្រឡំលើរូបនាងនិងលោកជាឡាយ ហើយធ្វើឲ្យនាងលែងមានបុរសស្រលាញ់ទៀត ឬពិបាករកគូដោយសារតែរឿងមួយនេះជាមិនខាន ។ប៉ុន្ដែក្រោយណ្ណាឡាង រយាលៗពីជាឡាយ បន្ដិចម្ដងៗពេលនេះនាងបែជាធ្វើឲ្យគេម៉ៃថាភ្ជាប់ទំនាក់ទំនងស្នេហាជាមួយលោកប៊ើរី ដែលជាអតីតសង្សារតារាសម្ដែងទឹម វត្តី ទៅវិញ ។យ៉ាងណាសុវណ្ណាឡាង ថាពេលនេះគ្រាន់តែជាដៃគូធម្មតាប៉ុណ្ណោះ តែពេលអនាគតអត់ទាន់ដឹង ។
សូមបញ្ជាក់ថាគៀត សុវណ្ណាឡាង ជាអតីតតារាចម្រៀងហង្សមាស តែក្រោយចាកចេញពីផលិតកម្មធំនេះនាងបានបន្ដអាជីពជាតារាសម្ដែងវិញ ហើយជាញឹកញាប់នាងលេចមុខនៅភាពយន្ដរបស់ផលិតកម្មLD ។ស្រីស្រស់រូបនេះមានជម្រើសស្នេហាច្រើន ព្រោះបុរសទាំងក្នុងនិងក្រៅសិល្បៈចង់ធ្វើជាម្ចាស់ចិត្តនាង តែចុងក្រោយប្រុសដែលស្រីស្អាតទុកចិត្តជាងគេគឺលោកប៊ើរី ។ទោះជាយ៉ាងណានៅពេលដែលសុវណ្ណាឡាង មិនទាន់ក្លាយទៅជាកូនក្រមុំរបស់ប្រុសណាតាមរយៈការរៀបអាពាហ៍ ពិពាហ៍ តាមផ្លូវច្បាប់ទេ បុរសផ្សេងនៅតែអាចតាមស្នេហានាងបានដដែល ។
គៀត សុវណ្ណាឡាង វាចាថា”ខ្ញុំមិនអាចកំណត់ថា ប៉ុន្មានឆ្នាំទៀតទើបរៀបការបានទេ ។និយាយដោយត្រង់តែម្ដងទៅពេលហ្នឹង ខ្ញុំអត់ទាន់ដល់គូ អីចឹងមិនដឹងរៀបការជាមួយអ្នកណា។សម្រាប់ខ្ញុំការជ្រើសគូស្រករអត់ត្រូវការ អីច្រើនទេ គឺទី១៖ឲ្យតែបុរសនោះស្រលាញ់ខ្ញុំនិងគ្រួសារខ្ញុំដោយស្មោះ និងទី២៖ជីវភាពម៉ាល្មម ហើយយើងចាប់ដៃគ្នារកស៊ីទៅ “។
គេចាំមើលថាគៀត សុវណ្ណាឡាង និងលោកប៊ើរី ដែលមានពេលខ្លះពួកគេថើបគ្នាជាចំហ តែស្រីស្អាតថាគ្រាន់តែរឿងធម្មតា គ្មានអ្វីពិសេសនោះ តើសកម្មភាពនិងរូបភាពបែបណាទៅទើបអ្នកទាំងពីរព្រមទទួលស្គាល់ថាពិតជាលើសពីធម្មតា ?