ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកហើយដែលសុខ ពិសី បានជ្រកកោននៅក្រោមដំបូលផលិតកម្មសាន់ដេ បន្ទាប់ពីជំហានទី១របស់នាងនៅKH និងទី២Nice Star ។ពិតណាស់ពិសី ត្រូវបានគេព្យាករណ៍ថានាងនឹង ច្រៀងនៅសាន់ដេ រហូតដល់ចូលនីវត្តន៍ពីអាជីពចម្រៀងតែម្ដង ដោយគ្មានផែនការណ៍ផ្លាស់ប្ដូរផលិតកម្មនោះទេ គឺដូចគ្នានិងឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។ចំពោះមូលហេតុវិញមិនមែនពិសី គ្មានថៅកែផលិតកម្មផ្សេងចង់បាននាងនោះឡើយ ប៉ុន្ដែតារាវ័យ៣៤ឆ្នាំរូបនេះបានជាប់ចំណងស្នេហាថៅកែសាន់ដេ ហើយនៅរងចាំតែថ្ងៃរៀបការមកដល់តែប៉ុណ្ណោះ ពិសី នឹងក្លាយទៅជាថៅកែស្រីផលិតកម្មធំនេះជាមិនខាន។ទាំងមិត្តភក្ដិរួមអាជីព និងFan សុទ្ធតែជម្រុញឲ្យពិសី គួរតែមានភាពក្លាហាន ហ៊ានដឹកដៃម្ចាស់ស្នេហាលោកឡាយ សុខចំរើន រៀបការដូចគ្នាទៅនិងឱក សុគន្ធកញ្ញា អូសលោកអ៊ឹង សុខលី រៀបការនៅឆ្នាំ២០២៩ ដែរហើយពេលនេះនាងមានកូន២ទៅហើយ ។ប៉ុន្ដែសម្រាប់ពិសី វិញមិនគិតដូចសុគន្ធកញ្ញា ទេពោលគឺនាងនៅតែរារែកចិត្តដែលចំណុចសំខាន់នោះមិនមែនរូបនាងនិងគូស្នេហ៍មិនទាន់ច្បាស់លាស់ជាមួយគ្នា១០០% នោះឡើយ តែហេតុផលមានតែម្យាងគត់នោះគឺបារម្ភខ្លាចអាជីពចម្រៀងចុះខ្សោយលែងមានទីផ្សារក្រោយមានប្ដីនិងកូន។ប្រសិនបើពិសី នៅតែគិតបែបនេះទៀតនោះការសាងស្នេហាដោយលួចលាក់នឹងបន្ដទៅមុខទៀត ដែលធ្វើឲ្យនាងប្រឈមបាត់បង់ភាពផ្អែមល្ហែមស្នេហ៍ និងឥទ្ធិពលរបស់នាងនៅសាន់ដេនៅតែមិនទាន់ក្ដាប់ពេញដៃដូចអំណាចសុគន្ធកញ្ញា នៅហង្សមាសឡើយ ។
ថ្វីត្បិតតែសុខ ពិសី និងលោកឡាយ សុខចំរើន មិនទាន់ហ៊ានប្រកាសស្នេហាជាសាធារណៈ ឬបណ្ដើរគ្នាជាចំហម្ដងណាឡើយក្ដី ប៉ុន្ដែតាមព័តមានថានៅតាមបណ្ដារកម្មវិធីមង្គលការអ្នកស្និតស្នាល ពិសី និងថៅកែតែងតែជិះរថយន្ដជាមួយគ្នា ដោយគ្រាន់តែដល់ទីតាំងកម្មវិធីពួកគេដើរមុនឬក្រោយប៉ុណ្ណោះ ជាក់ស្ដែងដូចជាមង្គលការបុគ្គលិករបស់សាន់ដេម្នាក់កាលពីរាត្រីថ្ងៃទី២១ មីនា ក៍អ្នកទាំងពីរលេងវិធីនេះដូចមុនទៀតដែរ។តែសម្រាប់តារាប្រុសស្រីរបស់សាន់ដេពួកគេគោរពពិសី ប្រៀបបានជាម្ចាស់របស់ផលិតកម្មធំនេះជាច្រើនឆ្នាំមកហើយ បើទោះជានៅក្នុងរចនាសម្ព័ន្ធរបស់សាន់ដេពិសី គ្រាន់តែជាតារាចម្រៀងម្នាក់គ្មានតួនាទីផ្សេងទៀតក៍ដោយ។
អ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈបានសរសើរសុខ ពិសី ថានាងជានារីម្នាក់ដែលមិនជ្រួលជ្រើមទៅតាមអំណាចទឹកលុយឡើយ ព្រោះមានមន្រ្ដីធំខ្លះ និងអ្នកជំនួញគ្រាក់ៗមួយចំនួនក្នុងនោះមានទាំងឧកញ៉ាម្នាក់ដែលជាម្ចាស់ សណ្ឋាគារល្បីឈ្មោះមួយក៍បានតាមស្នេហានាងជាច្រើនឆ្នាំ តែពិសី សុខចិត្តជ្រើសផ្លូវសាងស្នេហ៍ដោយបេះដូង ពោលគឺនាងចង់បានគូស្នេហ៍ជាអ្នកដែលធ្វើការក្នុងវិស័យសិល្បៈយល់ពីអាជីពនាងច្បាស់ជាជាងស្រវ៉ាចាប់ងារជាជំទាវរស់ក្នុងទ្រុងមាស។ដោយឡែកលោកចំរើន វិញតាមព័តមានថាលោកក៍បានផាត់ចោលស្នេហ៍តារាវ័យក្មេង មួយចំនួនដែលចង់ធ្វើជាប្រពន្ធលោកដែរហើយពេលនេះលោកមិនចាប់អារម្មណ៍តារាណាផ្សេងទាំងអស់ក្រៅពីពិសី ដែរ ។ប្រភពបានឲ្យដឹងថាលោកចំរើន នឹងសម្របខ្លួនតាមពិសី គ្រប់ពេលទាក់ទងរឿងរៀបការនេះពោលគឺបើនាងចង់រៀបការពេលណាលោកនឹងOK ជានិច្ច ។ប៉ុន្ដែពិសី អាចនឹងមានការប្តូរចិត្តពីរឿងខ្លាចចូលរោងការ មកជាចង់ធ្វើជាកូនក្រមុំមែនទែនវិញ ប្រសិនបើសិស្សប្អូននាងអ៊ីវ៉ា ហ៊ានរៀបការនៅឆ្នាំ២០២៤ នេះតាមបំណងឪពុកនាងលោកអ៊ូ វ៉ាវ ព្រោះថាលោកសុខ ហេង ឪពុករបស់ពិសី ក៍ជម្រុញឲ្យកូនស្រីលោកចូលរោងការជាច្រើនឆ្នាំមកហើយដែរ ប៉ុន្ដែនាងមិនចង់។
គួរបញ្ជាក់ថាក្រោយសុខ ពិសី ប៉ះស្នេហាថៅកែសាន់ដេជាង១ទសវត្សន៍មកនេះនាងមិនធ្លាប់ចេញមុខបក ស្រាយឬបំភ្លឺរឿងមួយនេះនៅចំពោះមុខអ្នកសារព័តមានឬFan ឲ្យបានច្បាស់លាស់ម្ដងណាទេ ហើយចម្លើយរបស់នាងមានដែដដែល គឺ”ចង់ពង្រឹងអាជីពចម្រៀង ជាងគិតគូររឿងស្នេហា”។ការវាបែបនេះរបស់ពិសី ច្បាស់ណាស់ថាបុរសដែលលង់ស្នេហានាងនៅតែមានសិទ្ធិអាចចូលទៅប្រជែងដណ្ដើមយកបេះដូងស្រីស្អាតរូបនេះបានគ្រប់ពេលមុនថ្ងៃនាងចូលរោងការ។
ក្រៅពីសុខ ពិសី តារាដែលជ្រើសរើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៤ នេះមានដូចជាតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា ,យូរី និងសុខ សោម៉ាវត្តី ជាដើម ៕