Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះបុរី ១ម៉ោង ខ្ទេច១០ល្វែង

ភ្លើងឆេះផ្ទះបុរី ១ម៉ោង ខ្ទេច១០ល្វែង

ភ្នំពេញ ៖ ផ្ទះល្វែងក្នុងបុរី ១កន្លែង ដែលសង់ជាប់គ្នា ត្រូវបានអគ្គិសនីឆាបឆេះ និងរាលជាបន្តបន្ទាប់ ដោយត្រឹមរយៈពេល១ម៉ោង ភ្លើងបានឆេះខូចខាតផ្ទះ ចំនួន១០ល្វែង និងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរេសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ 19C ក្នុងបុរីពិភពថ្មីកំបូល គម្រោងទី៦ ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ បង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ហើយដោយសារតែផ្ទះនៅក្នុងបុរីសង់ជាប់គ្នា ទើបបណ្តាលឱ្យឆេះរាលឆ្លងពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងឆាប់រហ័ស ពោលគឺត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ភ្លើងបានឆេះរាលធ្វើឱ្យខូចខាតទ្រព្យ សម្បត្តិនិងសម្ភារៈក្នុងផ្ទះ ចំនួន១០ល្វែង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះល្វែងលេខ៦៥ មុនគេ ដោយឆេះនៅផ្នែកខាងក្រោយនៃផ្ទះ ហើយផ្ទះខាងលើ គឺជាផ្ទះលក់អង្ករ ដែលមានលើកយីហោ ជ្រូ ថុល។ បន្ទាប់មក ភ្លើងបានឆេះរាលទៅដល់ផ្ទះអ្នកជិតខាង ដែលសង់ជាជាប់គ្នាចំនួន ៩ល្វែងទៀត ហើយផ្ទះ ២ល្វែង គឺផ្ទះលក់អង្ករ និងផ្ទះជាប់គ្នានោះ ត្រូវបានភ្លើងឆាបឆេះទាំងនៅជាន់ផ្ទាល់ដីនិងជាន់ទី១ ចំណែក ៨ល្វែងទៀត ឆេះនៅជាន់ទី១។

ខណៈនោះ ម្ចាស់ផ្ទះទាំងអស់បានជញ្ជូនអីវ៉ាន់ចេញពីក្នុងផ្ទះបានខ្លះៗប៉ុណ្ណោះ ជាពិសេសម្ចាស់ផ្ទះលក់អង្ករ បានជញ្ជូនអង្ករចេញបានច្រើនបាវដែរ។ បន្ទាប់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌកំបូល បានចេញអន្តរាគមន៍ និងបានសុំជំនួយរថយន្តពន្លត់អគ្គិភ័យភ្លាមៗ ក្រោយមក ក៏មានរថយន្តពន្លត់អគ្គិភ័យ ជាង១០គ្រឿង ចេញទៅកាន់ទីនោះជាបន្តបន្ទាប់។

 លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បាប់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីអគ្គិភ័យខាងលើភ្លាម លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៥ គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៩ឡាន ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តជំនួយមកពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គការក្តីសង្ឃឹមថ្មី ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីពិភពថ្មីកំបូល ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យ របស់ស្នង ការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្ត ពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន  បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី តែមិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃដដែល៕

RELATED ARTICLES