Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់ដុំ...ថ្មដំ...ប...ង ចាំ...វ៉ៃ...គូ...ទំ...នាស់ ប៉ូលិសចាប់៩នាក់

កាន់ដុំ…ថ្មដំ…ប…ង ចាំ…វ៉ៃ…គូ…ទំ…នាស់ ប៉ូលិសចាប់៩នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម ប្រដាប់ដោយដំបងនិងដុំថ្មគ្រប់ដៃ បាននាំគ្នាចេញមកឈរពេញផ្លូវ បំណងចាំវាយគូសត្រូវ តែគាប់ជួនត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ប្រាប់ឱ្យបំបែកគ្នាចូលទៅដេក កុំឈរពេញផ្លូវបែបនេះទៀត រួចសមត្ថកិច្ចល្បាតបន្តល្បាតទៅមុខទៀត ស្រាប់តែមួយសន្ទុះក្រោយមក សមត្ថកិច្ចត្រឡប់មកវិញ ឃើញក្រុមក្មេងស្ទាវ មិនព្រមបំបែកហ្វូង ដោយនៅតែឈរចាំវាយគូទំនាស់ដដែល ទើបឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនោះ ចំនួន ៩នាក់ នាំយកទៅសាកសួរ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្ទាវទាំង៩នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសៀង បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះឆេង គានី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រាំស្លៀរ ឃុំត្រពាំងម្លូ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង។ ទី៣-ឈ្មោះគឿន ណៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះគឺ សុជី ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៥-ឈ្មោះម៉ិច ជំនះ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាង ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៦-ឈ្មោះធឿន ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ទី៧-ឈ្មោះណេន សុខណិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៨-ឈ្មោះឌុយ ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងទី៩-ឈ្មោះសន បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

ចំណែកវត្ថុតាងដកហូត រួមមាន ដំបងឈើ ចំនួន៤ដើម។ ដំបងទីបដែក ចំនួន៣ដើម។ ដុំថ្មចំនួន១០ដុំ។ ម៉ូតូ ២គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AT-2685 និង ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AT-4541)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឱ្យកម្លាំងតាមបណ្តាប៉ុស្តិ៍ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសផ្សេងៗ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចេញល្បាត នៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យជា ក្មេងស្ទាវ ១ក្រុម មានគ្នា ៩នាក់ ប្រដាប់ដោយដុំថ្ម ដំបងឈើគ្រប់ដៃ កំពុងតែឈរនៅលើផ្លូវ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឈប់សួរនាំ ហើយក្រុមជនក្មេងស្ទាវទាំងនោះ បានប្រាប់ថា មានក្មេងស្ទាវមួយក្រុម ជិះម៉ូតូ ៤គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានជិះឆ្លងកាត់ ហើយស្រែកជេរនិងថែមទាំងបានយកដុំថ្មគប់មកលើពួកខ្លួនទៀត រួចក៏នាំគ្នាគេចបាត់អស់ទៅ។

ប្រភពដដែល បន្តថា បន្ទាប់មក សមត្ថកិច្ចបានអប់រំណែនាំក្រុមក្មេងស្ទាវទាំង៩នាក់ ឱ្យចូលដេក ឈប់កាន់ដុំថ្មនិងដំបងឈរតាមផ្លូវបន្តទៀត ហើយសមត្ថកិច្ចបានជិះម៉ូតូល្បាតទៅមុខបន្ត។ លុះមួយសន្ទុះក្រោយមក ពេល សមត្ថកិច្ចត្រឡប់មកវិញ ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យមិនព្រមបំបែកគ្នាចូលដេក ទើបសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងស្ទាវទាំង៩នាក់ រួមនិងវត្ថុតាង មានដុំថ្ម និងដំបងឈើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្ទាវទាំង៩នាក់ខាងលើ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានយកដុំថ្ម និងដំបងឈើ ចាំវាយទៅលើក្មេងស្ទាវ ១ក្រុមទៀត ដែលបានមករករឿងជេរប្រមាថក្រុមខ្លួនប្រាកដមែន។

ក្រុមក្មេងស្ទាវខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES