Saturday, April 27, 2024
Homeព័ត៌មានជាតិកូនផ្សោត ២ក្បាល កើតថ្ងៃតែមួយ ស្លាប់១

កូនផ្សោត ២ក្បាល កើតថ្ងៃតែមួយ ស្លាប់១

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោត ទើបនឹងកើតថ្មី មួយក្បាល កាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះ ស្ថិតនៅក្នុងហ្វូងសត្វផ្សោត ចំនួន៦ក្បាលផ្សេងទៀត។

ក្នុងថ្ងៃតែមួយនេះ នៅខេត្តក្រចេះ ក្រុមការងារបានទទួលដំណឹងដ៏សោកសៅ ដោយបានប្រទះឃើញសពកូនផ្សោត ១ក្បាល ដែលបានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពី ប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានទម្ងន់១១គីឡូក្រាម ដែលទំនងជាទើបនឹងកើតបានអំឡុងពេលពី ១ទៅ២ថ្ងៃប៉ុណ្ណោះ។

តាមការសន្និដ្ឋានបឋម ការស្លាប់របស់កូនផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ នេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវ នឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជា បានទទួលកូនផ្សោតកើតថ្មីចំនួន៥ក្បាល និងមានផ្សោតស្លាប់ ចំនួន ២ក្បាល។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើចៀសវាងប្រើឧបករណ៍ឆក់ និងឧបករណ៍មងក្រឡាធំ នៅតាមអន្លង់ផ្សោត រស់នៅ។

ទន្ទឹមគ្នានេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012897943, 011355883, 099791919, 092918144 និង 017818382 ៕

RELATED ARTICLES